សង្គមអន្តរជាតិ​
អន្តរជាតិ
កើតមក​ដោយ​គ្មាន​ជើង តែ​លោក Mendoza រស់នៅ​ដោយ​ជឿជាក់​ខ្លួនឯង​
06, Jan 2019 , 10:39 pm        
រូបភាព
ដោយ: ធីតា
​លោក Alfonso Mendoza ជា​ជនអន្តោប្រវេសន៍​វេ​ណេ​ស៊ុយ​អេ​ឡា​ដែល​បាន​ទៅ​រស់នៅ​ទឹកដី​កូ​ឡុំ​ប៊ី​។ គាត់​កើតមក​ដោយ​គ្មាន​ជើង និង​ត្រូវបាន​ឪពុកម្តាយ​បោះបង់ចោល ប៉ុន្តែ​ក្នុង​ជីវិត​លោក​មិនដែល​បោះបង់​ខ្លួនឯង​នោះ ដោយ​តែងតែ​លើកឡើងថា «​ជឿជាក់​លើ​ខ្លួនឯង​»​។​

 
​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ AFP លោក Mendoza ដែល​ចង់​ឲ្យ​គេ​ហៅ​រហស្សនាម​លោក​ថា « Alca» បានលើកឡើង​ពី​ដំណើរ​ផ្សងព្រេង​ដ៏​សែន​គ្រោះថ្នាក់​ពី​វេ​ណេ​ស៊ុយ​អេ​ឡា ទៅកាន់​ទឹកដី​កូ​ឡុំ​ប៊ី​ជាមួយ​ភរិយា​របស់ខ្លួន ដោយ​លោក​ជិះ​ក្តារបន្ទះ​។ ទោះបីជា​យ៉ាងណាក៏ដោយ លោក​រីករាយ​ក្នុង​ដំណើរ​ជីវិត​របស់ខ្លួន​។​
 
«​ព្រះ​ជា​ម្ចាស់​មិនបាន​ប្រទាន​ជើង​ពីរ​ដល់​ខ្ញុំ​ក៏ពិតមែន ប៉ុន្តែ​ត្រូវបាន​ជំនួស​ដោយ​សមត្ថភាព​ជំនាញ ដូចជា​កីឡា តន្ត្រី និង​ការបង្រៀន​ព​អប់រំ​ពី​ជីវិត​។ អ្វីដែល​ព្រះ​ជា​ម្ចាស់​ផ្តល់​ឲ្យ ពិតជា​អស្ចារ្យ​ខ្លាំងណាស់​»​។ នេះ​ជាការ​លើកឡើង​របស់លោក Alca ដែល​បាន​យក​សមត្ថភាព​ជំនាញ​របស់ខ្លួន​ដើម្បី​ចិញ្ចឹម​ភរិយា និង​កូនស្រី​។​
 
 
​ពិការភាព​មិនមែនជា​ឧបសគ្គ​សម្រាប់​បុរស​វ័យ​២៥​ឆ្នាំ​រូបនេះ​ឡើយ​។ រៀងរាល់ថ្ងៃ គាត់​ជិះ​ក្តារបន្ទះ​ទៅរក​លុយ​ដោយ​ច្រៀង​រ៉េ​ប​កំដរ​អារម្មណ៍​ភ្ញៀវ​នៅលើ​រថយន្តក្រុង​។ បន្ថែម​ពីលើ​នេះ លោក​ក៏​តែងតែ​ទៅ​បង្រៀន​យុវជន​ទាក់ទង​នឹង​មេរៀន​នៃ​ជីវិត​តស៊ូ​របស់​មនុស្ស​ផងដែរ​។​
 
​ជាមួយនឹង​ក្តារបន្ទះ យុវជន Mendoza អាច​ផ្លាស់​ទី​រកលុយ​ពេញទី​ក្រុង Barranquilla ដែល​លោក និង​ភរិយា​ចាត់ទុក​ក្រុង​កំពង់ផែ​របស់​កូ​ឡុំ​ប៊ី​នេះ ជា​ដែន​កំណើត​ទី​ពីរ​របស់ខ្លួន​។ ក្នុង​មួយថ្ងៃ Mendoza អា​ចរក​ចំណូល​ត្រឡប់ទៅផ្ទះ​ប្រមាណ​ជាង​១០​ដុល្លារ​អាមេរិក ខណៈ​ចំណូល​កន្លងមក​ដែល​រកបាន​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា គឺ​ត្រឹមតែ​៣០​ដុល្លារ ប៉ុណ្ណោះ​ក្នុង​១​ខែ​។​
 
​ការសម្រេចចិត្ត​ទៅ​រស់នៅ​កូ​ឡុំ​ប៊ី ពីព្រោះ​គ្រួសារ​លោក​មិន​រំពឹងថា​រស់នៅ​បាន​សុខ​ក្នុងប្រទេស​របស់ខ្លួន​ដែលមាន​សង្គ្រាម​នោះឡើយ​។ បន្ថែម​ពីលើ​នេះ លោក​ត្រូវ​ការផ្លាស់​ប្តូរជីវិត​ឲ្យ​បាន​ប្រសើរ មុនពេល​កូនស្រី Auralys ចាប់កំណើត​។ បើតាម AFP ទា​រិ​យា Auralys បានកើត​កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៧ ។​
 
