អន្តរជាតិ
កូរ៉េខាងត្បូង​ប្រាប់​កូរ៉េខាងជើង​ឲ្យ​ព​ន្លឿ​ន​ការរំសាយ​នុយក្លេអ៊ែរ បើ​ចង់​ឆាប់​រួច​ផុតពី​ទណ្ឌកម្ម​
10, Jan 2019 , 3:45 pm        
រូបភាព
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អុី​ន នៅ​ថ្ងៃទី​១០ ខែមករា បាន​ប្រាប់​ឲ្យ​កូរ៉េខាងជើង​ធ្វើ​សកម្មភាព​ជាក់លាក់​បន្ថែ​ម​ទៀត​ក្នុង​ការរំសាយ​នុយក្លេអ៊ែរ​របស់ខ្លួន​។ លោក មូ​ន និយាយថា បើ​ការរំសាយ​នុយក្លេអ៊ែរ​ធ្វើឡើង​កាន់តែ​លឿន ទណ្ឌកម្ម​អន្តរជាតិ​លើ​កូរ៉េខាងជើង​អាច​បន្ធូរបន្ថយ​កាន់តែ​លឿន​តាម​នោះដែរ​។ កាលណា​បើ​ទណ្ឌកម្ម​ដក​ផុត​នោះ កិច្ចសហប្រតិបត្តិការ​អន្តរ​កូរ៉េ ក៏​នឹង​ល្អប្រសើរ​តាម​នោះ​ដូចគ្នា​។ ប៉ុន្តែ​លោក មូ​ន ក៏​ស្នើ​ទៅ​អន្តរជាតិ​ឲ្យ​ធ្វើ​សកម្មភាព​តប​វិញ​ដែរ ជាការ​លើកទឹកចិត្ត​កូរ៉េខាងជើង​។​

 
​នរណា​ត្រូវធ្វើ​អ្វី​មុន​? នេះ​សំណួរ​ដែល​មិនមាន​ចម្លើយ​ក្នុង​ដំណើរការ​ឈានទៅដល់​ការលុបបំបាត់​នុយក្លេអ៊ែ​រ​កូរ៉េខាងជើង​។ ទាំង​អាមេរិក ទាំង​កូរ៉េខាងជើង សុទ្ធតែ​ចង់​ឲ្យ​ភាគី​ម្ខាង​ទៀត​ធ្វើ​សកម្មភាព​ជាក់លាក់​ជាមុន ទើប​ចាត់វិធានការ​តាម​ក្រោយ​។ អាមេរិក​ចង់​ឲ្យ​កូរ៉េខាងជើង​ចាត់វិធានការ​ម៉ឺងម៉ាត់​ដើម្បី​រំសាយ​នុយក្លេអ៊ែរ តែ​កូរ៉េខាងជើង​អះអាងថា ខ្លួន​បានធ្វើ​សកម្មភាព​ខ្លះ​រួចមកហើយ ហើយ​ដល់​វេន​អាមេរិក​មាន​ចំណាត់ការ​តប​វិញ​ហើយ​។​
 
​យ៉ាងណាមិញ កូរ៉េខាងត្បូង ដែល​នៅក្បែរ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជាង​អាមេរិក សុទ្ធតែ​ចង់​ឲ្យ​ភាគី​ទាំងពីរ ធ្វើ​សកម្មភាព​រៀងៗ​ដើម្បី​សម្រេច​គោលដៅ​គ្មាន​នុយក្លេអ៊ែរ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១០ ខែមករា ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អុីន និយាយថា បើ​ចង់​ផុតពី​ទណ្ឌកម្ម​ឲ្យ​ឆាប់រហ័ស កូរ៉េខាងជើង ត្រូវតែ​មោះមុត​ធ្វើ​សកម្មភាព​ជាក់ស្ដែង​ថែមទៀត ព្រោះ​ទណ្ឌ​កម្មនេះ ជាប់​ពាក់ព័ន្ធ​ជាមួយ​ដំណើរការ​ឆាប់រហ័ស​នៃ​ការរំសាយ​នុយក្លេអ៊ែរ​។​
 
