ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ប្រាប់​អន្តរជាតិ​ថា​គួរតែ​ជជែក​គ្នា បើ​ចង់​ឲ្យ​ពួក​ប្រឆាំង​រស់​
14, Jan 2019 , 3:41 pm        
រូបភាព
នាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្លងកាត់រាជធានីភ្នំពេញនិងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។ រូបពីក្រសួងសាធារណការ
នាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្លងកាត់រាជធានីភ្នំពេញនិងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។ រូបពីក្រសួងសាធារណការ
​ប្រមុខ​រដ្ឋាភិបាល ប្រាប់​ឲ្យ​សហគមន៍​អន្តរជាតិ បោះបង់ចោលវប្បធម៌​នៃ​ការព្រមាន​ដាក់ទណ្ឌកម្ម ហើយ​គួរតែ​ងាក​មក​និយាយ​គ្នា​វិញ បើ​ចង់​សម្រួល​ស្ថានការណ៍​នៅ​កម្ពុជា​។ អតីតមន្ត្រី​គណបក្ស​គណ​ប្រឆាំង សាទរ​ចំពោះ​ឥរិយាបថ​នេះ​ ហើយសង្ឃឹមថា ការចរចា នឹងកើតមានឡើង ដើម្បីឈានទៅរកដំណោះស្រាយនយោបាយ។​

 
 
​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណបក្សកាន់អំណាច បង្ហើប​ពី​លទ្ធភាព​នៃ​ការកើតឡើង​នូវ​ការចរចា​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​សហគមន៍​អន្តរជាតិ​។ ក្នុង​រឿងនេះ នាយករដ្ឋមន្ត្រី​កម្ពុជា បានផ្តល់​ជម្រើស​ពីរ ឲ្យ​សហគមន៍​អន្តរជាតិ ជាពិសេស​សំដៅទៅ​កាន់​សហភាព​អឺរ៉ុប ដើម្បី​ឲ្យ​ពិចារណា​និង​សម្រេចចិត្ត​។ 
 
​ជម្រើស​ទីមួយ គឺ​រដ្ឋាភិបាល​កម្ពុជា សុខចិត្ត​ចរចា បើ​សហគមន៍​អន្តរជាតិ យល់ព្រម​។ ចំណែក​ជម្រើ​ស​ទី​ពីរ គឺ បើ​សហគមន៍​អន្តរជាតិ មិន​ព្រម​ចរចា តែ​បែរជា​បន្ត​ដាក់ទណ្ឌកម្ម​វិញ​នោះ រដ្ឋាភិបាល​កម្ពុជា នឹង​ប្រឹង​ទប់ទល់ ដោយ​មិន​ចុះ​ញ៉ម​ជាដាច់ខាត​។  
 
​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​នេះ ប្រមុខ​រដ្ឋាភិបាល បាន​ផ្ញើ​សារ​ទៅ​សហគមន៍​អន្តរជាតិ​ថា បើ​ចរចា អាច​នឹង​មានផល​ល្អ​សម្រាប់ក្រុមប្រឆាំង។  ផ្ទុយ​មកវិញ បើ​កម្ពុជា ពិតជា​រង​ការដាក់ទណ្ឌកម្ម​ណាមួយ​ពី​សហគមន៍​អន្តរជាតិ រដ្ឋាភិបាល នឹង​ឆ្លើយតប​វិញ​ជាមិនខាន ដោយ​ចាត់វិធានការ​កាន់តែខ្លាំង លើ​ក្រុមប្រឆាំង​នៅក្នុង​ប្រទេស​។ 
 
​នាយករដ្ឋមន្ត្រី​កម្ពុជា សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​និយាយ​ត្រឹម​ប៉ុណ្ណឹង ល្មម​យល់​គ្រប់គ្នា​ហើយ​។ បើ​ចង់​ឲ្យ​ពួក​ប្រឆាំង​ងាប់ អាហ្នឹង​កាត់ [​ការអនុគ្រោះ​ពន្ធ​ឬ​ដាក់ទណ្ឌកម្ម​ទៅ​]​។ បើ​ចង់​ឲ្យ​ពួក​ប្រឆាំង​រស់ កុំ​ធ្វើ​....​តែ​មក​ជជែក​គ្នា ពិភាក្សាគ្នា កែលម្អ​សភាពការណ៍​ជាមួយគ្នា បន្ត​ទៅមុខ​ជាមួយគ្នា ក្នុង​ភាពជា​ដៃគូ​ស្មើភាព លើ​ការគោរព​ឯករាជ្យ​និង​អធិបតេយ្យ​។ គេ​រង់ចាំ​ជំហាន​របស់​យើង​ដើរ យើង​ក៏​រង់ចាំ​ជំហាន​របស់គេ​ដើរ​ដែរ​»​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី ព្រមាន​ទៀតថា មិន​ត្រឹមតែ​បន្ត​ចាត់វិធានការ​នោះទេ សូម្បី​អ្នកប្រឆាំង ដែល​គួរតែ​នឹង​រួច​ទោស​ទៅហើយនោះ ក៏​នឹងត្រូវ​ប្រែក្លាយជា​មិន​រួច​ទៅវិញ ហើយ​ថែមទាំង​ត្រូវ​បន្ត​ទទួលទោស​ដដែល​។ សម្តេច​បាន​ផ្តាំ​ថា បើ​ឈានដល់​ដំណាក់​កាលនោះ​ហើយ សហគមន៍​អន្តរជាតិ គ្មាន​សិទ្ធិ​អ្វី ដែល​ត្រូវ​មក​និយាយ​ឡើយ​។​
  
