អន្តរជាតិ
ស្ត្រី​អាល្លឺម៉ង់​ម្នាក់​ប្រកា​សលក់​ប្តី​លើ Ebay ក្នុងតម្លៃ​ជាង​២០​ដុល្លារ​អាមេរិក​
09, Jan 2019 , 9:39 pm        
រូបភាព
ដោយ: ធីតា
​នៅ​ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់ ស្ត្រី​ម្នាក់ បានធ្វើ​រឿង​ដ៏​អស់សំណើច​មួយ ដោយ​គាត់​បានប្រកាស​លក់ស្វា​មី​ខ្លួនឯង​នៅលើ​គេហទំព័រ Ebay ដោយ​ដាក់​តម្លៃ​ត្រឹមតែ​១៨​អឺរ៉ូ (​ជាង​២០​ដុល្លារ​អាមេរិក​) តែប៉ុណ្ណោះ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន LaDBible​។​

 
​ស្ត្រី​អាយុ​៤០​ឆ្នាំ ដែល​ដាក់ឈ្មោះ​ខ្លួនឯង​ថា «Dorte L» បាន​រៀបការ​ជាមួយ​ស្វាមី​អស់​រយៈពេល​៧​ឆ្នាំ​មកហើយ ប៉ុន្តែ​បន្ទាប់ពី​ពិធីបុណ្យ​ណូអែល​កាលពីពេល​ថ្មីៗ​កន្លងមកនេះ គាត់​យល់ឃើញថា ជីវិត​គ្រួសារ​របស់​ពួកគាត់ មាន​ភាព​រកាំរកូស​យ៉ាងខ្លាំង​។​
 
​នៅលើ Ebay គាត់​សរសេរថា «​លក់ស្វា​មី​មួយ​ទឹក​» ដោយ​សំដៅលើ​អតិថិជន​ជានា​រី ដែល​អាចមាន​ចំណាប់អារម្មណ៍​។ «​ពីរ​ថ្ងៃក្រោយ​បុណ្យ​ណូអែល ខ្ញុំ​យល់ថា ពួកយើង​មិនអាច​រួម​ដំណើរ​ជាមួយគ្នា​បាន​ទៀតឡើយ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​ស្វាមី​របស់ខ្ញុំ​ចាកចេញ​»​។ នេះ​ជាការ​រៀបរាប់​របស់ Dorte L​។​
 
​ស្ត្រី​រូបនេះ បាន​បន្ថែមថា គាត់​យល់ព្រម​ក្នុងករណី​មានការ​តថ្លៃ ដោយ​អ្នក​ដែល​ចាប់អារម្មណ៍​អាចទាក់ទង​គាត់​បាន​តាមរយៈ​អ៊ី​ម៉ែ​ល​។ គាត់​បាន​លើកឡើងថា​៖ «​ពាណិជ្ជកម្ម​លក់ដូរ​នេះ មាន​អ្នក​ចាប់អារម្មណ៍​ច្រើន និង​ទទួល Feedback វិជ្ជមាន​ច្រើន​»​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ អ្នក​ដែល​ចូលរួម​បញ្ចេញយោបល់ សុទ្ធតែ​ចាត់ទុកថា ការ​បង្ហោះ​លក់​ស្វាមី​របស់​អ្នកស្រី Dorte L គ្រាន់តែ​ជាការ​លេងសើច​ប៉ុណ្ណោះ មិនមាន​អ្នកណាម្នាក់​ប្រកាសថា ទិញ ឬ​តថ្លៃ​នោះឡើយ​៕
 

Tag:
 ប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com