ជាតិ
​​​ន​យោ​បាយ​ជាតិ​
៧​មករា​៖ អ្នកប្រឆាំង​ថា វៀតណាម​ចូល​ឈ្លានពាន ឯ​អ្នកកាន់អំណាច ថា​ចូល​មកជួយ
07, Jan 2019 , 1:00 pm        
រូបភាព
លោក សម រង្ស៊ី ថ្លែងក្នុងសន្និសីទនៅអាមេរិក កាលពីដើមខែធ្នូ ឆ្នាំ២០១៨ ក្រោយលោក ត្រូវបានស្នើឲ្យឡើងកាន់តំណែងជាប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ថ្លែងក្នុងសន្និសីទនៅអាមេរិក កាលពីដើមខែធ្នូ ឆ្នាំ២០១៨ ក្រោយលោក ត្រូវបានស្នើឲ្យឡើងកាន់តំណែងជាប្រធានស្តីទីនៃអតីតគណបក្សសង្គ្រោះជាតិ



​គ្មាន​ឡើយ​គុណសម្បត្តិ​នៃ​ថ្ងៃ​៧​មករា នៅក្នុង​ក្រសែភ្នែក​របស់​ក្រុមមនុស្ស​ដែល​មិន​គាំទ្រ​រដ្ឋាភិបាល ជាពិសេស​ក្រុម​អ្នកប្រឆាំង​។ ពួកគេ បាន​បញ្ចេញមតិ​ផ្សេងៗ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុងន័យ​រិះគន់​និង​ចំអក​ឲ្យ​ថ្ងៃ​៧​មករា ស្របពេល​គណបក្សកាន់អំណាច និង រដ្ឋាភិបាល​កម្ពុជា កំពុង​ប្រារព្ធ​ពិធី​អបអរ​សាទរ​យ៉ាងឱឡារិក។ 
  
​លោក សម  រង្ស៊ី ដែល​ទើបនឹង​ឡើងកាន់តំណែង​ជា​ប្រធានស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រឹមតែ​មិន​ឲ្យ​តម្លៃ​ថ្ងៃ​៧​មករា​នោះទេ តែ​លោក ថែមទាំង​វាយប្រហារ​ថែមទៀត​។  លោក បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«៧​មករា​១៩៧៩  លោក ហ៊ុន សែន ត្រូវបាន​បន្តុប​ឲ្យ​ធ្វើជា​មេដឹកនាំ ដោយ​កងទ័ព​វៀតណាម​ឈ្លានពាន​»​។​
 
​ចំណែក លោក អេង ឆៃអ៊ាង អនុប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហោះ​រូប​ពីអតីតកាលមួយ​សន្លឹក ដែល​រូបនោះ មាន​មេដឹកនាំ​កម្ពុជា ដូចជា​សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និង សម្តេច ហ៊ុន សែន ជាដើម ដោយ​អម​ជាមួយនឹង​សារ​បដិសេធ​ថ្ងៃ​៧​មករា​។ លោក បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖«​ម្ចាស់​នៃ​ថ្ងៃ​៧​មករា​១៩៧៩ មិនមែន​មនុស្ស​នៅក្នុង​រូបថត​នេះ​ទេ គឺ វៀតណាម​។ មនុស្ស​ទាំងអស់នេះ គ្រាន់តែ​ជា​តួអង្គ ដែល​វៀតណាម​លើក​បន្តុប​....»​។​
 
​ដោយឡែក លោក គឹម សុខ អ្នកវិភាគ​នយោបាយ ដែល​បាន​ភៀសខ្លួន​ទៅ​រស់នៅក្នុង​ប្រទេស​ហ្វាំ​ង​ឡង់ ក៏​បង្ហាញ​ទស្សន​អវិជ្ជមាន​ចំពោះ​ថ្ងៃ​៧​មករា​ដែរ​។ លោក បានសរសេរថា​៖«​ថ្ងៃទី​៧​មករា​១៩៧៩ ត្រូវ​ប្រជារាស្ត្រ​ខ្មែរ​ភាគច្រើន​និង​មជ្ឈដ្ឋាន​ប្រទេស​សេរី មើលឃើញថា​ជា​ថ្ងៃ​ដែល​កងទ័ព​វៀត​ណាមប្រមាណ​២០​ម៉ឺន​នាក់ លើក​មក​លុកលុយ​កម្ពុ​ជា​»​។​
 
