ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការសិក្សា​៖​នារី​វ័យ​ជំទង់​ប្រើប្រាស់​បណ្តាញ​សង្គម​ច្រើន​ម៉ោង ងាយ​កើត​ជំងឺ​បាក់​ទឹកចិត្ត​ជាង​បុរស​
08, Jan 2019 , 8:39 am        
រូបភាព
ដោយ:
​នា​វី​ជំទង់​ដែល​ចំណាយពេល​ច្រើន​ម៉ោង​លើ​បណ្តាញ​សង្គម មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការកើត​ជំងឺ​បាក់​ទឺ​ក​ចិត្ត ជាង​មនុស្ស​ប្រុស​។ នេះ​បើ​យោងតាម​ការសិក្សា​មួយ ដែល​បានចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី​វេជ្ជសាស្ដ្រ EClinicalMedicine កាលពី​ថ្ងៃទី​៣ មករា ឆ្នាំ​២០១៩​។

 
​ក្រុម​អ្នកស្រាវជ្រាវ ដឹកនាំ​ដោយ​លោកស្រី Yvonne Kelly សាស្ត្រាចារ្យ​មកពី​សកល​វិទ្យាល័យ College London (UCL) ក្នុង​ចក្រភព​អង់គ្លេស បាន​រកឃើញថា ស្ទើ​តែ​៤០​ភាគរយ​នៃ​មនុស្ស​ស្រី ដែល​ចំណាយពេល​ច្រើនជាង ៥​ម៉ោង​ក្នុង​មួយថ្ងៃ​លើ​បណ្តាញ​សង្គម​នោះ បង្ហាញ​អាកា​រៈ​នៃ​ជំងឺ​បាក់​ទឹកចិត្ត (depression) ។ ខណៈដែល​ភាគរយ​នៃ​ហានិភ័យ​សម្រាប់​ការកើត​ជំងឺ​បាក់​ទឹកចិត្ត មាន​កម្រិត​ទាប សម្រាប់​មនុស្ស​ប្រុស ពោល​គឺមាន​ចំនួន​តិចជាង ១៥​ភាគរយ​តែប៉ុណ្ណោះ​។ 
 
​យោងតាម​ការសិក្សា​ខាងលើនេះ មនុស្ស​ស្រី​ប្រមាណ​២​ភាគ​៥ បាន​រង​ការរំលោភបំពាន​តាម​ប្រព័ន្ធ​អន​ឡាញ ឬ​ការគំរាមកំហែង​តាម​ប្រព័ន្ធ​អន​ឡាញ បើ​ធៀប​ទៅនឹង​មនុស្ស​ប្រុស​មាន​ត្រឹម​១​ភាគ​៤​ប៉ុណ្ណោះ​។ មួយវិញទៀត មនុស្ស​ស្រី​ប្រមាណ​៤០​ភាគរយ ទទួលទានដំណេក​មិន​គ្រប់គ្រាន់ ព្រោះតែ​ទម្លាប់​ប្រើប្រាស់​បណ្តាញ​សង្គម ខណៈដែល​មនុស្ស​ប្រុស​មាន​ត្រឹមតែ ២៨​ភាគរយ​ប៉ុណ្ណោះ​លើ​ករណីនេះ​។ 
 
​បើ​ធៀប​ទៅនឹង​មនុស្ស​ប្រុស មនុស្ស​ស្រី​ហាក់​មាន​ភាព​ខ្មាសអៀន​ច្រើន និង​មិនសូវ​ពេញចិត្ត​នឹង​រូបរាងកាយ​របស់ខ្លួន ជាពិសេស មុខមាត់ និង​ទម្ងន់​របស់​ពួកគេ​ជាដើម​។ ការស្រាវជ្រាវ​នេះ បានធ្វើ​ឡើង​ដោយ​ផ្អែកលើ ការសម្ភាស​ជាមួយ​ក្មេងស្រី​វ័យ​១៤​ឆ្នាំ​ប្រមាណ​ជាង ១១ ០០០​នាក់ ដែល​កំពុង​ចូលរួម​នៅក្នុង​ការសិក្សា​ឈ្មោះថា Millennium Cohort​។ មែនទែនទៅ វា​ជា​គម្រោង​ស្រាវជ្រាវ​ដ៏​សំខាន់​មួយ ដែលមាន​គោលដៅ​សិក្សា​ឈ្វេងយល់​ពី​ជីវិត​របស់​កុមារ​។ 
 
​ជាមួយគ្នានេះ ក្រុម​អ្នកស្រាវជ្រាវ​នេះ បាន​អះអាងថា ការរកឃើញ​ទាំងនេះ គឺមាន​ភាពចាំបាច់​សម្រាប់​ការអភិវឌ្ឍ​គោលនយោបាយ​ស្តីពី​ផែនការ​សម្រាប់​សុវត្ថិភាព​នៃ​ការប្រើប្រាស់​បណ្តាញ​សង្គម និង​ជំរុញ​ឲ្យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​នានា ពង្រឹង​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​បន្ថែមទៀត​លើ ពេលវេលា​ប្រើប្រាស់​បណ្តាញ​សង្គម​សម្រាប់​មនុស្ស​វ័យក្មេង​។  
 
​យ៉ាងណាមិញ ក្រុម​អ្នកស្រាវជ្រាវ​ដដែល​នេះ បានបញ្ជាក់​ទៀតថា ដំណើរការ​ជា​មូលដ្ឋាន​នៃ​បាតុភូត​នេះ ពុំទាន់​ត្រូវបាន​គេ​ឈ្វេងយល់​ច្បាស់លាស់​នៅឡើយ​ទេ​។ ត្រង់ចំណុច​នេះ លោក Simon Wessely សាស្ត្រាចារ្យ​ផ្នែក​ចិត្តសាស្ត្រ​នៃ​វិទ្យាស្ថាន Psychiatry ចក្រភព​អង់គ្លេស បានបញ្ជាក់​ប្រាប់​កាសែត​ក្នុងស្រុក​អង់គ្លេស The Guardian ថា ក្រុម​អ្នកស្រាវជ្រាវ​ទាំងនោះ នៅ​មិនទាន់​អាច​និយាយ​ឲ្យ​ច្បាស់​ទេ​ថា បណ្តាញ​សង្គម​បាន​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត ទោះបីជា​ភស្តុតាង​កំពុង​ចាប់ផ្តើម​ចង្អុល​ទៅតាម​ទិសដៅ​នោះ​ក៏ដោយ​ក្តី​៕
 

Tag:
 ការសិក្សា​
  សុខភាព​ផ្លូវចិត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com