​មេដឹកនាំ​កម្ពុជា ប្រាប់​ទៅ​អ្នកប្រឆាំង​ថា​៖«​ពួកអ្នកឯង ធ្វើ​អាក្រក់ ខ្ញុំ​អនុវត្ត​ច្បាប់​។ អ្នកឯង​ទៅប្តឹង​ចៅហ្វាយ​របស់​អ្នកឯង ឲ្យ​ធ្វើបាប​ខ្ញុំ ខ្ញុំ​ជាន់ក​អ្នកឯង​ថែម​។ បន្ទាប់មក មេដឹកនាំ​រូបនេះ ក៏បាន​ប្រាប់​ទៅ​សហគមន៍​អន្តរជាតិ​វិញ​ម្តងថា​៖«​ការដាក់ទណ្ឌកម្ម​ចំពោះ​កម្ពុជា មានតម្លៃ​ស្មើនឹង​សម្លាប់​គណបក្សប្រឆាំង​។ យើង រង់ចាំ​ជំហាន​អ្នក​ខាង​នុ៎ះ​ដើរ​។ បើ​ខាង​នុ៎ះ​ដើរ​ត្រង់ ខ្ញុំ​ក៏​ដើរ​ត្រង់​ដែរ​។ បើ​អ្នកឯង​ដើរ​ផ្លូវ​វាង​ហើយ ខ្ញុំ​ក៏​ដើ​រវាងផ្លូវ​ដែរ​»​។

សម្តេច ហ៊ុន សែន បានប្រកាស​ខ្លាំងៗ​ថា បើសហគមន៍អន្តរជាតិ មិនព្រមចរចា ហើយសម្រេចដាក់ទណ្ឌកម្មក៏ដោយ ក៏កម្ពុជា នៅតែ​អាច​រស់​ដោយ​ខ្លួនឯង ដោយ​មិន​ឲ្យ​គេ​ប្រមាថ​នោះទេ ជាពិសេស​ពាក់ព័ន្ធ​នឹង​ឯករាជ្យ​និង​អធិបតេយ្យ​។ មេដឹកនាំ​កម្ពុជា បង្ហាញ​ជំហរ​បែបនេះ​ថា​៖«​អា​ល្បែង​គំរាម​ដក​នេះ​ដក​នោះ ដាក់ទណ្ឌកម្ម​នេះ ទណ្ឌកម្ម​នោះ ល្មម​ឈប់​ហើយ​។ លើ​ពិភពលោក​នេះ គេ​ធុញទ្រាន់​ខ្លាំងណាស់​។ ខ្ញុំ ធ្លាប់​ដឹកនាំ ក្នុងពេលដែល​គេ​ហ៊ុមព័ទ្ធ​ទាំង​នយោបាយ ទាំង​សេដ្ឋកិច្ច ប៉ុន្តែ​ខ្ញុំ បាន​ចម្លង​ប្រជាជន តាំងពី​ជាង​៥​លាន​នាក់ រហូត​ឡើងដល់​១៦​លាន​នាក់​ទៅហើយ​រាល់ថ្ងៃនេះ​»​។​
 
​យ៉ាងណាក៏ដោយ មេដឹកនាំ​កម្ពុជា​រូបនេះ ចង់បាន​ជម្រើស​ទីមួយ​ជាជាង​ជម្រើស​ទី​ពីរ​។ ប្រធាន​គណបក្សកាន់អំណាច បានបង្ហាញ​ឆន្ទៈ​ថា​៖«​យើង​អត់​ចង់បាន​នូវ​សភាពការណ៍​បែបនេះ​ទេ​។ យើង​គ្រាន់តែ​ចង់បាន​ថា កម្ពុជា​គឺជា​ប្រទេសមួយ​ដែល​ឯករាជ្យ ដែល​អនុវត្ត​ច្បាប់​ខ្លួនឯងបាន និង​ជា​ប្រទេសមួយ ដែលមាន​ចំណង​ជាមួយ​ប្រទេស​ជាច្រើន​នៅលើ​ពិភពលោក​»​។ 
 
