កីឡាអន្តរជាតិ
អន្តរជាតិ
​មិនទាន់​ចាញ់​ក្នុង​លី​គ តែ PSG រងគ្រោះ​នៅ League Cup ដោយ​ក្រុម​បាត​តារាង
10, Jan 2019 , 11:42 am        
រូបភាព
​ក្រុម​យក្ស​បារាំង Paris St Germain បាន​ធ្លាក់​ចេញពី​ពានរង្វាន់ French League Cup (Coupe de la Ligue) ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ​យ៉ាង​អា​មា៉ស បន្ទាប់ពី​ចាញ់ Guingamp ជា​ក្រុម​នៅ​បាត​តារាង​ក្របខណ្ឌ Ligue 1 ដោយ​លទ្ធផល ២-១ ក្នុងការ​ប្រកួត​នៅ​យប់​ថ្ងៃទី ៩ ខែមករា​។​

 
PSG ដែលជា​ក្រុម​មិនទាន់​ស្គាល់​ចាញ់​នៅឡើយ​សម្រាប់​ការប្រកួត​ក្នុង​លី​គ​កំពូល​បារាំង​រដូវ​កាល​នេះ បាន​ទទួលរង​បរាជ័យ​នៅលើ​ទឹកដី​ខ្លួនឯង ដោយសារ​ការសម្រេច​ទីចំនួន​២​គ្រាប់​ក្នុងចំណោម​ការទា​ត់បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​​៣​លើក​របស់​ក្នុ​ម​ភ្ញៀវ Guingamp​។​
 
​ខ្សែប្រយុទ្ធ Marcus Thuram ដែល​រ៉ាប់រង​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​លើក​ទី​១ នៅ​នាទី​៦១ ធ្វើ​មិនបាន​សម្រេច​នោះទេ ប៉ុន្តែ​ក្រោយ​២​នាទី​បន្ទាប់ Neymar បានតែ​តបាល់​បញ្ចូល​ទី​ជួយ PSG នាំមុខ​១​គ្រាប់​មុន​។​


 
​ឈានដល់​នាទី​៨១ លោក​អាជ្ញាកណ្តាល​បាន​ផ្លុំ​កញ្ចែ​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ឲ្យ Guingamp ជា​លើក​ទី​២ ហើយ​ខ្សែបម្រើ Yeni N'Gbakoto ជា​អ្នក​ស៊ុត​បញ្ចូល​ទី​តាម​ស្មើ​វិញ​។ ការប្រកួត​បាន​ឈានដល់​នាទី​៩០​ទៅហើយ​ឱកាស​មាស​របស់​ក្រុម​ភ្ញៀវ​បានកើត​ឡើង​ម្តងទៀត​ដោយ​អាជ្ញាកណ្តាល​កាត់សេចក្តី បានផ្តល់​បាល់​ប៉េ​ណា​ល់​ទី​ជា​លើក​ទី​៣ ដែល​នេះ​ជា​រឿង​គួរ​ឲ្យ​ភ្ញា​ក់​ផ្អើល​បំផុត​សម្រាប់​ក្រុម​លោក Thomas Tuchel​។ 


 
Marcus Thuram ដែល​ធ្វើ​មិនបាន​សម្រេច​សម្រាប់​គ្រាប់​ទី​១ ត្រូវបាន​ផ្តល់ឱកាស​ឲ្យ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ម្តងទៀត ដើម្បី​សម្រេច​ទី​គ្រាប់​ទី​២ ជួយ Guingamp យកឈ្នះ PSG ២-១​។



ដូច្នេះ Guingamp ដែល​ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល​ទៅ​ក្របខណ្ឌ​ទី​២​រដូវ​កាល​ក្រោយ អាចឈាន​ទៅកាន់​វគ្គ​ពាក់​កណ្តាល់​ផ្តាច់ព្រ័ត្រ​ពាន French League Cup ជាមួយ​ក្រុម​៣​ទៀត រួមមាន Strasbourg, Monaco និង Bordeaux​។​
 
​សូម​បញ្ចា​ក់ថា French League Cup ជា​ពាន​លំដាប់​ទី​៣ បន្ទាប់ពី France Cup និង France Ligue 1 ដែលជា​ពាន​កំពូល​នៅ​បារាំង​៕

Tag:
 បាល់ទាត់​
  Paris St Germain
  Guingamp
  French League Cup
© រក្សាសិទ្ធិដោយ thmeythmey.com