អន្តរជាតិ
កងទ័ព​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បង្ហាញ​ស្វាមីភក្តិ​មោះមុត​ចំពោះ​លោក ម៉ា​ឌុយ​រ៉ូ ជា​ប្រធានាធិបតី​អាណត្តិ​ថ្មី​
09, Jan 2019 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
​កងទ័ព​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បានប្រកាស​ស្វាមីភក្តិ​ចំពោះ​ប្រធានាធិបតី នី​កូ​ឡា ម៉ូ​ឌុយ​រ៉ូ ដែល​នឹង​ស្បថ​ចូលកាន់​តំណែង​អាណត្តិ​ទី​ពីរ​ជាថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១០ ខែមករា​។ ក្នុង​ការស្បថ​ចូលកាន់​តំណែង​នេះ នឹង​ធ្វើឡើង​ចំពោះមុខ​ចៅក្រម​តុលាការ​កំពូល បើទោះជា​វា​ជា​ភារកិច្ច​របស់​រដ្ឋសភា​ក៏ដោយ​។

 

 
​ខណៈដែល​ការស្បថ​ចូលកាន់​តំណែង​សម្រាប់​អាណត្តិ​ទី​ពីរ​របស់លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ ជិត​មកដល់ រដ្ឋមន្ត្រី​ការពារជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​តំណាង​ឲ្យ​កងទ័ព​ទាំងអស់​បានចេញ​មុខ​ប្រកាស​ពី​ភក្តីភាព​មោះមុត​ចំពោះ​មេដឹកនាំ​ខ្លួន​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ឧ​ត្ត​ម​សេនីយ៍ Vladimir Padrino ប្រមុខ​ការពារជាតិ​វេ​ណេ​ស៊ុយ​អេ​ឡា​បានប្រកាស​តាម​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ដូច្នេះ​៖« កងកម្លាំងប្រដាប់អាវុធ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​គាំទ្រ​ពេញទំហឹង និង​មាន​ស្វាមីភក្តិ​លើសលុប​ចំពោះ​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ ក្នុង​ការបន្ត​តំណែង​ជា​ប្រធានាធិបតី និង​ជា​អគ្គមេបញ្ជាការ​កំពូល​ក​ង​ទ័ព​ចាប់ពី​ឆ្នាំ ២០១៩​ដល់​ឆ្នាំ ២០២៥»​។​
 
​លោក ម៉ា​ឌុយ​រ៉ូ នឹង​ស្បថ​ចូលកាន់​តំណែង​សម្រាប់​អាណត្តិ​ទី​ពីរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១០​មករា បន្ទាប់ពី​បាន​ជាប់ឆ្នោត​ជាថ្មី​នៅក្នុង​ការបោះឆ្នោត​ថ្ងៃ ២០ ខែឧសភា​កន្លងទៅ ដែល​ស្នើឡើង​ដោយ​សភាធម្មនុញ្ញ ជា​អាយ៉ង​របស់​រដ្ឋាភិបាល​នោះ​។ ប៉ុន្តែ​ការបោះឆ្នោត​នោះ​មិនមាន​ការចូលរួម​ពី​សមាជិក​បក្សប្រឆាំង​ឡើយ ដ្បិត​មេដឹកនាំ​ពួកគេ​ភាគច្រើន​ត្រូវបាន​ហាមឃាត់ និង​ស្ថិតក្រោម​ការឃុំ​ឃាំង​ក្នុងផ្ទះ​។ លទ្ធផល​ក៏​រង​ការ​ថ្កោលទោស​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ និង​មិនមាន​ការទទួលស្គាល់​ពី​អង្គការ​រដ្ឋ​អាមេរិក​ឡើយ​។  
 