​សារ​ទីមួយ​របស់​ថ្នាក់ដឹកនាំ​កម្ពុជា បានធ្វើ​ឲ្យ​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីតមន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់​គណបក្សប្រឆាំង ដែល​កំពុង​រស់នៅក្នុង​ស្រុក សប្បាយចិត្ត​និង​គាំទ្រ​។ លោក ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ ស្វាគមន៍​។ ខ្ញុំ​អត់​ចង់ឃើញ​សហគមន៍​អន្តរជាតិ​តប​ខ្លាំងពេក​ទេ  ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​»​។ 
 
​បន្ទាប់មក អតីតមន្ត្រី​គណបក្សប្រឆាំង​រូបនេះ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ក៏​ដូច​គណបក្សកាន់អំណាច បន្ទន់ឥរិយាបថ​បន្តិច ដើម្បី​ទទួលយក​លក្ខខណ្ឌ​មួយចំនួន​របស់​សហគម​ន៍​អន្តរជាតិ​។ លោក បញ្ជាក់ថា​៖«​បើ​មាន​ការជជែក​គ្នា​មែន យើង​អាច​ដោះស្រាយ​បញ្ហានយោបាយ ហើយ​យើង​បាន​ប្រយោជន៍​សម្រាប់​ជាតិ​យើង​»​។ 
 
​ចំពោះ​សារ​ទី​ពីរ​របស់​ប្រមុខ​រដ្ឋាភិបាល អតីតមន្ត្រី​គណបក្សប្រឆាំង​ខាងលើ មិន​ចង់​ឲ្យ​កើតឡើង​នោះទេ​។ លោក លើកឡើងថា​៖«​បើ​មានការ​គាបសង្កត់​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ អ្នកប្រឆាំង​ក្នុងប្រទេស អាច​នឹង​មានការ​រឹតត្បិត កាន់តែខ្លាំង​ឡើង​។ ខ្ញុំ​យល់ច្បាស់​ណាស់ អត់​មានអី​សង្ស័យ​ទេ​»​។ 
 
​លោក សង្ឃឹមថា សហគមន៍​អន្តរជាតិ​និង​រដ្ឋាភិបាល​កម្ពុជា នឹង​ឈានដល់​ការចរចា ដោយ​បញ្ឈប់​ការប្រឈមមុខ​ដាក់គ្នា​។ លោក អះអាងថា​៖«​យើង​មិន​ចង់​មាន​សភាព​ធ្ងន់ធ្ងរ​ខាងសេដ្ឋកិច្ច​ទេ​។ បើ​មាន​ការដាក់​សម្ពាធ​ខ្លាំង​មែន វា មិនមែន​តែ​គណបក្សប្រឆាំង​ទេ គឺ​ប្រជាពលរដ្ឋ​ទាំងមូល ដែល​រង​ផល​ពិបាក​»​។ 
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណ​ប្ស​កាន់អំណាច សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម លើស​ម្តី​របស់​សម្តេច ហ៊ុន សែន ឡើយ​។ ប៉ុន្តែ លោក គ្រាន់តែ បកស្រាយ​ថា អ្នក​ដែល​ប្រកាស​មិន​ចរចា គឺ​លោក សម រង្ស៊ី មិនមែន សម្តេច ហ៊ុន សែន នោះទេ​។ 
 
​តាមរយៈ​ការផ្តល់​បទ​សម្ភាស​ដល់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​រូបនេះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​កុំ​យល់ច្រឡំ​...​គឺ​លោក សម រង្ស៊ី ដែល​និយាយថា​អត់​ចរចា​ជាមួយ​សម្តេច ហើយ​ថា​ទុក​ឲ្យ​អន្តរជាតិ ជា​អ្នកចរចា​។ មិនមែន​សម្តេច ជា​អ្នក​លុបចោល​ការចរចា​ទេ​»​។​
 
​កន្លងមក លោក សម រង្ស៊ី បានប្រកាសថា លោក ក៏ដូចជា​គណបក្សប្រឆាំង​ទាំងមូល មិន​ចរចា​ជាមួយ​គណបក្សកាន់អំណាច និង​រដ្ឋាភិបាល​កម្ពុជា​ឡើយ ដោយ​ទុក​ឲ្យ​សហគមន៍​អន្តរជាតិ ជា​អ្នកចរចា​វិញ​។ ប្រធានស្តីទី​នៃ​អតីត​គណបក្សប្រឆាំង​រូបនេះ យល់ថា សម្រាប់​ស្ថានភាព​ពេលនេះ មានតែ​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ ទើប​អាច​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែប្រែ​ឥរិយាបថ​។ 
 
