អន្តរជាតិ
នាយករដ្ឋមន្ត្រី​តៃវ៉ាន់​ប្រកាស​លាលែង​ពី​តំណែង ក្រោយ​បរាជ័យក្នុង​ការបោះឆ្នោត​ថ្នាក់​តំបន់​
11, Jan 2019 , 10:17 am        
រូបភាព
​នាយករដ្ឋមន្ត្រី​តៃវ៉ាន់ វីលៀម ឡៃ (William Lai) បានប្រកាសថា លោក​បាន​លាលែង​ពី​តំណែង​ហើយ ដើម្បី​ទទួលខុសត្រូវ​បរាជ័យ​ការបោះឆ្នោត​ថ្នាក់មូលដ្ឋាន​កាលពី​ជាង​ពីរ​ខែ​មុន​។ គណៈរដ្ឋមន្ត្រី​ទាំងមូល​របស់លោក ក៏​លាលែង​តាម​លោក​ដែរ​។ បក្ស​កាន់អំណាច​ប្រជាធិបតេយ្យ​ជឿនលឿន បាន​រង​បរាជ័យ​ធ្ងន់​ក​ក្នុងការ​បោះឆ្នោត ឯ​ជ័យជម្នះ​ធ្លាក់​លើ​បក្ស​ជាតិនិយម​គួរ​រ​មីង​តាង ដែល​សព្វ​ថ្ងៃជា​បក្សប្រឆាំង និង​មាន​ទំនោរ​ទៅរក​ចិនប្រជាមានិត​។​

 
​បរាជ័យ​ក្នុងការ​បោះឆ្នោត​ថ្នាក់ក្រោម​ជាតិ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ គឺជា​ការវាយប្រហារ​ដ៏​ធំ​លើ​រដ្ឋាភិបាល​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​។ ប្រធានាធិបតី Tsai Ing-wen បានប្រកាស​លាលែង​ពី​តំណែង​ប្រធាន​បក្ស​ដើម្បី​បង្ហាញ​ការទទួលខុសត្រូវ​ចំពោះ​បរាជ័យ​នេះ​។ នៅ​ថ្ងៃទី​១១ ខែមករា​នេះ នាយករដ្ឋមន្ត្រី វីលៀម ឡៃ ក៏​នឹង​លាលែង​ពី​តំណែង​ដូចគ្នា​ដែរ​ហើយ​មូលហេតុ​វិញ​ក៏​គ្មានអ្វី​ក្រៅពី​តែ​លទ្ធផល​មិន​សមប្រកប​ក្នុងការ​បោះឆ្នោត​នោះដែរ​។​
 
​ប្រាប់​អ្នកសារព័ត៌មាន​នៅឯ​សភា​នៅ​ថ្ងៃទី​១០ ខែមករា នាយករដ្ឋមន្ត្រី​តៃវ៉ាន់​រូបនេះ​និយាយថា ពេលវេលា​បាន​ដល់​ហើយ ហើយ​លោក​នឹង​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ពិសេស​ដើម្បី​ប្រកាស​ការលាលែង​នេះ​។ បើតាម​លោក ឡៃ លោកស្រី​ប្រធានាធិបតី Tsai បាន​យល់ព្រម​លើ​សំណើ​លាលែង​នេះហើយ​។ ជំហាន​បន្ទាប់ ប្រធានាធិបតី នឹង​តែង​តាំ​នាយករដ្ឋមន្ត្រី​ថ្មី ដែល​បេក្ខភាព​អាចជា​អតីត​ប្រធាន​បក្ស​កាន់អំណាច​លោក  Su Tseng-chang ។ 
 
​តាមពិតទៅ ការ​ចុះចេញ​របស់លោក វីលៀម ឡៃ ដែល​ស្បថ​ធ្វើជា​នាយករដ្ឋមន្ត្រី​កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ គឺជា​រឿង​ដែល​គេ​រំពឹងទុក​យូរហើយ ក្រោយ​ការធ្វើ​មិន​បានល្អ​ក្នុងការ​បោះឆ្នោត​ឆ្នាំមុន​។ វា​ជា​ប្រពៃណី​របស់​នយោបាយ​តៃវ៉ាន់​ដែល​នាយករដ្ឋមន្ត្រី​ត្រូវ​លាលែង​ពី​តំណែង​ពេល​បក្ស​របស់ខ្លួន​បរាជ័យ​ក្នុងការ​បោះឆ្នោត​។ វា​ក៏​ជា​រឿង​ធម្មតា​ដែល​សមាជិក​គណៈរដ្ឋមន្ត្រី​ទាំងអស់ សម្រេចចិត្ត​តាម​នាយករដ្ឋមន្ត្រី​នោះ​។​
 
​ការតែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​ដើម្បី​ទទួល​ការងារ​ប្រចាំថ្ងៃ​របស់​រដ្ឋាភិបាល អាចជា​រឿង​ប្រឈម​មួយ​សម្រាប់​លោកស្រី Tsai ។ ខណៈ​ការបោះឆ្នោត​ប្រធានាធិបតី​នឹងធ្វើ​នៅ​ឆ្នាំ​២០២០ លោកស្រី ត្រូវតែ​ស្ដារ​ប្រជាប្រិយភាព​របស់ខ្លួន​ឡើងវិញ ដែល​សព្វថ្ងៃ​កំពុង​ដាំ​ក្បាល​ចុះ​ខ្លាំង​ដោយសារ​បញ្ហា​សេដ្ឋកិច្ច ក៏ដូចជា​ទំនាក់ទំនង​ជាមួយ​ប៉េកាំង​ផង​នោះ​។ បច្ចុប្បន្ន ក្រុង​ប៉េកាំង​បានដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ងាក​ទៅរក​ឯករាជ្យ​នេះ​យ៉ាងខ្លាំង ហើយ​គំរាម​ប្រើ​ទ័ព​ផង​។​
 
​ស្របពេល​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​នៅសល់​មួយឆ្នាំ​ទៀត​នោះ មាន​សមាជិក​បក្ស​កាន់អំណាច​ខ្លះ​មិន​ចង់​ឲ្យ​លោកស្រី Tsai ឈ្មោះ​ប្រជែង​សម្រាប់​អាណត្តិ​ទី​ពីរ​ឡើយ ខណៈ​លោកស្រី​នៅ​មិនទាន់​ប្រកាស​ជា​ផ្លូវការ​ថា នឹងចូលរួម​ការបោះឆ្នោត​ទៀត​ឬ​យ៉ាងណាទេ​។ ជុំវិញ​បេក្ខភាព​នាយករដ្ឋមន្ត្រី​ថ្មី​ដែលមាន​ភារៈ​ស្ដារ​ប្រជាប្រិយភាព​រដ្ឋាភិបាល​វិញ គឺជា​អតីត​អភិបាលក្រុង​តៃប៉ិ​ដែល​ទើប​បាត់​តំណែង​ក្នុងការ​បោះឆ្នោត​ខែវិច្ឆិកា ឆ្នាំ​២០១៨ ថ្មីៗ​នេះ​៕
 

Tag:
 តៃវ៉ាន់​
  William Lai
  Tsai Ing-wen
© រក្សាសិទ្ធិដោយ thmeythmey.com