​យ៉ាងណាមិញ ពិធី​ស្បថ​ចូលកាន់​តំណែង​នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ចំពោះមុខ​តុលាការ​កំពូល​ទៅវិញ ខណៈដែល​ច្បាប់​ចែងថា ពី​ធី​នេះ​ត្រូវធ្វើឡើង​នៅ​ចំពោះមុខ​សភា​ក៏ដោយ​។ តាមពិតទៅ សភា​វេ​ណេ​ស៊ុយ​អេ​ឡា​ត្រូវ​ដឹកនាំ​ដោយ​តំណាងរាស្ត្រ​បក្សប្រឆាំង ប៉ុន្តែ​កាលពី​ឆ្នាំមុន​លោក ម៉ា​ឌុយ​រ៉ូ បាន​បង្កើត​សភាធម្មនុញ្ញ​មួយ​ដើម្បី​ប្រជែង​នឹង​ស្ថាប័ន​នីតិបញ្ញត្តិ​នេះ និង​បង្កើត​ឲ្យ​មាន​វិបត្តិ​ធម្មនុញ្ញ​ផង​។​
 
​មកដល់​ឥឡូវនេះ បើទោះជា​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​បក្សប្រឆាំង​នៅ​ជួបប្រជុំគ្នា​ក៏ដោយ រាល់​សេចក្តីសម្រេច​ទាំងអស់​របស់​ស្ថាប័ន​នេះ​ត្រូវបាន​តុលាការ​កំពូល​ដែលមាន​សមាជិក​ជាម​នុស្ស​ជំនិត​របស់លោក ម៉ា​ឌុយ​រ៉ូ លុបចោល​ទាំងអស់​។​
 
​កាលពី​ថ្មីៗ​នេះ រដ្ឋសភា​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​ដឹកនាំ​ដោយ​បក្សប្រឆាំង​ខាងលើ រួមជាមួយ​សហគមន៍​អន្តរជាតិ​ផង​នាំគ្នា​ថ្កោលទោស​រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស និង​បដិសេធ​ទទួល​លោក ម៉ា​ឌុយ​រ៉ូ​ជា​មេដឹកនាំ​ស្របច្បាប់​ដែរ​។ សភា​នេះ​ក៏​កំណត់​ផែនការ​រៀបចំ​រដ្ឋាភិបាល​អន្តរកាល​មួយ​ផង​ដើម្បី​រៀបចំ​ការបោះឆ្នោត​ប្រជាធិបតេយ្យ​នៅពេល​ខាងមុខ​ផង​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ ស្ថាប័ន​នីតិបញ្ញត្តិ​នេះ​ទំនងជា​មិនអាច​ធ្វើ​អ្វី​កើត​ឡើយ ដ្បិតថា វា​មិន​ទទួលបាន​ការគាំទ្រ​ពី​ក្រុម​យោធា ស្ថាប័ន​តុលាការ និង​ស្ថាប័ន​នយោបាយ​ផ្សេង​ទៀតឡើយ​មកដល់​ឥឡូវនេះ​។​
 
​សូមបញ្ជាក់ថា វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែលជា​រដ្ឋ​ធ្លាប់មាន​ស្តុកស្តម្ភ​ដោយសារ​សម្បូរ​ធនធាន​ប្រេង បាន​ផុងខ្លួន​ក្នុង​វិបត្តិ​យ៉ាងជ្រៅ​ក្រោម​ការដឹកនាំ​របស់លោក ម៉ា​ឌុយ​រ៉ូ ។ ជម្លោះ​ផ្នែក​នយោបាយ និង​អសមត្ថភាព​គ្រប់គ្រង​សេដ្ឋកិច្ច ធ្វើ​ឲ្យ​រដ្ឋ​អាមេរិក​ឡាទីន​នេះ​ឈានដល់​ធ្លាក់​ក្នុងស្ថានភាព​ចលាចល និង​ក្ស័យធន ហើយ​ស្ថានភាព​នេះ​បាន​បង្ខំ​ឲ្យ​ប្រជាជន​រាប់លាន​នាក់​ភៀសខ្លួន​ទៅកាន់​ប្រទេសជិតខាង​ដែរ​៕ 
 

Tag:
 វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com