«​នៅពេលដែល​ខ្ញុំ​ដឹងថា ខ្លួន​ត្រូវ​ក្លាយជា​ឪពុក​គេ ដូច្នេះ​ខ្ញុំ​ត្រូវតែ​មក​រស់នៅ​កូ​ឡុំ​ប៊ី​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Mendoza ដោយ​អ្នកស្រី Mileidy Pena បន្ថែមថា ស្វាមី​ខ្លួន​ជា​មេ​គ្រួសារ​ដែល​បំពេញ​តួនាទី​បានល្អ​ឥតខ្ចោះ ពោលគឺ​គាត់​ឆ្លើយតបបាន​គ្រប់បែបយ៉ាង​រាល់​តម្រូវការ​គ្រួសារ​។​
 
 
Mendoza មិន​ចង់​ឲ្យ​គ្រួសារ​ជួប​ផល​លំបាក​ដូច​ខ្លួន​កាលពី​តូច​នោះឡើយ​។ លោក​ត្រូវបាន​ឪពុកម្តាយ​បោះបង់ចោល ហើយ​ក្រោយមក ស្ថិតក្រោម​ការចិញ្ចឹម​បីបាច់​របស់​ជីដូន ប៉ុន្តែ​ជីដូន​បាន​ស្លាប់​នៅពេល Mendoza អាយុ​បាន​៩​ឆ្នាំ​។​
 
​ឆ្លងកាត់​ជីវិត​ដ៏​លំបាក ដោយ​ធ្លា​ប់រង​ការរើសអើង​នៅ​សាលា Mendoza ក៏​ធ្លាប់​គិត​សម្លាប់ខ្លួន​ផងដែរ​នៅពេល​អាយុ​ដល់​១៣​ឆ្នាំ ប៉ុន្តែ​ជីវិត​របស់គេ​បែរ​ជាមាន​រស្មី​ឡើងវិញ ដោយសារ​តន្ត្រី និង​ការជួយជ្រោមជ្រែង​ពី​មិត្ត​ម្នាក់​ដែល​ជួយ​គេ​ឲ្យ​ផ្លាស់​ពី​រទេះរុញ ទៅ​ជិះ​ក្តារបន្ទះ​វិញ​។​
 
​បន្ទាប់ពី​ធ្លាប់​លក់​សំបុត្រ​សម្រាប់​កម្មវិធី​ផ្សេងៗ និង​សម្ភារ​សិប្បកម្ម​នានា Mendoza ពិនិត្យឃើញថា របរ​ច្រៀង​រ៉េ​ប​នៅលើ​រថយន្តក្រុង​សាធារណៈ នឹង​នាំ​ឲ្យ​គេ​មាន​ចំណូល​កាន់តែ​ប្រសើរ​។ «​ខ្ញុំ​មិនមាន​អ្វី​ត្រូវ​ខ្មាស​ឡើយ​ចំពោះ​ការ​ច្រៀង​នៅលើ​រថយន្ត​។ អ្វីដែល​ត្រូវ​ខ្មាស​នោះ គឺ​នៅពេលដែល​ខ្ញុំ​ទៅដល់​ផ្ទះ ហើយ​ភរិយា​ប្រាប់ថា គ្មាន​កន្ទប និង​សម្លៀកបំពាក់​សម្រាប់​កូនស្រី​របស់ខ្ញុំ​។ ខ្ញុំ​ជឿថា ជីវិត​បច្ចុប្បន្ន​របស់​ខ្ញុំ​មានការ​ប្រែប្រួល​ច្រើនណាស់ ដោយសារតែ​ទំនួល​ខុសត្រូវ​»​។​
 
 
​ជាមួយគ្នានេះ Mendoza ជា​វាគ្មិន​ដ៏​មមាញឹក​ម្នាក់​ផងដែរ ដែល​តែងតែ​ចូលរួម​ចែករំលែក​ពី​ជីវិត​តស៊ូ​របស់ខ្លួន​ជូន​ដល់​កុមារ យុវជន និង​គ្រូបង្រៀន​។ លោក​តែងតែ​ប្រាប់​អ្នកចូលរួម​ថា អាកប្បកិរិយា​វិជ្ជមាន គឺ​ត្រូវតែមាន​សម្រាប់​មនុស្ស​គ្រប់រូប​។​
 
«Believe in Yourself!» (​អ្នក​ត្រូវ​ជឿជាក់​លើ​ខ្លួនឯង​!) ជា​សារ​ណែនាំ​ដ៏​សំខាន់​របស់លោក Mendoza ទៅកាន់​អ្នកចូលរួម ជាពិសេស​ផ្អែកលើ​គំរូ​ខ្លួន​លោក​ផ្ទាល់ ដែល​ប្រឹង​តស៊ូ​ក្នុង​ឆាកជីវិត បើទោះបីជា​ព្រះ​មិនបាន​ប្រទាន​ជើង​ដល់​គេ​ក៏ដោយ​៕
 
  

Tag:
 ជីវិត​
  ពិការភាព
© រក្សាសិទ្ធិដោយ thmeythmey.com