ភ្នំពេញ៖ ផ្ទុយពីមជ្ឈដ្ឋានមួយចំនួន ព្រួយបារម្ភពីការកំណើនវិនិយោគចិននៅកម្ពុជានោះ លោក សុខ ទូច មើលឃើញពីភាពវិជ្ជមាននៃការវិនិយោគចិននេះ។ សម្រាប់លោក សុខ ទូច ការវិនិយោគចិន គឺជាផ្នែកមួយនៃដំណើរការអភិវឌ្ឍប្រទេស ពោលគឺគ្មានអ្វីដែលគួរឲ្យព្រួយបារម្ភឡើយ។ ប្រធានរាជបណ្ឌិត្យរូបនេះ ក៏បានស្តីបន្ទោសឲ្យអ្នកវិភាគលើបញ្ហាចិននេះផងដែរ។
អ្នកវិភាគនិងរិះគន់ចំពោះការវិនិយោគចិននៅកម្ពុជានេះ គឺមិនមែនសុទ្ធតែត្រឹមត្រូវនោះទេ។ នេះជាការលើកឡើងរបស់លោក សុខ ទូច ដែលចាត់ទុកការសម្តីអ្នកវិភាគទាំងនោះ ជាការព្រួយបារម្ភជ្រុលហួសពេក។ ប្រធានរាជបណ្ឌិត្យសភារូបនេះ យល់ឃើញថា ការវិនិយោគចិននៅកម្ពុជា គ្មានចំណុចណាដែលគួរឲ្យព្រួយបារម្ភឡើយ ដរាបណាក្រសួងមហាផ្ទៃ នៅអនុវ
ត្តច្បាប់លើជនបរទេស។ ត្រង់ចំណុចនេះលោក សុខ ទូច ចង់បានន័យថា គ្មានវិនិយោគិនបរទេសណា អាចបំផ្លាញសន្តិសុខកម្ពុជាបានឡើយ ព្រោះកម្ពុជាមានច្បាប់អនុវត្តត្រឹមត្រូវ។
ថ្លែងក្នុងបឋកថាមួយ ស្តីពី «រដ្ឋាភិបាលដើមស្រល់» ដែលរៀបចំឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី០៥ ខែមករា ប្រធានរាជបណ្ឌិត្យសភារូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«សូមឲ្យអ្នកវិភាពពិនិត្យ ពិចារណាឡើងវិញ ចេះតែបារម្ភចិនបែបនេះ ចិនបែបនោះ មានចិនប៉ុន្មាននាក់កាន់អត្តសញ្ញាប័ណខ្មែរ លិខិតឆ្លងដែនខ្មែរ បើមិនទាន់មានគឺគ្មានសិទ្ធទិញដីទេ គឺមានសិទ្ធិទិញចាប់ពីជាន់ទី១ទៅ ។ដូច្នេះកុំកង្វល់ (យើងមាន)ច្បាប់ ច្បាប់»។
សម្រាប់លោក សុខ ទូច ការវិនិយោគចិនយ៉ាងគំហុកនៅកម្ពុជា គឺជាផ្នែកមួយនៃដំណើរការអភិវឌ្ឍប្រទេស ពោលគឺមិនដូចចិនដែលមកកាន់កម្ពុជា កាលពីអតីតកាល ដែលនាំយកមនោគមន៍វិជ្ជាមកឲ្យកម្ពុជានោះទេ។
«ចិនមកលើកទី១ ចិនហែលទឹក ហែលមកទើនៅកន្លែងណា រស់នៅកន្លែងហ្នឹង ជាពិសេសអ្នកកំពង់ចាមពាក់កណ្ដាលសុទ្ធតែចិន ហែលទឹកមក។ ដំណាក់កាលទី២ចិនយកមនោគមវិជ្ជាមកដាក់ ឆ្នាំ១៩៧៥ ដល់ ១៩៧៩ ចិនយកមនោគមវិជ្ជាមកដាក់ គឺមនោគម ម៉ៅ ប៉ុន្តែសម័យសតវត្សទី២១ សម័យតេជោ សែន ចិនមិនមែនយកទាំងអស់នឹងមកដាក់នោះទេ។ ចិនមកយកផ្ទះ៤០ជាន់ ៦០ជាន់ ៣០ជាន់ ហើយកុំសង្ឃឹមថាចិនយួរយកទៅវិញ យួរទៅមិនរួចទេ។ប៉ុន្តែ(ចិន)ត្រូវអនុវត្តច្បាប់ ក្រសួងមហាផ្ទៃ»។នេះជាការលើកឡើងរបស់លោក សុខ ទូច ដែលបានយកករណីចិននៅកម្ពុជា ទៅប្រៀបធៀបប្រទេសដទៃថា ប្រទេសក្នុងពិភពលោកគឺមានជនជាតចិនស់នៅទាំងអស់ មិនថាសហរដ្ឋអាមេរិក, ម៉ាឡេស៊ី និងថៃ ក៏មានចិនដែរ។
