ជាតិ
អ្នកស្រាវជ្រាវថា ការតុបតែងព្រះភក្ត្របដិមានៅប្រាសាទមិនមែនជារឿងចម្លែកទេ រូបភាព៖ ហ្វេសប៊ុក Thorn Theara
× សៀមរាប៖ នៅពេលថ្មីៗនេះ មានការភ្ញាក់ផ្អើល រួមនិងការរិះគន់ខ្លះៗ ទៅនឹងរូបព្រះភក្ត្របដិមាមួយអង្គនៅប្រាសាទបាយ័ន ដែលត្រូវបានគេតុបតែងខុសពីទម្រង់ដើម។ សម្រាប់អ្នកសិក្សាស្រាវជ្រាវយល់ថា ហេតុការណ៍នេះមិនមែនជារឿងចម្លែកទេ ផ្ទុយទៅវិញគួរតែគាំទ្រ និងលើកទឹកចិត្ត ដ្បិតថាបានបង្ហាញពីទំនៀមប្រពៃណីបុរាណខ្មែរ ដែលមានមិនដាច់តមកដល់បច្ចុប្បន្ននេះ។
ក្រោយលេចចេញរូបភាពព្រះបដិមាមួយអង្គ ដែលត្រូវគេតុបតែងព្រះភក្ត្រនោះមក មហាជនមួយចំនួនបានរិះគន់ចំពោះទង្វើអ្នកប្រព្រឹត្តិ ខ្លះទៀតក៏បានរិះគន់ដល់ការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាផងដែរ។ យ៉ាងណា អ្នកសិក្សាស្រាវជ្រាវដែលយល់ច្បាស់ពីបញ្ហានេះ ចាត់ទុកថាជារឿងធម្មតា ដែលតែងកើតចេញពីអ្នកមានជំនឿជាប់ពីបុរាណមក។
លោក អ៊ឹម សុខរិទ្ធី អនុប្រធានមជ្ឈមណ្ឌលអន្ដរជាតិ ស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រូបបដិមានៅប្រាសាទបាយ័នដែលត្រូវគេតុបតែងនោះ មិនមែនជារឿងចម្លែកទេ ផ្ទុយទៅវិញគួរតែ ត្រេកអរ ដ្បិតវាជាកិច្ចពិធីសាសនាដែលបន្តពីបុរាណមក។ លោកបន្ថែមថា ទង្វើនេះបង្ហាញពីតម្លៃនៃទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលត្រូវបានអ្នកភូមិគោរពមិនដាច់ ទោះស្ថិតក្នុងទម្រង់ប្រតិបត្តិរបៀបផ្សេង តែបានចាត់ទុកព្រះអង្គនោះជាមនុស្សដែលមានព្រលឹង មិនមែនជាដុំថ្ម។
តាមការពន្យល់របស់លោក អ៊ឹម សុខរិទ្ធី បដិមាដែលតម្កល់នៅតាមប្រាសាទ តាមព្រះវិហារ និងទីសក្ការបូជាផ្សេងៗ គឺសុទ្ធតែមានវិញ្ញាណ ដែលចាត់ទុកដូចមនុស្សមួយរូបដែរ ត្រូវការអាហារ ងូតទឹក តុបតែងខ្លួន មានគ្រឿងអលង្ការ និងសំលៀកបំពាក់-ល- គឺផ្សេងពីរូបបដិមាដែលតម្កល់នៅសារមន្ទីរ។ លោកបន្តថា កិច្ចពិធីដូចគ្នានេះក៏នៅបន្តធ្វើតាមប្រទេសមួយចំនួន ដូចជាឥណ្ឌា ដែលព្រះបដិមានៅតាមប្រាសាទផ្សេងៗ ត្រូវបានគេចាត់ទុកដូចព្រះសង្ឃមួយអង្គយ៉ាងដូច្នោះដែរ។
ផ្ទុយពីការរិះគន់ខាង សម្រាប់អ្នកស្រាវជ្រាវបានមើលឃើញទង្វើដែលតុបតែងព្រះភក្ត្របដិមាខាងលើ ជាសញ្ញាល្អទៅវិញ ព្រោះវាបង្ហាញថា អរិយធម៌ខ្មែរបុរាណមិនទាន់ស្លាប់នៅឡើយ។ លោក អ៊ឹម សុខរិទ្ធីពន្យល់ថា៖« បើយើងប្រកាន់ដូចអ្នកចេះដឹងបច្ចុប្បន្ននេះខ្លះ ដូចយើងកំពុងសម្លាប់ទំនៀមប្រពៃណីខ្លួនឯងដូច្នោះដែរ យើងគួរលើកទឹកចិត្ត វាជាការល្អ មិនមែនជារឿងអាក្រក់ទេ កុំឱ្យតែអង្គុយពីលើ ឬធ្វើលើសពីនេះ»។ លោកបន្ថែមថា បេតិកភណ្ឌអង្គរជាបេតិកភណ្ឌរស់ មិនមែនជាបេតិកភណ្ឌស្លាប់ដូចកន្លែងផ្សេងដែលគ្រាន់តែថតរូបតែប៉ុណ្ណោះទេ តែអង្គរទាំងប្រាសាទ និងព្រះបដិមា នៅមានព្រលឹង ហើយនៅមានអ្នកភូមិគោរពបូជា និងបន់ស្រន់រាល់ពិធីផ្សេងៗ។
ឧទាហរណ៍ជាក់ស្ដែងដែលអង្គរជាបេតិកភណ្ឌរស់ទៀតនោះ គឺថ្នាក់ដឹកនាំតូច ធំ មានព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រី សុទ្ធតែបានរៀបចំពិធីសាសនា បួងសួង នៅតំបន់នេះ ដែលកាន់តែបង្ហាញថា ព្រះមានព្រលឹង និងនៅតែថែរក្សាមនុស្សលោកជានិច្ច។ នេះជាបញ្ជាក់បន្ថែមរបស់លោក អ៊ឹម សុខរិទ្ធី មុននឹងលើកពីរូបសំណាក់យាយទេព និងព្រះអង្គចេក ព្រះអង្គចម ដែលរៀងរាល់ថ្ងៃមានមនុស្សរាប់រយនាក់គោរពបូជា និងចូលទៅអង្អែល បំណងសុំសេចក្ដីសុខតាមបំណងប្រាថ្នារៀងៗខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com