ជាតិ
​​​ន​យោ​បាយ​ជាតិ​
ថ្ងៃស្អែក លោក គង់ គាំ ស្នើសុំ​ធ្វើ​នយោបាយ​វិញ ហើយ​ត្រៀម​ជ្រោមជ្រែង​បក្ស​របស់​កូនប្រុស​ពៅ​
08, Jan 2019 , 11:54 am        
រូបភាព
លោក គង់ គាំ នា​ថ្ងៃប្រារព្ធខួប​កំណើត​ឈាន​ដល់​៧៨​ឆ្នាំ។ រូបថត ហ្វេសប៊ុក លោក គង់ មុនីកា
លោក គង់ គាំ នា​ថ្ងៃប្រារព្ធខួប​កំណើត​ឈាន​ដល់​៧៨​ឆ្នាំ។ រូបថត ហ្វេសប៊ុក លោក គង់ មុនីកា
​ក្រោយ​ឃើញ​សារព័ត៌មាន ចុះផ្សាយ​នៅ​ថ្ងៃទី​៨​មករា​នេះ អំពី​ព្រះរាជក្រម​របស់​ព្រះមហាក្សត្រ ដែល​ដាក់​ឲ្យ​ប្រើ​មាត្រា​៤៥​ថ្មី (​ស្ទួន​១) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គ​ណ​បក្សប្រឆាំង មិន​បង្អស់​យូរ​ឡើយ ដោយ​លោក ប្រកាស​ភ្លាម​ថា នឹងដាក់​សំណើ​ទៅ​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​៩ ខែមករា ដើម្បី​សុំ​សិទ្ធិ​ចូលធ្វើ​នយោបាយ​វិញ​។


 
​លោក គង់ គាំ ដែល​ទើបតែ​ប្រារព្ធ​ខួប​៧៨​ឆ្នាំ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា កូនប្រុស​ច្បង​របស់លោក គឺ​លោក គង់ បូរ៉ា ក៏​នឹង​ដាក់សំណើ​ដែរ​។ ប៉ុន្តែ សម្រាប់​ព័ត៌មាន​លម្អិត ដែលថា​កូនប្រុស នឹងដាក់​សំណើ​នៅពេលណា​នោះ លោក មិនបាន​ដឹង​ឡើយ​។  
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​លោក គង់ បូរ៉ា បានទេ ដោយសារតែ​ហៅ​ទូរ​សព្ទ​មិន​ចូល​។ 
 
​លោក គង់ គាំ បន្តថា បើ​ទទួលបាន​សិទ្ធិ​នយោបាយ​វិញ លោក នឹង​នៅ​ជួយ​ជ្រោមជ្រែង​កូនប្រុស​ពៅ​របស់លោក គឺ​លោក គង់ មុនី​កា ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ​។ លោក បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​គណបក្ស​ឆន្ទៈ​ខ្មែរ ជា​ប៉ូល​ថ្មី សម្រាប់​អតីត​អ្នកប្រឆាំង និង​ប្រជាពលរដ្ឋ​ខ្មែរ​»​។​
 
​ជា​នីតិវិធី ក្រោយពី​ក្រសួងមហាផ្ទៃ ពិនិត្យ​រួចហើយ សំណើសុំ​សិទ្ធិ​នយោបាយ នឹងត្រូវ​បញ្ជូនទៅ​នាយ​ក​រដ្ឋមន្ត្រី ដើម្បី​ពិនិត្យ​និង​សម្រេច​ចុងក្រោយ​។ បន្ទាប់មក ទើប​នាយករដ្ឋមន្ត្រី ថ្វាយ​សំណើ​នេះ ទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​ឲ្យ​ព្រះអង្គ ចេញ​ព្រះរាជក្រឹត្យ បើកផ្លូវ​ឲ្យ​អ្នក​ដែល​ត្រូវបាន​តុលាការ​កំពូល​ហាម​មិន​ឲ្យ​ធ្វើ​នយោបាយ បាន​ចូលធ្វើ​នយោបាយ​វិញ​។ 
 
​ក្រៅពី​លោក គង់ គាំ និង លោក គង់ បូរ៉ា គេ ពុំទាន់​ឃើញ​មាន​អ្នក​ផ្សេងទៀត ក្នុងចំណោម​ថ្នាក់ដឹកនាំ​ជាង​១០០​នាក់​នៃ​អតីត​គណបក្សប្រឆាំង ដែល​បង្ហាញ​បំណង​សុំ​សិទ្ធិ​នយោបាយ​នោះទេ​។ លោក សម រង្ស៊ី ប្រាប់​អ្នក​ទាំងនោះ​ថា ត្រូវ​បន្ត​រួមគ្នា​ទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាមុនសិន ហើយ​បន្ទាប់មក ចាំ​គិត​រឿង​ទទួល​សិទ្ធិ​នយោបាយ​តាម​ក្រោយ​។ 
 
​សម្តេច ហ៊ុន សែន ប្រកាសថា អ្នក​ដែល​ជាប់​បម្រាម​របស់​តុលាការ​កំពូល ហើយ​ពួកគេ បាន​គោរព​តាម​បម្រាម​នេះ អាច​នឹងមាន​ឱកាស​ចូល​ធ្វើ​នយោបាយ​វិញ​។ តែ​ពួកគេ ត្រូវធ្វើ​សំណើ​ជា​លក្ខណៈ​បុគ្គល​។  
 
​មាត្រា​៤៥​ថ្មី (​ស្ទួន​១) បានផ្តល់​សិទ្ធិ​ឲ្យ​នាយករដ្ឋមន្ត្រី ក្នុងការ​ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​ឲ្យ​ព្រះអង្គ រាជានុញ្ញាត​ឲ្យ​អ្នក​ជាប់​បម្រាម បាន​ចូលធ្វើ​នយោបាយ​វិញ​។ កាលពី​នៅ​អនុវត្ត​មាត្រា​៤៥​ថ្មី (​ស្ទួន​) អ្នក​ជាប់​បម្រាម ត្រូវ​ផាត់​ចេញពី​ឆាកនយោបាយ​៥​ឆ្នាំ ដោយ​មិនអាច​តវ៉ា​បានឡើយ​៕ 
 

Tag:
 ច្បាប់​នយោបាយ​
  គង់ គាំ​
© រក្សាសិទ្ធិដោយ thmeythmey.com