ជាតិ
សង្គមជាតិ
អតីត​អ្នកកាសែត​អាស៊ីសេរី សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី ដើម្បី​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​
11, Jan 2019 , 9:46 am        
រូបភាព
លោក អ៊ួន ឈិន (ខាងឆ្វេង) លោក យាង សុជាមេត្តា (ខាងស្ដាំ)។ រូបពីហ្វេសប៊ុកលោក អ៊ួន ឈិន
លោក អ៊ួន ឈិន (ខាងឆ្វេង) លោក យាង សុជាមេត្តា (ខាងស្ដាំ)។ រូបពីហ្វេសប៊ុកលោក អ៊ួន ឈិន
ដោយ: ថ្មីៗ
​លោក យាង សុជា​មេត្តា និង លោក អ៊ួ​ន ឈិន ដែល​ធ្លាប់​បម្រើ​ការងារ​ជា​អ្នកកាសែត​ឲ្យ​វិទ្យុ​អាស៊ីសេរី សុំ​អន្តរាគមន៍​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ជំរុញ​តុលាការ ឲ្យ​ទម្លាក់​បទ​ចោទ​ចេញពី​ពួកលោក​។ ការសុំ​អ​ន្តា​គម​ន៍​របស់​ពួកលោក គឺ​ស្រព​ពេលដែល​នាយករដ្ឋមន្ត្រី ត្រូវ​ជួប​អ្នកកាសែត​ប្រមាណ​៤៥០០​នាក់ ដើម្បី​សំណេះសំណាល​និង​ពិសា​អាហារ​សាមគ្គី​ប្រចាំ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ល្ងាច​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩​នេះ​។​


 
​លោក យាង សុជា​មេត្តា ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ការមិន​ព្រម​ទម្លាក់​បទ​ចោទ​នេះ ធ្វើ​ឲ្យ​ពួកលោក ពិបាក​ក្នុងការ​ប្រកបមុខរប​រ​និង​ការស្វែងរក​ការងារ​។ លោក  បញ្ជាក់​បែបនេះ​ថា​៖«​ថ្មីៗ​ហ្នឹង យើង ឃើញ​រដ្ឋាភិបាល ប្រកាស​បើកចំហ​ដល់​សារព័ត៌មាន​ដែរ ជាពិសេស​ចង់​ឲ្យ​វិទ្យុ​អាស៊ីសេរី មាន​ការិយាល័យ​វិញ តែ​ពួក​ខ្ញុំ ជា​អតីត​អ្នកកាសែត​របស់​វិទ្យុ​អាស៊ីសេរី បែរជា​នៅជាប់​បទ​ចោទ​ទៅវិញ​។ អ៊ីចឹង យើង​ឃើញថា រដ្ឋាភិបាល​ប្រកាស​បើកចំហ តែ​បេះដូង​នៅ​បិទ​ដដែល​។ ខ្ញុំ យល់ថា ការរក្សា​ទុក​បទ​ចោទ​លើ​អ្នក​សែត​បែបនេះ មិនមែនជា​រូបភាព​ល្អ​ទេ​»​។

​លោក អ៊ួ​ន ឈិន ក៏​មិន​ខុសពី​លោក យាង សុជា​មេត្តា ដែរ ដែលថា ពួកលោក ពិតជា​ប្រឈម​នឹង​ការដាក់​ពាក្យសុំ​បម្រើ​ការងារ​ជា​អ្នកកាសែត នៅ​ស្ថាប័ន​ផ្សេងៗ ដោយសារតែ​ពួកលោក នៅតែ​ជាប់​បណ្តឹង និង​ស្ថិតនៅក្រោម​ការឃ្លាំមើលរ​បស់​តុលាការ​។ លោក អ៊ួ​ន ឈិន អះអាងថា មកដល់ពេលនេះ ពួកលោក ពុំទាន់​មានការ​ងារ​ធ្វើ​នៅឡើយ​ទេ​។ 
 
​លោក លើកឡើងថា ជីវភាព​របស់​ពួកលោក គឺ​អាស្រ័យ​លើ​ការជួយឧបត្ថម្ភ​របស់​មិត្តភក្តិ​និង​សប្បុរស​ន​។ លោក ទទូច​យ៉ាង​ដូច្នេះ​ថា​៖«​ពួក​ខ្ញុំ នៅតែ​សុំ​ឲ្យ​ទម្លាក់​បទ​ចោទ​ចេញ ដើម្បី​ឲ្យ​ពួក​ខ្ញុំ​មាន​សេរីភាព​ពេញលេញ និង​មានលទ្ធភាព​ធ្វើការ​ចិញ្ចឹមជីវិត​»​។​
 
​លើសពីនេះ មាន​អ្នកកាសែត​៣៨​នាក់ បាន​រួមគ្នា​ធ្វើលិខិត​ចំហ​មួយ នៅ​ថ្ងៃទី​១០ ខែមករា ដើម្បី​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ចេញពី​អ្នក​ទាំងពីរ​។ ពួកគេ សរសេរ​ក្នុង​លិខិត​ចំហ​នោះ​ថា​៖«​យើងខ្ញុំ ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការចោទប្រកាន់​ដ៏​ធ្ងន់ធ្ងរ​លើ​អ្នក​ទាំងពីរ​។ [.....] ការចោទប្រកាន់​នេះ កំពុងតែ​បង្ក​ភាពភ័យខ្លាច ដល់​អ្នកសារព័ត៌មាន ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ​និង​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា​ធ្លាក់ចុះ​ផងដែរ​»​។ 

អត្ថបទទាក់ទង
 
 
​អ្នក​ទាំងពីរ ត្រូវបាន​តុលាការ ចោទ​ពីបទ​ប្រគល់​ឲ្យ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ និង​បទ​ផលិត​វីដេអូ​អាសអាភាស​។ សមត្ថកិច្ច ចាប់​ពួកលោក កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៧​។ 
 
​រហូតដល់​អំឡុង​ខែសីហា ឆ្នាំ​២០១៨ ចៅក្រម​ស៊ើបសួរ​នៃ​តុល​ការ​ភ្នំពេញ ក៏​ដោះលែង​ពួកលោក ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន តែ​នៅ​រក្សាទុក​បទ​ចោទ​ដដែល​៕  
 

Tag:
 យាង សុជា​មេត្តា​
  អ៊ួ​ន ឈិន​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com