កីឡាអន្តរជាតិ
អន្តរជាតិ
មិនទាន់ចាញ់ក្នុងលីគ តែ PSG រងគ្រោះនៅ League Cup ដោយក្រុមបាតតារាង
× ក្រុមយក្សបារាំង Paris St Germain បានធ្លាក់ចេញពីពានរង្វាន់ French League Cup (Coupe de la Ligue) ត្រឹមវគ្គ៨ក្រុមចុងក្រោយយ៉ាងអាមា៉ស បន្ទាប់ពីចាញ់ Guingamp ជាក្រុមនៅបាតតារាងក្របខណ្ឌ Ligue 1 ដោយលទ្ធផល ២-១ ក្នុងការប្រកួតនៅយប់ថ្ងៃទី ៩ ខែមករា។
PSG ដែលជាក្រុមមិនទាន់ស្គាល់ចាញ់នៅឡើយសម្រាប់ការប្រកួតក្នុងលីគកំពូលបារាំងរដូវកាលនេះ បានទទួលរងបរាជ័យនៅលើទឹកដីខ្លួនឯង ដោយសារការសម្រេចទីចំនួន២គ្រាប់ក្នុងចំណោមការទាត់បាល់ពិន័យប៉េណាល់ទី៣លើករបស់ក្នុមភ្ញៀវ Guingamp។
ខ្សែប្រយុទ្ធ Marcus Thuram ដែលរ៉ាប់រងការស៊ុតបាល់ប៉េណាល់ទីលើកទី១ នៅនាទី៦១ ធ្វើមិនបានសម្រេចនោះទេ ប៉ុន្តែក្រោយ២នាទីបន្ទាប់ Neymar បានតែតបាល់បញ្ចូលទីជួយ PSG នាំមុខ១គ្រាប់មុន។
ឈានដល់នាទី៨១ លោកអាជ្ញាកណ្តាលបានផ្លុំកញ្ចែផ្តល់បាល់ពិន័យ១១ម៉ែត្រឲ្យ Guingamp ជាលើកទី២ ហើយខ្សែបម្រើ Yeni N'Gbakoto ជាអ្នកស៊ុតបញ្ចូលទីតាមស្មើវិញ។ ការប្រកួតបានឈានដល់នាទី៩០ទៅហើយឱកាសមាសរបស់ក្រុមភ្ញៀវបានកើតឡើងម្តងទៀតដោយអាជ្ញាកណ្តាលកាត់សេចក្តី បានផ្តល់បាល់ប៉េណាល់ទីជាលើកទី៣ ដែលនេះជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុតសម្រាប់ក្រុមលោក Thomas Tuchel។
Marcus Thuram ដែលធ្វើមិនបានសម្រេចសម្រាប់គ្រាប់ទី១ ត្រូវបានផ្តល់ឱកាសឲ្យទាត់បាល់ពិន័យ១១ម៉ែត្រម្តងទៀត ដើម្បីសម្រេចទីគ្រាប់ទី២ ជួយ Guingamp យកឈ្នះ PSG ២-១។
ដូច្នេះ Guingamp ដែលស្ថិតនៅតំបន់ត្រូវកាត់ចោលទៅក្របខណ្ឌទី២រដូវកាលក្រោយ អាចឈានទៅកាន់វគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រពាន French League Cup ជាមួយក្រុម៣ទៀត រួមមាន Strasbourg, Monaco និង Bordeaux។
សូមបញ្ចាក់ថា French League Cup ជាពានលំដាប់ទី៣ បន្ទាប់ពី France Cup និង France Ligue 1 ដែលជាពានកំពូលនៅបារាំង៕
Tag:
បាល់ទាត់
Paris St Germain
Guingamp
French League Cup
© រក្សាសិទ្ធិដោយ thmeythmey.com