អន្តរជាតិ
ចិន​ទិញ​សណ្តែកសៀង​អាមេរិក​បន្ថែម ខណៈ​ការចរចា​ពាណិជ្ជកម្ម​កំពុង​ធ្វើ​នៅ​ប៉េកាំង​
08, Jan 2019 , 8:59 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន​ចិន បានសម្រេច​ទិញ​សណ្តែកសៀង​ពី​អាមេរិក​ក្នុង​បរិមាណ​ដ៏​ច្រើន​បន្ថែមទៀត ស្រប​ពេលដែល​ជំនួប​រវាង​មន្ត្រី​អាមេរិក និង​ចិន ធ្វើឡើង​ក្នុង​ទីក្រុង​ប៉េកាំង​។ នេ​ជា​ជំនួប​ទល់មុខ​លើកទីមួយ គិត​ចាប់ពី​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​បាន​យល់ព្រម​បង្កើត​បទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម កាលពីដើម​ខែធ្នូ​កន្លងទៅ​។

 
 
​នៅ​ថ្ងៃ​ចន្ទ​ទី​៧ ខែមករា ក្រុមហ៊ុន​នាំចូល​ដ៏​ធំ​របស់​រដ្ឋ​ចិន​ឈ្មោះថា Sinograin បានសម្រេច​បញ្ជា​ទិញ សណ្តែកសៀង​យ៉ាងហោចណាស់ ២០​កប៉ាល់​ដឹកទំនិញ ដែល​ស្មើនឹង​១,៣​លាន​តោន ទៅ ១,៥​លាន​តោន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Bloomberg ។​
 
​ការសម្រេច​បញ្ជា​ទិញ​ថ្មី​នេះ​ធ្វើឡើង ខណៈ​មន្ត្រី​ចិន និង​អាមេរិក​បានចាប់ផ្តើម​កា​រ​ចរចា​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ចន្ទ ដោយ​សង្ឃឹមថា អាច​ឈានដល់​កិច្ចព្រមព្រៀង​មួយ អំឡុង​បទ​ឈប់​បាញ់​៩០​ថ្ងៃ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​។ ជុំវិញ​រឿងនេះ រដ្ឋបាល​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានបង្ហាញ​សុទិដ្ឋិនិយម​ថា ខ្លួន​អាចឈាន​ដល់​ការបង្កើត​កិច្ចព្រមព្រៀង​យុត្តិធម៌​មួយ ក្នុងជំនួប​ទល់មុខ​ជា​មួយ​ភាគី​ចិន​នេះ​។ 
 
​កាលពី​ចុងឆ្នាំ​២០១៨ ចិន​បានសម្រេច​បញ្ជា​ទិញ​សណ្តែកសៀង​ប្រមាណ ១,២​លាន​តោន​។ ហើយ​ទំនិញ​នេះ​នឹងត្រូវ​ដឹកជញ្ជូន​ទៅកាន់​ប្រទេស​ចិន នា​ថ្ងៃ​៣១ ខែសីហា​ខាងមុខ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម​អាមេរិក​។ គេ​យល់ឃើញថា ចិន​ប្រហែល​ត្រូវ​រង់ចាំ​រហូតដល់​ជំនួប​ពាណិជ្ជកម្ម​ក្នុង​សប្តាហ៍​នេះ​បញ្ចប់​សិន មុននឹង​សម្រេចចិត្ត​លើ​ការទិញ​ផលិតផល​កសិកម្ម​ពី​អាមេរិក​បន្ថែមទៀត រួមមាន ពោត និង​ផ្លែ​ស្តៅ​ជាដើម​។ 
 
​មែនទែនទៅ ការបញ្ជាទិញ​សណ្តែកសៀង ជា​ផ្នែក​មួយ​នៃ​បទ​ឈប់​បាញ់​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម រវាង​អាមេរិក​និង​ចិន​។ តួយ៉ាង ចិន​មាន​គោលបំណង​ទិញ​សណ្តែកសៀង​យ៉ាងហោចណាស់​៥​លាន​តោន ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​។ ហើយ​ការបញ្ជាទិញ​របស់​ចិន នាពេល​បច្ចុប្បន្ននេះ ទំនងជា​កៀក​ទៅនឹង​ចំនួន​កំណត់ ឬ​លើស​ផង​ក៏​មិនដឹង​។ 
 
​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក លោក Wilbur Ross បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​អាមេរិក CNBC នៅ​ថ្ងៃទី​៧ ខែមករា ថា​៖ «​នេះ​ជា​ឱកាសល្អ​បំផុត​មួយ ដែល​យើង​អាច​ទទួលបាន​ដំណោះស្រាយ​យ៉ាង​យុត្តិធម៌​ពី​ចិន ដែល​ភាគី​ទាំងសងខាង​អាច​ទទួលយកបាន​។ កិច្ចព្រមព្រៀង​នេះ អាច​រាប់បញ្ចូល​ដូចជា ការទិញ​ពី​បន្ថែម​របស់​ចិន​លើ​សណ្តែកសៀង និង​ឧស្ម័ន​ធម្មជាតិ​អាមេរិក​។ ហើយ​ចិន​ក៏បាន​យល់ព្រម​ធ្វើកំណែទម្រង់រ​ច​នា​សម្ព័ន្ធ​ឲ្យ​ស៊ីជម្រៅ​លើ​បញ្ហា​មួយចំនួន រួមមាន ការពារ​កម្មសិទ្ធិបញ្ញា និង​បើកចំហ​ទីផ្សារ​ចិន​កាន់តែ​ធំ​ទូលាយ​ជាដើម​»៕
 

Tag:
 ចិន​
  សង្គ្រាម​ពាណិជ្ជកម្ម​
  សហរដ្ឋអាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com