​លោក សម រង្ស៊ី បានទាមទារ​៥​ចំណុច​ពី​រដ្ឋាភិបាល​កម្ពុជា គឺ​ដោះលែង​លោក កឹម សុខា ទម្លាក់​បទ​ចោទ​ចេញពី​ថ្នាក់ដឹកនាំ​ទាំង​អស់នៃ​អតីត​គណបក្សប្រឆាំង ឲ្យ​គណបក្សប្រឆាំង ធ្វើ​សកម្មភាព​ដូច​មុន ប្រគល់​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដល់​មន្ត្រី​គណបក្សប្រឆាំង​វិញ និង បោះឆ្នោត​សាជាថ្មី​។ 
 
​ក្នុងចំណោម​សហគមន៍​អន្តរជាតិ គេ​សង្កេតឃើញ សហរដ្ឋ​អា​មេ​រិ​កនិង​សហភាព​អឺរ៉ុប ដែលបានចេញ​មុខ​ចេញ​មាត់​ខ្លាំងជាងគេ ក្នុងការ​ព្រមាន​ដាក់​សម្ពាធ​និង​ទណ្ឌកម្ម​មកលើ​រដ្ឋាភិបាល​កម្ពុជា​។
 
​បច្ចុប្បន្ន សហភាព​អឺរ៉ុប កំពុងដំណើរការ​នីតិវិធី​នៃ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA (Everything but Arms) ចេញពី​កម្ពុជា​។ នីតិវិធី​នេះ ត្រូវ​ប្រើពេល​១២​ខែ ហើយ​ក្រោយមក​ទើប​សហភាព​អឺរ៉ុប សម្រេច​ជា​ផ្លូវការ​ថា ដក​ឬ​មិន​ដក​។ មកដល់​ពេល ដំណើរការ​នីតិវិធី​នេះ មាន​រយៈពេល​ជិត​៦​ខែ​ហើយ​។ 
 
​ចំណែក​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ឯណោះ​វិញ ក៏​កំពុង​ផ្តើមគំនិត​ធ្វើ​សេចក្តីស្នើច្បាប់​មួយ​ស្តីពី «​ពាណិជ្ជកម្ម​កម្ពុជា​ឆ្នាំ​២០១៩»​។ គោលបំណង​នៃ​ការធ្វើ​ច្បាប់​នេះ គឺ​ដើម្បី​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក ពិនិត្យឡើងវិញ​លើ​ការអនុគ្រោះ​ពន្ធ​នៃ​ការ​នាំចូល​ទំនិញ​ពី​កម្ពុជា តាមរយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មួយ ដែល​ហៅថា (General System Preference (GSP)​។ 

អត្ថបទទាក់ទង

​កន្លងមក សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប បាន​ចាត់វិធានការ​ជាក់ស្តែង​រួចហើយ ដោយ​រឹតបន្តឹង​ក្នុងការ​ផ្តល់​ទិដ្ឋាការ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​របស់​កម្ពុជា និង​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួកគេ ព្រមទាំង​ការដក​ជំនួយ​លើ​ការបោះឆ្នោត​ថែមទៀត​។ 
 
​ដៃគូ​ទាំងពីរ​នេះ ទើសចិត្ត​ដូចគ្នា ពេល​គណបក្សប្រឆាំង​ដ៏​ធំជាងគេ​នៅ​កម្ពុជា ត្រូវបាន​រំលាយចោល ហើយ​ប្រធាន​គណបក្ស​នេះ​ត្រូវ​ចាប់ខ្លួន បូក​រួមទាំង​ការហាមឃាត់​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​នេះ មិន​ឲ្យ​ធ្វើ​នយោបាយ​ថែមទៀត​។ ប្រទេស​ទាំងពីរ​នេះ ក៏​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ផងដែរ ថា​បាន​រឹតត្បិត​សារព័ត៌មាន និង​សង្គម​ស៊ីវិល​។ 
 
​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​ខាងលើ គឺជា​មូលហេតុ​ចម្បង ដែល​នាំ​ឲ្យ​មានការ​ព្រមាន​ដាក់ទណ្ឌកម្ម​ជា​បន្តបន្ទាប់ ពី​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​ខ្លះទៀត​៕
 

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
  អ៊ូ ច័ន្ទ​រ័ត្ន​
© រក្សាសិទ្ធិដោយ thmeythmey.com