កន្លងមកមានអ្នកវិភាគមួយចំនួន លើកឡើងថា ប្រជាជនកម្ពុជានឹងក្លាយជាជនជាតិភាគតិចនាពេលខាងមុខ តាមរយៈការវិនិយោគ និងលំហូរជនជាតិចិនរស់នៅកម្ពុជា។ ប៉ុន្តែការលើកឡើងនេះ ត្រូវបានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុកលើកឡើងទាំងនោះ ជាការញុះញង់។
មជ្ឈមណ្ឌលសិក្សាចិនបានសរសេរថា៖ «ការលើកឡើងពីការព្រួយបារម្ភខាងលើ មានចរិតញុះញង់ និងបង្កឱ្យមានភាពចលាចលសង្គម ដើម្បីបង្វែរវិនិយោគចិន ឱ្យងាកទៅរកប្រទេសជិតខាង។ ការញុះញង់នេះ អាចរងឥទ្ធិពលល្បិចរបស់ប្រទេសជិតខាង ឬប្រទេសដែលមិនចង់ឱ្យកម្ពុជាមានការរីកចម្រើន។
រយៈពេល២ឆ្នាំចុងក្រោយនេះ សន្ទុះវិនិយោគិនចិន បានសម្រុកមករកស៊ីយ៉ាងគំហុកនៅកម្ពុជា ដែលមានដល់ទៅពាន់គម្រោងក្នុងមួយឆ្នាំៗ ហើយភាគច្រើនលើវិស័យអចលនទ្រព្យ និងសំណង់ ក្រៅពីវិស័យកាត់ដេរ វាយនភណ្ឌ។ ចំពោះលំហូរវិនិយោគចិនច្រើននេះ វាគឺជារឿងមួយល្អ សម្រាប់ចរន្តសេដ្ឋកិច្ចក្នុងប្រទេស។ នេះបើនិយាយផ្អែកទៅលើទស្សនសេដ្ឋកិច្ច។ ប៉ុន្តែបើពិនិត្យមើលទៅលើភាពអវិជ្ជមាននៃការវិនិយោគនេះវិញ វាក៏មានបញ្ហាគួរឲ្យកត់សម្គាល់ផងដែរ។
សហស្ថាបនិកនៃវិទ្យាស្ថានកម្ពុជា សម្រាប់ការសិក្សាយុទ្ធសាស្ត្រ លោក ឈាង វណ្ណារិទ្ធិ មើលឃើញថា ការវិនិយោគចិននេះ មិនទាន់ផ្ដល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាច្រើននោះទេ ដោយសារពួកគេនាំចូលកម្មករជំនាញមកពីប្រទេសចិន ហើយខ្វះតម្លាភាព និងការចែករំលែកចំណេះជំនាញដល់កម្មករ ក៏នៅមានកម្រិតទាប។ ជាពិសេសបញ្ហាវិនិយោគចិន ដែលផ្ដោតលើកាស៊ីណូ ហើយនាំផលអវិជ្ជមានដល់កម្ពុជា។
ដើម្បីទប់ស្កាត់ផលអវិជ្ជមាននៃការវិនិយោគចិននេះ រដ្ឋាភិបាល ត្រូវរៀបចំវិធានការ និងយុទ្ធសាស្ត្រទប់ស្កាត់ការវិនិយោគបរទេសឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យជះឥទ្ធិពលអាក្រក់ក្នុងប្រទេសនាពេលខាងមុខ។
បច្ចុប្បន្ននេះ មានប្រទេសមួយចំនួនដូចជា ញូវហ្សឺលែន ម៉ាឡេស៊ីជាដើម បានទប់ស្កាត់ការវិនិយោគចិន ក្នុងប្រទេសរបស់ពួកគេ ដោយសារតែពួកគេយល់ឃើញថា ការវិនិយោគចិនមួយចំនួន បាននាំឲ្យមានការផ្ទុះឡើងតម្លៃអចលនទ្រព្យ ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្វះលទ្ធភាព ក្នុងវិស័យនេះ។ ជាពិសេសបញ្ហាបង្កអនាធិបតេយ្យផ្សេងៗទៀត ដែលកើតចេញពីការវិនិយោគ និងលំហូរជនជាតិចិនក្នុងប្រទេស តាមរយៈការវិនិយោគនេះ។
សម្រាប់លោក ឈាង វណ្ណារិទ្ធិ កម្ពុជាក៏ត្រូវរៀនសូត្រពីប្រទេសទាំងនោះ ដើម្បីទប់ស្កាត់ភាពអវិជ្ជមាននៃការវិនិយោគរបស់ចិននេះ ដែលធ្វើយ៉ាងណាកុំឲ្យប៉ះពាល់សេដ្ឋកិច្ច និងជីវភាពប្រជាជនកម្ពុជា៕