ជាតិ
​​​ន​យោ​បាយ​ជាតិ​
ថ្ងៃ​៧​មករា មេដឹកនាំ​ខ្មែរ រម្លឹក​គុណសម្បត្តិ​វៀតណាម
07, Jan 2019 , 10:00 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​ និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់​សុន្ទរកថា​កម្រាស់​ជាង​១០ទំព័រ ឡើងទៅ​អាន​នៅ​ចំពោះមុខ​អ្នកចូលរួម ក្នុង​ទិវា​អបអរសាទរ​ថ្ងៃ​៧​មករា​លើក​ទី​៤០ នៅ​ពហុ​កីឡដ្ឋាន​អូឡាំពិក នា​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩​នេះ​។


 
​ក្នុង​សុន្ទរកថា​ដ៏​វែង​នោះ ក៏មាន​រៀបរាប់​ពី​គុណសម្បត្តិ​របស់​ភាគី​វៀ​តណាម​ផងដែរ​។ នាយករដ្ឋមន្ត្រី បានប្រាប់មហាជនថា ជ័យជម្នះ​៧​មករា ១៩៧៩ សម្រេចបាន​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការ​គួបផ្សំ​យ៉ាង​ស្អិតល្មួតរវាង​កម្លាំង​ពីរ គឺកម្លាំង​មហា​សាមគ្គី​ជាតិ​របស់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ការជួយឧបត្ថម្ភ​យ៉ាង​ធំធេង ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ពី​សំណាក់​កងទ័ព​ស្ម័គ្រចិត្ត​របស់​វៀតណាម​។  


 
​ប្រមុខ​រដ្ឋាភិបាល បានថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ឈរលើ​មូលដ្ឋាន​នេះ ក្នុងនាម​ប្រជាជន​កម្ពុជា ខ្ញុំព្រះករុណាខ្ញុំ សូម​ថ្លែងអំណរគុណ​ជា​អនេកប្បការ​ ជូន​ចំពោះ​បក្ស​កុម្មុយនីស្ត​វៀតណាម ក៏ដូចជា​ជូន​ចំពោះ​រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​វៀតណាម ដែល​បាន​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់រ​ណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក្នុង​ការតស៊ូ​រំដោះប្រទេស​ និង​ប្រជាជន​កម្ពុជា ​ពី​របប​ប្រល័យពូជសាសន៍ និង​បាន​បន្ត​ជួយ​ទប់ស្កាត់មិន​ឲ្យ​របប​នេះ វិលត្រឡប់​មកវិញ​បាន​។ គុណូបការៈ​ដ៏​ថ្លៃថ្លា​នេះ ត្រូវបាន​ចារ​ទុកជា​និច្ច​នៅក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​កម្ពុជា​»​។ 


 
​ក្រៅពីនេះ មេដឹកនាំ​កម្ពុជា បាន​បរិយាយ​ជាច្រើន​ពី​ដំណើរ​នៃ​ការផ្តួលរំលំ​របប​ខ្មែរក្រហម និង​ការចាប់​ផ្តើមកសាង​ប្រទេស​ឡើងវិញ ពី​បាត​ដៃទទេ​។ ប្រធាន​គណបក្សកាន់អំណាច បានលើកឡើង​ជាថ្មី​ថា​៖«​ប្រជាជន​កម្ពុជា បាន​ប្រសិទ្ធ​នាម​ថា ថ្ងៃទី​៧​មករា គឺជា​ថ្ងៃកំណើត​ទី​ពីរ​។ បើ​គ្មាន​ជ័យជម្នះ​៧​មករា ក៏​យើង​គ្មានអ្វីៗ នៅថ្ងៃនេះ​ដែរ​។ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ ដែល​គ្មាន​ជន​ណា​ឬ​កម្លាំង​ណា អាចមក​បំភ្លៃ​ឬ​បំផ្លាញ​បានឡើយ​»​។ 


 
​ទោះជា​ថ្នាក់ដឹកនាំ​និង​មន្ត្រី​រដ្ឋាភិបាល រួមផ្សំ​នឹង​មន្ត្រី​គណបក្សកាន់អំណាច តែង​បកស្រាយ​ប្រវត្តិសាស្ត្រ ដើម្បី​បញ្ជាក់ថា វៀតណាម ពិតជា​មានគុណ​បំណាច់​ក្នុង​ការជួយ​រំដោះប្រទេស​កម្ពុជា​ចេញពី​របប​ខ្មែរក្រហម​យ៉ាងណាក៏ដោយ ក៏​មជ្ឈដ្ឋាន​មួយចំនួន ជាពិសេស​ក្រុម​អ្នកប្រឆាំង នៅតែ​មិនអាច​ទទួលយកបាន​។ ពួកគេ នៅតែ​ប្រកែក​ថា ថ្ងៃ​៧​មករា ១៩៧៩ មិនមែន​ថ្ងៃ​ដែល​វៀតណាម ចូល​មកជួយ​កម្ពុជា​នោះទេ តែ​ជា​ថ្ងៃ ដែល​វៀតណាម ចូលមក​ឈ្លានពាន​។ 
 
​ចំណែក​សំណាក់​អ្នកសិក្សា​ស្រាវជ្រាវ និង​អ្នកប្រវត្តិសាស្ត្រ ព្រមទាំង​អ្នកតាមដាន​បញ្ហា​សង្គម​ឯណោះ​វិញ ប្រឹង​អំពាវនាវ​ជារឿយៗ កុំ​ឲ្យ​អ្នកនយោបាយ​ទាំងពីរ​បក្ស បន្ត​ឈ្លោះ​គ្នា​និង​វាយប្រហារ​គ្នា ពី​រឿង​៧​មករា​នេះ​។ ក្រុម​នេះ ចង់​ឲ្យ​អ្នកនយោបាយ ស្វែងរក​ចំណុចរួម​ណាមួយ​ដែលមាន​ការទទួល​ប្រវត្តិសាស្ត្រ​អំពី​ថ្ងៃ​៧​មករា​នេះ​ទាំងអស់​៕ 
 

Tag:
 ៧​មករា​
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com