ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វ៉ា​វ​! ស្មាន​មិន​ដល់​សោះ​ថា ការទទួល​ទាន “​អយ​ស្ទ័​រ​” ប្រសើរ​យ៉ាងនេះ​ចំពោះ​សុខភាព​
08, Jan 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អយ​ស្ទ័​រ ជា​ប្រភេទ​អាហារ​សមុទ្រ​ម្យ៉ាង​ដែល​កំពុង​ពេញនិយម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ជាច្រើន ហើយ​អាច​យកមក​ទទួលទាន​ទាំង​ឆៅ ឬ​ចម្អិន​តាមរបៀប​ផ្សេងៗ​។  ភាគច្រើន​នៃ​ពួកយើង​ក៏​ប្រាកដជា​ស្គាល់ និង​ធ្លាប់​ទទួលទាន​វា​រួចមកហើយ ប៉ុន្តែ​ប្រហែលជា​មិន​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​នៃ​អាហារ​សមុទ្រ​មួយ​នេះ​ចំពោះ​សុខភាព​ឡើយ​។ 


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ផល​ល្អៗ​នៃ​ការ​ទទួលទាន​អយ​ស្ទ័​រ ៖

១. ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស័ង្កសី​ច្រើនជាង​អាហារ​សមុទ្រ​ដទៃទៀត​
 
​ជាតិ​ស័ង្កសី គឺ​ចាំបាច់​ណាស់​សម្រាប់​ការលូតលាស់​បាន​ត្រឹមត្រូវ​, ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ក៏ដូចជា​ជួយ​ឱ្យ​របួស​ឆាប់​ជាសះស្បើយ​។​
 
២. បង្កើន​សុខភាព​បេះដូង​
 
​នោះ​ក៏​ព្រោះតែ​អយ​ស្ទ័​រ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣, ប៉ូ​តា​ស្យូ​ម និង​ម៉ាញ៉េ​ស្យូ​ម​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ ជំងឺ​គាំងបេះដូង​, ដាច់​សរសៃឈាម​ខួរក្បាល និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​
 
៣. បង្កើន​សុខភាព​ផ្លូវភេទ​
 
​បរិមាណ​នៃ​ជាតិ​ស័ង្កសី​ក្នុង​អយ​ស្ទ័​រ​ជួយ​រាងកាយ​ផលិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ដែលមាន​តួនាទី​គ្រប់គ្រង​ពង្រឹង​ដំណើរការ​មុខងារ​ផ្លូវភេទ​របស់​បុរស និង​ស្ត្រី​។ ចំពោះ​បុរស​ការ​ទទួលទាន​អយ​ស្ទ័​រ​ជួយ​បង្កើន​ដល់​បរិ​មាណនៃ​មេជី​វិត​ឈ្មោល និង​សមត្ថភាព​នៃ​ការ​ហែល​។ រីឯ​ស្ត្រី​វិញ​ជាតិ​ស័ង្កសី​ជួយ​ដល់​អូវែ​ធ្វើឱ្យមាន​តុល្យភាព​រវាង​អ័រម៉ូន estrogen,  progesterone និង testosterone​។​
 
៤. ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​ចាំបាច់​ដទៃទៀត​
 
​រួមបញ្ចូល​ទាំង​វីតាមីន A, E និង C, ជាតិ​ស័ង្កសី​, ជាតិ​ដែក​, កាល់ស្យូម​, សេ​លេ​ញ៉ូ​ម និង​វីតាមីន B12 ដែល​រាងកាយ​ត្រូវការ​។​

៥. បង្កើន​ថាមពល​
 
​អយ​ស្ទ័​រ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក​ដែល​ជួយ​រាងកាយ​ដឹកនាំ​អុកស៊ីសែន​ទៅកាន់​រាល់​កោសិកា​ផ្ដល់ឱ្យ​អ្នក​នូវ​ថាមពល​បន្ថែម​។​
 
៦. កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​
 
​ការសិក្សា​មួយ​ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក បាន​រកឃើញថា ការទទួល​ទាន​អយ​ស្ទ័​រ​អាចជួយ​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ ហើយ​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។​
 
៧. ធ្វើឱ្យ​មុខងារ​ខួរក្បាល​កាន់តែ​ប្រសើរឡើង​
 
​អយ​ស្ទ័​រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន B12, អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣, ជាតិ​ស័ង្កសី និង​ជាតិ​ដែក​ដែល​សុទ្ធសឹងតែ​ជា​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​សុខភាព ក៏ដូចជា​មុខងារ​នៃ​ខួរក្បាល​បង្កើន​ការចងចាំ​។​

៨. សុខភាព​ប្រព័ន្ធ​សរសៃឈាម និង​សរសៃឈាម​ល្អ​
 
​អយ​ស្ទ័​រ ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​សរសៃឈាម​បេះដូង​។ ហើយក៏​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣, ប៉ូ​តា​ស្យូ​ម និង​ម៉ាញ៉េ​ស្យូ​ម ដែលមាន​ប្រសិទ្ធិភាព​ខ្ពស់​ជួយ​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង​, ដាច់​សរសៃឈាម​ខួរក្បាល និង​បញ្ហា​សម្ពាធ​ឈាម​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com