​ក្រៅពី​កូរ៉េខាងជើង សហគមន៍​អន្តរជាតិ​ក៏ត្រូវ​ឆ្លើយតប​នឹង​អ្វីដែល​ក្រុង​ព្យុងយ៉ាង​បានធ្វើ​ដែរ ព្រោះ​វា​បង្ហាញ​ពី​ការលើកទឹកចិត្ត និង​ជាការ​ជំរុញ​ល្បឿន​ដំណើរ​ការរំសាយ​នុយក្លេអ៊ែរ​ផងដែរ​។ នេះ​បើតាម​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​។ ការលើកឡើង​របស់លោក មូ​ន បានបង្ហាញ​ពី​ការខ្វែងគំនិត​គ្នា​រវាង​អាមេរិក និង​កូរ៉េខាងជើង​លើ​បញ្ហា​រ៉ាំរ៉ៃ​នេះ និង​ជាដើម​ចមនាំ​ឲ្យ​មាន​សំណួរ​ខាងលើ​នោះ​។ សម្រាប់​លោក មូ​ន បញ្ហា​នេះ ផ្ដើមចេញពី​ការមិនទុកចិត្ត​គ្នា​រវាង​សត្រូវ​ទាំងពីរ​។​
 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល មេដឹកនាំ​កូរ៉េខាងត្បូង​រូបនេះ​បញ្ជាក់ថា ក្រុង​ព្យុងយ៉ាង និង​ក្រុង​វ៉ាស៊ីនតោន សុទ្ធតែ​ដឹង​ពីអ្វី​ដែល​ខ្លួន​ត្រូវធ្វើ ប៉ុន្តែ​ពួកគេ​បែរ​រុញ​ដាក់​ការទទួលខុសត្រូវ​គ្នា​ទៅវិញ​។ ដោយសារ​មិន​ទុកចិត្ត​គ្នា​នេះ ទើប​ជំនួប​មេដឹកនាំ​អាមេរិក​-​កូរ៉េខាងជើង​លើក​ទី​២ ត្រូវ​ពន្យារពេល​ទល់​សព្វថ្ងៃ​។ យ៉ាងណាមិញ លោក មូ​ន សង្ឃឹមថា​ខ្ពស់​ថា ជំនួប​នេះ​នឹងមាន​ឆាប់ៗ​នេះ​វិញ ព្រោះ​លោក គីម ទើប​ត្រឡប់​ពី​ទស្សនកិច្ច​នៅ​ចិន​។​
 
​ដោយ​ទស្សនកិច្ច​របស់លោក គីម នេះហើយ ទើប​លោក មូ​ន កាន់តែ​ជឿជាក់ថា គម្រោង​ជំនួប​ត្រាំ​-​គីម​លើក​២ នឹង​កើតឡើង​មិន​ខាន​។ មិនមែន​តែ​ជំនួប​ជាមួយ​លោក ត្រាំ សូម្បីតែ​ជំនួប​រវាង​លោក មូ​ន និង​លោក គីម ក៏​អាច​កើតឡើង​បន្ត​គ្នា​ដែរ ព្រោះ​មេដឹកនាំ​កូរ៉េខាងជើង​ជា​អ្នក​ប្រកាស​ដោយផ្ទាល់​ពី​គម្រោង​ទស្សនកិច្ច​នៅ​សេ​អ៊ូ​ល ដែល​ត្រូវធ្វើ​តាំងពី​ចុងឆ្នាំ​២០១៨ មកម្ល៉េះ ប៉ុន្តែ​ត្រូវ​អាក់ខាន​ទៅវិញ​៕
 

Tag:
 ​កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  អាមេរិក​
  មូ​ន ចេ​អុីន​
© រក្សាសិទ្ធិដោយ thmeythmey.com