អន្តរជាតិ
អាមេរិក​ប្រមូល​សម្ព័ន្ធមិត្ត​មជ្ឈិមបូព៌ា​បង្កើត​សម្ព័ន្ធភាព​ថ្មី ដើម្បី​ទប់ទល់​អ៊ីរ៉ង់​
11, Jan 2019 , 2:16 pm        
រូបភាព
​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ នៅ​ថ្ងៃទី​១០ ខែមករា បានប្រកាសថា អាមេរិក និង​សម្ព័ន្ធមិត្ត​តំបន់​មជ្ឈិមបូព៌ា នឹង​សហការគ្នា​បណ្ដេញ​អ៊ីរ៉ង់​ឲ្យ​ផុតពី​ទឹកដី​ស៊ី​រី​។ អំឡុងពេល​ឈប់​សំចត​នៅ​អេ​ហ្ស៊ី​ប លោក ប៉ុ​ម​ប៉េ​អូ បាន​អំពាវនាវ​មិត្តភក្តិ​អាមេរិក​ក្នុង​តំបន់​ឲ្យ​ចាប់ដៃ​ដើម្បី​ទប់ទល់​ឥទ្ធិពល​អ៊ីរ៉ង់​ដែល​កំពុង​សាយភាយ​ខ្លាំង​ក្នុង​តំបន់​ដ៏​បែកបាក់​មួយ​នេះ​។

 
 
​ចេញពី​ហ្ស៊​កដា​នី លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ទៅដល់​អេ​ហ្ស៊ី​ប ដែលជា​ទីសំចត​មួយទៀត​ក្នុង​ដំណើរ​ទស្សនកិច្ច​៩​ប្រទេស​នៅ​តំបន់​មជ្ឈិមបូព៌ា​។ ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​វែង​នេះ ធ្វើឡើង​ដើម្បី​ផ្ដល់​ការធានា​ទៅកាន់​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ថា អាមេរិក​មិន​ដកខ្លួន​ពី​ម​ជ្ឈិ​បូព៌ា​ឡើយ ខណៈ​សម្ព័ន្ធមិត្ត​ទាំងនោះ​កំពុង​ជ្រួលច្របល់​ក្នុង​ចិត្ត ក្រោយ​លោក ដូ​ណា​ល់ ត្រាំ សម្រេចចិត្ត​ដកទ័ព​ចេញពី​ស៊ី​រី​។​
 
​ពី​រដ្ឋធានី​គែរ លោក ប៉ុ​ម​ប៉េ​អូ បានប្រកាស​បណ្ដេញ​អ៊ីរ៉ង់​ពី​ទឹកដី​ស៊ី​រី​។ នាឱកាស​ថ្លែង​សុន្ទរកថា​ក្នុង​សាកលវិទ្យាល័យ​មួយ​នៅ​ថ្ងៃទី​១០ ខែមករា បានស្នើ​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក​ដែលជា​គូសត្រូវ​គ្នា បំភ្លេច​គំនុំ​ចាស់ ដើម្បី​ភាពល្អប្រសើរ​ក្នុង​តំបន់​។ លោក​បន្តថា អាមេរិក​នឹង​ចាប់ដៃ​ជាមួយ​សម្ព័ន្ធមិត្ត​បណ្ដេញ​អ៊ីរ៉ង់​ចេញពី​ទឹកដី​ស៊ី​រី​តាម​ផ្លូវការ ក៏ដូចជា​ជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង សំដៅ​បង្កើត​សន្តិភាព និង​ស្ថិរភាព​ឲ្យ​ប្រជាជន​ស៊ី​រី​ផង​។​
 
​ក្នុងន័យនេះ ប្រមុខ​ការទូត​អាមេរិក​រូបនេះ​ក៏​នឹង​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដើម្បី​ឈានទៅ​បង្កើត «​សម្ព័ន្ធភាព​យុទ្ធសាស្ត្រ​មជ្ឈិមបូព៌ា​» នៅពេល​ខាងមុខ​។ សមាជិក​នៃ​សម្ព័ន្ធភាព​ថ្មី​នេះ​មាន​រដ្ឋ​មកពី​ក្រុមប្រឹក្សា​ឈូង​សមុទ្រ​ទាំងអស់ អេ​ហ្ស៊ី​ប និង​ហ្ស៊​កដា​នី​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ លោក ប៉ុ​ម​ប៉េ​អូ បានស្នើ​ឲ្យ​ប្រទេស​ទាំងនេះ ពួតដៃ​សាមគ្គី​គ្នា​ដើម្បី​ឲ្យ​សម្ព័ន្ធភាព​ថ្មី​អាច​លេច​ជា​រូបរាង​បាន​ឆាប់រហ័ស​។ 
 
​មន្ត្រីការទូត​ជាន់ខ្ពស់​រូបនេះ​ក៏​អះអាង​ជាថ្មី​ដែរ​ថា ផែន​ការដក​កងទ័ព​អាមេរិក​ពី​ស៊ី​រី មិន​ផ្លាស់ប្ដូរ​ឡើយ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​សម​ភាគី​អេ​ហ្ស៊ី​ប Sameh Shukry លោក ប៉ុ​ម​ប៉េ​អូ លើកឡើងថា អាមេរិក​នឹង​ដក​ទាំងអស់ ទាំង​ទាហាន​ឯកសណ្ឋាន ពី​ស៊ី​រី តែ​មិនមែនជា​ការឈប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​មួយ​នេះឡើយ​។ ពោល គឺ​អាមេរិក​នៅតែ​អាចធ្វើ​អន្តរាគមន៍​យោធា​នៅ​ស៊ី​រី​ដដែល បើសិនជា​ករណី​តម្រូវ​នោះ​។​
 
​ទំនាក់ទំនង​អាមេរិក និង​ប្រទេស​នៅ​មជ្ឈិមបូព៌ា​ក្នុង​រដ្ឋបាល​លោក ត្រាំ ត្រូវបាន​លោក ប៉ុ​ម​ប៉េ​អូ ហៅថា ជាការ​ចាប់ផ្ដើម​ថ្មី​។ ទស្សនកិច្ច​របស់លោក​នេះ ក៏មាន​គោលដៅ​បញ្ចុះបញ្ចូល​ឲ្យ​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​ជ​ម្ឈិ​ម​បូព៌ា​បន្ត​ការប្រឹងប្រែង​របស់​ពួកគេ​ក្នុងការ​បោសសម្អាត​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ដែល​សេសសល់​នៅឡើយ​៕  
 

Tag:
 ​អាមេរិក​
  មជ្ឈិមបូព៌ា​
  អ៊ីរ៉ង់​ម៉ៃ ប៉ុ​ម​ប៉េ​អូ​
© រក្សាសិទ្ធិដោយ thmeythmey.com