ជាតិ
សង្គមជាតិ
ក្រុមហ៊ុនព្រមដំឡើងប្រាក់ខែ១៥ដុល្លារបន្ថែម ដល់អ្នកប្រមូលសំរាមក្នុងរមណីយដ្ឋានអង្គរ កម្មករប្រមូលសំរាម ក្រុមហ៊ុនវីហ្រ្គីន កំពុងបារស្លែចេញពីកសិន្ធុ ប្រាសាទបាគង អំឡុងខែ មេសា ឆ្នាំ២០១៨
× សៀមរាប៖ នៅទីបញ្ចប់ ការតវ៉ាសុំដំឡើងប្រាក់ខែ របស់ក្រុមកម្មករប្រមូលសំរាមររបស់ក្រុមហ៊ុន វីហ្គ្រីន ទទួលបានដំណោះស្រាយហើយ ពោលភាគីក្រុមហ៊ុន បានសម្រេចដំឡើងប្រាក់ខែចំនួន ១៥ដុល្លារបន្ថែមទៀតដល់បុគ្គលិកទាំងអស់។ ការព្រមព្រៀងនេះ ធ្វើឡើងក្នុងជំនួបលើកទី២ នាព្រឹកថ្ងៃទី៧ មករា រវាងតំណាងកម្មករ សហជីព ក្រុមហ៊ុន រួមនិងអាជ្ញាធរ។
លោក ហួត សុធី ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលជាអ្នកសម្របសម្រួលឱ្យមានដំណោះស្រាយខាងលើ បានប្រាប់សារព័ត៌មានថ្មីៗនៅរសៀលថ្ងៃទី៧ មករា ឆ្នាំ២០១៩ថា ភាគីទាំងអស់បានយល់ព្រម និងយោគយល់ចំពោះការដំឡើងប្រាក់ខែខាងលើ។ លោកពន្យល់ថា៖« ដោយសារក្រុមហ៊ុន វីហ្គ្រីន ទើបនឹងដេញថ្លៃប្រមូលសំរាមបាននៅដើមឆ្នាំ២០១៩នេះ ហើយភ្លាមៗពេលមានការតវ៉ាសុំដំឡើងប្រាក់ខែអីចឹង ខាងគាត់ក៏ពិបាកដែរ។ ដូច្នេះទើបខាងក្រុមហ៊ុនសុំយោគយល់ ហើយថាបើឆ្នាំក្រោយ បើដេញបានទៀត ក្រុមហ៊ុននឹងដំឡើងខ្ពស់ជាងនេះ អាចពី២០ ទៅ២៥ដុល្លារ តាមការចរចាជាក់ស្ដែង»។ តាមការបញ្ជាក់របស់លោក ហួត សុធី ការដំឡើងនេះចាប់ផ្តើមអនុវត្តន៍ពីខែ មករាតទៅ។
គួរបញ្ជាក់ថា ក្រុមហ៊ុន វីហ្គ្រីន ជាក្រុមហ៊ុនឯកជន ដែលគ្រប់គ្រងការប្រមូលសំរាមតាមតំបន់ប្រាសាទ និងតំបន់សំខាន់ៗមួយចំនួនក្នុងខេត្តសៀមរាប។ ក្រុមហ៊ុននេះមានកម្មករជាង ៥០០នាក់ ហើយពួកគេទទួលបានប្រាក់ខែ ចន្លោះពី ៨០ទៅជាង ២០០ដុល្លារ ទៅតាមពេលវេលា និងមុខតំណែងរៀងៗខ្លួន៕
Tag:
កម្មករ
សំរាម
រមណីយដ្ឋានអង្គរ
សៀមរាប
ប្រាក់ខែ
© រក្សាសិទ្ធិដោយ thmeythmey.com