រថយន្ត
អន្តរជាតិ
ទីផ្សារ​យានយន្ត​ឥណ្ឌា​នឹង​ឈានទៅ​ដណ្តើម​លេខ​បី​ពី​ជប៉ុន​នៅ​ឆ្នាំ​២០២១
14, Jan 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​សន្ទុះ​នៃ​ការលក់​យានយន្ត​របស់​ឥណ្ឌា បាន​នាំ​ឲ្យ​ពួកគេ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​៤​ពី​អាល្លឺម៉ង់​ក្នុង​ទីផ្សារ​យានយន្ត (World Largest Auto Market) ហើយ​រំពឹងថា អាច​ប្រជែង​យក​ចំណាត់ថ្នាក់​ទី​៣​ពី​ជប៉ុន​បន្ថែមទៀត​នៅ​ឆ្នាំ​២០២១​។ នេះ​បើតាម​ការផ្សាយ​របស់ Financial Times​។​

 
​កាលពី​ឆ្នាំ​២០១៨ ការលក់​រថយន្ត​ប្រភេទ​ពាណិជ្ជកម្ម និង​ដឹក​អ្នកដំណើរ​នៅ​ឥណ្ឌា  មាន​កំណើន​៨,៣​ភាគរយ ពោល​គឺមាន​ប្រមាណ​៣,៩៩​លាន​គ្រឿង​។ ទិន្នន័យ​ដែល​ផ្តល់​ដោយ​ទី​ភ្នា​ក់​ការ LMC Automotive បង្ហាញថា ឥណ្ឌា​ឡើងទៅ​ចំណាត់ថ្នាក់​លេខ​៤​ជំនួស​អាល្លឺម៉ង់ ដែល​បាន​លក់​ចេញ​ប្រមាណ​៣,៧៤​លាន​គ្រឿង​។​
 
​អ្នកវិភាគ​ទីផ្សារ វាយតម្លៃថា ឥណ្ឌា នឹង​បន្ត​ដណ្តើម​តំណែង​លេខ​៣​ពី​ជប៉ុន នា​ឆ្នាំ​២០២១ ដោយ​តម្រូវការ​យានយន្ត​នៅ​ប្រទេស​ដែលមាន​ពលរដ្ឋ​ប្រមាណ​១,២​ពាន់​លាន​នាក់​នេះ កើន​ជាង​៧​ភាគរយ​ក្នុង​១​ឆ្នាំ​។​
 
​ឥណ្ឌា បាន​ផលិត​យានយន្ត​ដែលមាន​តម្លៃ​សមស្រប ហើយ​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​មនុស្ស​ទូទៅ​។ ជា​ឧទាហរណ៍ រថយន្ត​ដឹក​អ្នកដំណើរ​នៅ​ឥណ្ឌា មានតម្លៃ​ប្រមាណ​តែ​៧០០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។​
 
​យានយន្ត​ដែល​រួមចំណែក​បង្កើន​កំណើន​នៃ​ការលក់​ចេញ មានដូចជា​រថយន្ត​លក្ខណៈ​គ្រួសារ រថយន្ត​ដឹកទំនិញ និង​ម៉ូតូ (​ឥណ្ឌា​) ផ្សេងៗ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកវិភាគ​ទីផ្សារ​បានលើកឡើង​ថា ឥណ្ឌា​មិនទាន់​អាច​ឈានដល់​ការដណ្តើម​ទីតាំង​របស់​ចិន និង​អាមេរិក នោះឡើយ​។​
 
​ក្រុមហ៊ុន​ផលិត​យានយន្ត​ដែល​នាំមុខគេ​នៅ​ឥណ្ឌា គឺ Maruti Suzuki ដែល​កើតចេញពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមហ៊ុន​ស៊ុយ​ស៊ុយ​គី និង​រដ្ឋាភិបាល​ឥណ្ឌា​នៅ​ឆ្នាំ​១៩៨២ ។​
 
​បច្ចុប្បន្ន​ទីផ្សារ​យានយន្ត​ឥណ្ឌា ឈរ​លំដាប់​បន្ទាប់ពី​មហា​យក្ស​ចិន សហរដ្ឋអាមេរិក និង​ជប៉ុន​។ អាល្លឺម៉ង់​ធ្លាក់​ទៅ​ចំណាត់ថ្នាក់​លេខ​៥ និង​បន្ត​ដោយ​ចក្រភព​អង់គ្លេស បារាំង ប្រេ​ស៊ី​ល និង​អ៊ីតាលី​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com