អន្តរជាតិ
លោក​មហា​ធៀ ៖ ច្បាប់​ត្រូវ​ចែង​ច្បាស់​ពី​សកម្មភាព ឬ​សម្ដី​ដែល​ត្រូវ​ចាត់ទុកជា​ការប្រមាថ​ម​ហា​ក្សត្រ​
10, Jan 2019 , 9:19 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ និងស៊ុលតង់ Muhammad V (រូបភាព AFP)
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ និងស៊ុលតង់ Muhammad V (រូបភាព AFP)
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​និយាយ​ក្នុងន័យ​រិះគន់​ច្បាប់​ម៉ាឡេស៊ី​ដែល​លោក​អះអាងថា ចែង​មិន​ច្បាស់​ពី​កំហុស​ទាក់ទង​ការ​មើលងាយ​មហាក្សត្រ ដែល​សូម្បី​មន្ត្រី​ផ្ទាល់​ក៏​យល់​មិន​ច្បាស់​ផង​។ លោក មហា​ធៀ លើកឡើង​បែបនេះ បន្ទាប់ពី​មាន​ករណី​កាត់ទោស​មនុស្ស​បីនាក់​ពាក់ព័ន្ធ​ករណី​ប្រមាថ​តាម​ប្រព្រឹត្ត​តាម​បណ្ដាញ​សង្គម​លើ​មហាក្សត្រ Sultan Muhammad V ដែល​ទើប​ដាក់រាជ្យ និង​ស្របពេល​រដ្ឋាភិបាល​ម៉ាឡេស៊ី​គ្រោង​បង្កើត​ច្បាប់​ថ្មី​ការពារ​ប្រមុខរដ្ឋ​ផង​។​

 
​ច្បាប់​របស់​ម៉ាឡេស៊ី ត្រូវ​កំណត់​ឲ្យ​ច្បាស់​ពី​សកម្មភាព​ណាមួយ​ដែល​ត្រូវ​ចាត់ទុក​ការប្រមាថ​មហាក្សត្រ​។ នេះ​ជាការ​លើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅ​ថ្ងៃទី​១០ ខែមករា ជុំវិញ​គម្រោង​បង្កើត​ច្បាប់​ការពារ​មហាក្សត្រ​ពី​ការវាយប្រហារ ឬ​ការប្រមាថ​ដែល​រដ្ឋាភិបាល​របស់លោក​នឹង​ស្នើ​ទៅ​សភា​ឆាប់ៗ​នេះ​។ 
 
​បើតាម​សារព័ត៌មាន​ម៉ាឡេស៊ី The Star លោក មហា​ធៀ និយាយថា បច្ចុប្បន្ននេះ មន្ត្រី​អនុវត្ត​ច្បាប់​ម៉ាឡេស៊ី មិន​យល់​អ្វី​ទៅជា​ការប្រមាថ​មហាក្សត្រ​ឡើយ ដូចនេះ​ច្បាប់​ត្រូវតែកំណត់​ឲ្យ​ច្បាស់លាស់​ពី​សកម្មភាព ឬ​សម្ដី​ដែល​ត្រូវ​ចាត់ទុកជា​ការប្រមាថ​។ សម្រាប់​ម៉ាឡេស៊ី​ដែល​អនុវត្ត​សេរីភាព​បញ្ចេញមតិ​នោះ បុគ្គល​ណាមួយ​មិនគួរ​ត្រូវបាន​ដាក់ទោស​ដោយសារ​ការនិយាយ​ការពិត​ឡើយ ហើយ​ការ​បិទមាត់​នរណាម្នាក់​មិន​ឲ្យ​និយាយ​ពីបទ​ឧក្រិដ្ឋ​ណាមួយ​នោះ គឺជា​រឿង​អយុត្តិធម៌​។​
 
​គម្រោង​បង្កើត​ច្បាប់​ការពារ​មហាក្សត្រ ត្រូវបាន​បញ្ចេញ​ដោយ​រដ្ឋមន្ត្រី​ការិយាល័យ​នាយករដ្ឋមន្ត្រី Liew Vui Keong នៅ​ថ្ងៃទី​១០ ខែមករា ដោយ​បូក​ទាំង​ការធ្វើ​វិសោធនកម្ម​ច្បាប់​មាន​ស្រាប់​ផង ហើយ​គោលដៅ​ធំ គឺ​ការពារ​មហាក្សត្រ​ពី​ការវាយប្រហារ​ទាំងអស់​។ បើតាម​លោក Liew ច្បាប់ព្រហ្មទណ្ឌ​សព្វថ្ងៃ​ដែល​ចែង​ពី​ការដាក់ទោស​ជនល្មើស គឺ​នៅ​ស្រាល ឯ​ច្បាប់​ប្រឆាំង​ការបោះ​បោរ​ឆ្នាំ​១៩៤៨ ក៏​ចែង​ពី​ការដាក់ទោស ដែល​មិន​គ្នា​នឹង​បរិបទ​សង្គម​បច្ចុប្បន្ន​ដែរ​។​
 
​ក្នុង​ដំណើរ​ការបង្កើត​ច្បាប់​ថ្មី​នេះ រដ្ឋមន្ត្រី​ខាងលើ​បន្ថែមថា ម៉ាឡេស៊ី​នឹង​ពិនិត្យមើល​ប្រទេស​ប្រកាន់​របបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដទៃទៀត​ដែលជា​សមាជិក Commonwealth ។ ការទាមទារ​ឲ្យ​ដាក់ទោស​ធ្ងន់​លើ​ជន​ប្រមាថ​មហាក្សត្រ បាន​កើន​ឡើងជា​លំដាប់​ក្នុងប្រទេស​រាជានិយម​មួយ​នេះ​។ កាលពី​ថ្ងៃទី​៩ ខែមករា ដោយ​ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន​បុរស​ពីរ​នាក់ និង​ស្ត្រី​ម្នាក់ ពាក់ព័ន្ធ​ករណីនេះ ដែល​កើតឡើង​តាម​បណ្ដាញ​សង្គម​ជុំវិញ​ការដាក់រាជ្យ​របស់​មហា​ក្សត្រ Sultan Muhammad V ។​
 
​សូម​រំឭកថា Sultan Muhammad V នៃ​រដ្ឋ​កេ​ឡាន់​តាន់ បានដាក់​រាជ្យ​កាលពី​សប្ដាហ៍​មុន តែ​ទ្រង់​មិន​បង្ហាញ​មូលហេតុ​ច្បាស់លាស់​ឡើយ តែ​កើតឡើង​ក្រោយ​បែកធ្លាយ​ព័ត៌មាន​ទ្រង់​រៀប​អភិសេក​ជាមួយ​អតីត​បវរកញ្ញា​មូ​ស្គូ​។ មហាក្សត្រ​ថ្មី នឹងត្រូវ​ជ្រើសរើស​នៅ​ថ្ងៃទី​២៤ ខែមករា​ក្នុង​សន្និសីទ​ស៊ុ​ល​តង់​នៃ​រដ្ឋ​នានា​ចំណុះ​សហព័ន្ធ​ម៉ាឡេស៊ី​៕ 
 

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com