ជាតិ
រថយន្ត
ចិន គ្រោងវិនិយោគលើផ្លូវរថភ្លើងល្បឿនលឿនប្រើពន្លឺព្រះអាទិត្យ ពីភ្នំពេញទៅកំពត
× ភ្នំពេញ៖ ក្រុមហ៊ុនចិន គ្រោងវិនិយោគលើគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនពីភ្នំពេញទៅខេត្តកំពត ដោយប្រើពន្លឺព្រះអាទិត្យ។
ក្នុងជំនួបពិភាក្សាជាមួយក្រុមហ៊ុនចិន លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកយកទីតាំងភូមិសាស្ត្រ និងសក្តានុពលខេត្ត ប្រាប់ទៅក្រុមហ៊ុនចិន។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗលោក ជាវ តាយ បានបញ្ជាក់ថា ទីតាំងនៃផ្លូវរថភ្លើងល្បឿនលឿន ដែលគ្រោងនឹងសាងសង់មាន៣ជម្រើសរួមមាន ទី១ សាង់សង់ផ្លូវរថភ្លើងថ្មីល្បឿនលឿន និងសិក្សាអំពីតម្លៃក្នុងការសាងសង់ ។ ទី២ សាងសង់លើផ្លូវរថភ្លើងចាស់ ពីភ្នំពេញ-កំពត ដែលនឹងមានការពិភាក្សាគ្នាជាមួយខាងក្រុមហ៊ុន Rolal Railway Cambodia ជាក្រុមហ៊ុនផ្លូវរថភ្លើងនៅកម្ពុជា និងចុងក្រោយ នៅពេលធ្វើការសាងសង់ដំណើរការផ្លូវរថភ្លើងរួច ប្រគល់ឲ្យខាងក្រុមហ៊ុនវិនិយោចិនអ្នកគ្រប់គ្រងវិញ។ «នេះគ្រាន់តែជាកិច្ចពិភាក្សាលើដំបូង ដែលគ្រាន់តែសិក្សា និងពិគ្រោះយោបល់គ្នាតែប៉ុណ្ណោះ»។ នេះជាការបញ្ជាក់របស់លោកអភិបាលខេត្តកំពត។
ចំពោះផលប៉ះពាល់ ដែលជាកត្តាចម្បងសម្រាប់សិក្សាការសាងសង់គម្រោងនេះ គឺសិក្សាលើផលប៉ះពាល់ទ្រព្យសម្បត្តិប្រជាជន សាធារណៈ និងធនធានធម្មជាតិផងដែរ។ នេះបើតាមជំនួយការរបស់អភិបាលខេត្តកំពតលោក ឡាយ ទេពពិទូ ។
ជំនួយការអភិបាលខេត្តរូបនេះ សង្កត់ធ្ងន់ដូច្នេះថា៖«គោលបំណងដែលក្រុមហ៊ុនវិនិយោគចិនឈ្មោះ STM(Sino Tram Manufacturing Co.,Ltd) ចង់មកវិយោគផ្លូវរថភ្លើងល្បឿនលឿននៅខេត្តកំពត គឺដោយសារខេត្តកំពតជាទីតាំងតំបន់ទេសចរណ៍មានមនុស្សកើនឡើងច្រើន បរិយាកាសល្អ ភ្ញៀវទេសចរក៏កើនឡើងច្រើន និងសម្បូរទីតាំងតំបន់ទេសចរណ៍ ជាពិសេសខេត្តកំពតគ្រោងបង្កើតឆ្នេរកម្សាន្ដថ្មីមួយនាពេលខាងមុខនេះ។ ដូច្នេះគេជឿរថានឹងមានមនុស្សជាច្រើនចូលចិត្តតំបន់ថ្មីនេះ។ កត្តាមួយទៀតគឺ កត្តាសេដ្ឋកិច្ចនៅខេត្តកំពត មានសក្ដានុពលកើនឡើង ហើយតាមការសង្កេតមើលដីនៅខេត្តកំពត ក៏មានការតម្លៃកើនឡើងផងដែរ។ ហេតុនេះគេជឿថា មនុស្សគ្រប់គ្នាប្រាកដជាចូលចិត្ត កន្លែងថ្មី បរិយាកាសថ្មី នឹងមកទីតាំងខេត្តកំពតកាន់តែច្រើន»។
ចំណែកក្រុមហ៊ុនចិន បានលើកឡើងពីគម្រោងសាងសង់ផ្លូវរថភ្លើងនៅលើផ្លូវជាតិចំកណ្ដាលទ្រូងផ្លូវ ដូចនៅប្រទេសចិន ដែលក្រុមហ៊ុនបានអះអាង ការសាងសង់បែបនេះ វាមិនបង្កឲ្យមានផលប៉ះពាល់នោះទេ។ គម្រោងសាងសង់រថភ្លើងល្បឿនលឿននេះ គឺក្រុមហ៊ុនចិនកំពុងសិក្សាពីរយៈចម្ងាយ និងទីតាំងផ្លូវពីរគឺ លើផ្លូវរថភ្លើងចាស់ និងផ្លូវជាតិលេខ៣។ នេះបើតាមលោក ឡាយ ទេពពិទូ៕
© រក្សាសិទ្ធិដោយ thmeythmey.com