អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រោងចក្រ​អាលុយមីញ៉ូម​វៀតណាម​រង​ផលប៉ះពាល់ ដោយសារ​ការនាំ​ចូល​ពី​ចិន
06, Jan 2019 , 10:59 pm        
រូបភាព
ដោយ:
ការ​នាំចូល​អាលុយមីញ៉ូម​ដែលមាន​តម្លៃថោក​ពី​ចិន កំពុង​បង្ក​ជា​ផលប៉ះពាល់​ដល់​បណ្តា​ក្រុមហ៊ុន​ផលិត​អាលុយមីញ៉ូម​ក្នុងស្រុក​វៀតណាម ដ្បិត​ពួកគេ​ព្រួយបារម្ភ​ថា ពួកគេ​នឹង​ពុំ​អាចមាន​សមត្ថភាព​ប្រកួតប្រជែង​ជាមួយនឹង​ការ​នាំចូល​បែបនេះ​បានឡើយ​។

 
​ដោយ​ព្រួយបារម្ភ​ថា​ពុំ​អាច​ប្រកួតប្រជែង​ជាមួយ​អាលុយមីញ៉ូម​នាំចូល​ពី​ចិន ម្ចាស់​ក្រុមហ៊ុន​ផលិត​អាលុយមីញ៉ូម​មួយ​នៅ​ទីក្រុង​ហាណូយ លោក Nguyen Hong Linh បាន​គូសបញ្ជាក់ថា លោក​ពុំ​អាច​សម្រេចចិត្ត​ក្នុងការ​ពង្រីក​ផលិតកម្ម​របស់​រោងចក្រ​លោក​ទៀតឡើយ ទោះបីជា​លោក​មាន​ធនធាន​ក៏ដោយ ។ យោងតាម​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម VnExpress លោក​បាន​បកស្រាយ​បែបនេះ​៖ «​ក្រុមហ៊ុន​ខ្ញុំ ជាមួយ​បណ្តា​ក្រុមហ៊ុន​ផលិត​អាលុយមីញ៉ូម​ផ្សេងទៀត បានចាប់ផ្តើម​កាត់បន្ថយ​ផលិតកម្ម​របស់​ពួកយើង ចាប់តាំងពី​ដើមឆ្នាំ​មកម្ល៉េះ​»​។  
 
​ជុំវិញ​រឿងនេះ អ្នកជំនាញ​បាន​ព្រមាន​ថា ចិន​អាច​នឹង​នាំចូល​ទំនិញ​តម្លៃថោកៗ​នៅក្នុង​បរិមាណ​ដ៏​ច្រើន​ទៅកាន់​ប្រទេស​វៀតណាម​។ មិន​ត្រឹមតែ​អាលុយមីញ៉ូម​ប៉ុណ្ណោះ​ទេ ចិន​ក៏​អាច​នាំចូល​ដែកថែប និង​ផលិតផល​ឧស្សាហកម្ម​ផ្សេងៗ​ទៀតផង​ដែរ ខណៈ​កំពុង​ជាប់គាំង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​អាមេរិក​។​
 
​ក្រោយពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន បាន​ផ្ទុះឡើង​ក្នុង​ឆ្នាំ​២០១៨​មក សហរដ្ឋអាមេរិក​បាន​ដំឡើង​ពន្ធ​លើ​អាលុយមីញ៉ូម​របស់​ចិន​ដែល​នាំចូល​ទៅកាន់​ទីផ្សារ​អាមេរិក ដោយបាន​អះអាងថា ការ​នាំចូល​ផលិតផល​ចិន​បាន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ក្នុងស្រុក​របស់​អាមេរិក​។ ជា​លទ្ធផល ក្រុង​ប៉េកាំង​ដែល​ក្តោប​ក្តាប់​ការផ្គត់ផ្គង់​អាលុយមីញ៉ូម​ប្រមាណ​ជាង​ពាក់កណ្តាល​នៃ​ការផ្គត់ផ្គង់​ពិភពលោក បាន​ស្វះស្វែង​ទីផ្សារ​នាំចេញ​ទៅកាន់​បណ្តា​ប្រទេសជិតខាង​ខ្លួន ក្នុងនោះ​ក៏មាន​វៀតណាម​ផងដែរ​។ 
 
​ទិន្នន័យ​ផ្លូវការ​ពី​រដ្ឋាភិបាល​វៀតណាម បង្ហាញថា ទំនិញ​ចិន​ស្មើនឹង​៣០​ភាគរយ​នៃ​ការនាំ​ចូល​អាលុយមីញ៉ូម​របស់​វៀត​ណា​ម​។ តួលេខ​នេះ​បានកើត​ឡើង​៣​ដង ក្នុង​រយៈពេល​ត្រឹមតែ​២​ឆ្នាំ​ចុង​ក្រោយនេះ​។ ហើយ​ការនាំ​ចូល​ពី​ទីផ្សារ​បរទេស​ផ្សេងទៀត ដែល​ត្រូវបាន​ស្គាល់​ថា អាលុយមីញ៉ូម​មានគុណ​ភាព​ខ្ពស់ ដូចជា អាល្លឺម៉ង់ និង​កោះ​តៃវ៉ាន់ មាន​ត្រឹមតែ​២​ភាគរយ​ប៉ុណ្ណោះ​។​
 
​យ៉ាងណាមិញ អាជ្ញាធរ​វៀតណាម កាលពី​ថ្មីៗ​នេះ បាន​បញ្ជាក់ថា  ខ្លួន​កំពុងបើក​ការស៊ើបអង្កេត​ថា តើ​ការ​នាំចូល​អាលុយមីញ៉ូម បង្ក​ផលប៉ះពាល់​ដល់​អ្នក​ផលិត​របស់​វៀតណាម​ឬ​យ៉ាងណា​នោះ​។ ខណៈ​មានការ ព្រួយបារម្ភ​ថា វៀតណាម​អាច​ក្លាយជា​ទីតាំង​បោះចោល​របស់របរ​ចាស់ៗ​របស់​ចិន​នោះ លោក Nguyen Trung Tien ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ពាណិជ្ជកម្ម​នៃ​ការិយាល័យ​ស្ថិតិ​ទូទៅ​វៀត​ណាត បាន​បញ្ជាក់ថា អាជ្ញាធរ​ពាក់ព័ន្ធ​នឹងធ្វើ​អន្តរាគមន៍​ដើម្បី​ការពារ​កុំ​ឲ្យ​រឿងនេះ​កើតឡើង​បានឡើយ​៕
 
 
 
 

Tag:
 វៀតណាម​
  រោងចក្រ​អាលុយមីញ៉ូម​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com