​ទោះជា​មេដឹកនាំ​នៃ​អតីត​គណបក្សប្រឆាំង​និង​អ្នកវិភាគ មើលមិនឃើញ​តម្លៃ​យ៉ាងណាក៏ដោយ តែ​ថ្ងៃ​៧​មករា​នេះ មានន័យ​ជ្រាលជ្រៅ​ណាស់​សម្រាប់​រដ្ឋាភិបាល​និង​គណបក្សកាន់អំណាច​។
 
​ក្នុង​ពិធី​អបអរសាទរ​ថ្ងៃ​៧​មករា​លើក​ទី​៤០​នេះ សម្តេច ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​ប្រជាជន​កម្ពុជា បាន​ប្រសិទ្ធ​នាម​ថា ថ្ងៃទី​៧​មករា គឺជា​ថ្ងៃកំណើត​ទី​ពីរ​។ បើ​គ្មាន​ជ័យជម្នះ​៧​មករា ក៏​យើង​គ្មានអ្វីៗ នៅថ្ងៃនេះ​ដែរ​។ នេះ​ជា​សច្ចធម៌​ប្រវត្តិសាស្ត្រ ដែល​គ្មាន​ជន​ណា​ឬ​កម្លាំង​ណា អាចមក​បំភ្លៃ​ឬ​បំផ្លាញ​បានឡើយ​»​។​
 
​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏​មិន​ភ្លេច​ដែរ​ពី​គុណបំណាច់​របស់​វៀតណាម​។ មេដឹកនាំ​កម្ពុជា បានលើកឡើង​បែបនេះ​ថា​៖«​ឈរលើ​មូលដ្ឋាន​នេះ ក្នុងនាម​ប្រជាជន​កម្ពុជា ខ្ញុំព្រះករុណាខ្ញុំ សូម​ថ្លែងអំណរគុណ​ជា​អនេកប្បការ ជូន​ចំពោះ​បក្ស​កុម្មុយនីស្ត​វៀតណាម ក៏ដូចជា​ជូន​ចំពោះ​រដ្ឋាភិបាល កងទ័ព និង​ប្រជាជន​វៀតណាម ដែល​បាន​ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់រ​ណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក្នុង​ការតស៊ូ​រំដោះប្រទេស និង​ប្រជាជន​កម្ពុជា ពី​របប​ប្រល័យពូជសាសន៍ និង​បាន​បន្ត​ជួយ​ទប់ស្កាត់​មិន​ឲ្យ​របប​នេះ វិលត្រឡប់​មកវិញ​បាន​។ គុណូបការៈ​ដ៏​ថ្លៃថ្លា​នេះ ត្រូវបាន​ចារ​ទុកជា​និច្ច​នៅក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​កម្ពុជា​»​។ 
 
​រីឯ​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្សកាន់អំណាច អះអាងថា បើ​គ្មាន​ការជួយ​អន្តរា​គម​ន៏​ទាន់ពេលវេលា​ពី​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម​នោះទេ ប្រជាជន​កម្ពុជា ពិតជា​មិនអាច​រួច​ជីវិត​និង​បាន​បង្កើត​កូនចៅ​ត​ជំនាន់​មកដល់​សព្វថ្ងៃ​នេះឡើយ​។ លោក បាន​សរសេរ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​យ៉ាង​ដូច្នេះ​ថា​៖«​ប្រជាជន​កម្ពុជា​ទាំង​១៦​លាន​នាក់ គ្មាន​ពេល​បំភ្លេច​ថ្ងៃជា​សច្ចធម៌​ប្រវត្តិសាស្ត្រ​នេះ​បានជា​ដាច់ខាត  ទោះ​ក្នុង​កាល​:​ទេស​:​ណាក៏ដោយ​»​។ 
 
​អ្នកនាំពាក្យ​រូបនេះ បន្តថា អ្នក​ដែល​ប្រឆាំងនឹង​ថ្ងៃ​៧​មករា មាន​តិចតួច​បុ​ណ្ណោះ ហើយ​លោក ចាត់ទុកថា ជា​រឿង​ធម្មតា​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។ លោក សង្កត់​ថា​៖«​អ្នកភាគតិច គ្មាន​ឥទ្ធិពល​អ្វី​មក​ទប់ស្កាត់​ការគាំទ្រ​ថ្ងៃ​៧​មករា​របស់​ប្រជាជន​កម្ពុជា នៅ​ទូទាំងប្រទេស​បានឡើយ​»៕
      
 

Tag:
 ៧​មករា​
© រក្សាសិទ្ធិដោយ thmeythmey.com