អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ជីប ម៉ុង ចាប់ផ្តើម​សាងសង់​អគារ​ពាណិជ្ជកម្ម​ចម្រុះ​អន្តរជាតិ​កម្ពស់​៤៥​ជាន់​
15, Jan 2019 , 11:38 am        
រូបភាព
ដោយ:
​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀ​ល ឌី​វេឡុ​ប​ម៉ិ​ន ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ក្រុមហ៊ុន ជីប ម៉ុង បាន​បញ្ចុះបឋមសិលា​បុកគ្រឹះ​សាងសង់​អគារ​ពាណិជ្ជកម្ម​ចម្រុះ​អន្តរជាតិ កម្ពស់​៤៥​ជាន់ ដែលមាន​ទុនវិនិយោគ​ប្រមាណ ១៥០​លាន​ដុល្លារ​អាមេរិក កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​។ គម្រោង​អគារ​ពាណិជ្ជកម្ម​ចម្រុះ​នេះ មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លួ​វ​មហាវិថី​សហព័ន្ធ​រុស្សី ជិត​ស្ពាន​អាកាស ៥ មករា ដែល​គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២០២២​។​
 
​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀ​ល ឌី​វេឡុ​ប​ម៉ិ​ន បាន​ចាប់ដៃ​ជា​គូ​មួយ សណ្ឋាគារ​ម៉ា​រៀ​ត​អន្តរជាតិ ដែលជា​សណ្ឋាគារ​ឈានមុខ​គេ និង​ធំជាងគេ​មួយ ក្នុង​ពិភពលោក ដើម្បី​សាងសង់​សណ្ឋាគារ ហ្វ៊ែ​រ​ហ្វៀ​ល បាយ ម៉ា​រៀ​ត ភ្នំពេញ ក្នុង​អគារ​ពាណិជ្ជកម្ម​ចម្រុះ​ដ៏​ធំ​មួយ​នេះ​។​


 
​ក្រៅពី​សណ្ឋាគារ​លំដាប់​អន្តរជាតិ អគារ​ពាណិជ្ជកម្ម​ចម្រុះ​អន្តរជាតិ​នេះ​ក៏មាន អគារ​ការិយាល័យ​ទំនើប រោងភាពយន្ត​ខ្នាត​ធំ ស្កា​យ​បារ និង​ជាពិសេស​ផ្សារ​ទំនើប​កម្ពស់​៥​ជាន់ រួម​ជាមួយនឹង​ទីតាំង​ចត​យានជំនិះ​ធំ​ទូលាយ​ផងដែរ​។​


 
​នា​ពិធី​បញ្ចុះបឋមសិលា លោក លាង ឃុន ប្រធាន​ក្រុម​អគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀ​ល ឌី​វេឡុ​ប​ម៉ិ​ន បាន​ថ្លែងថា កិត្តិនាម​របស់​ក្រុមហ៊ុន​ជីប ម៉ុង នៅ​កម្ពុជា និង​កិត្តិនាម​របស់​សណ្ឋាគារ ម៉ា​រៀ​ត​អន្តរជាតិ ដែលជា​ក្រុមហ៊ុន​សណ្ឋាគារ​ធំជាងគេ​មួយ​នៅលើ​ពិភពលោក នឹង​នាំ​មុខមាត់​ថ្មី និង​កិត្តិនាម​ថ្មី​ជូន​ប្រទេស​កម្ពុជា​។ ការសាងសង់​អគារ​ពាណិជ្ជកម្ម​ចម្រុះ​លំដាប់​អន្តរជាតិ​នេះ​នឹង​ចូលរួមចំណែក​យ៉ាងសំខាន់​ខាង​ផ្នែក​ពាណិជ្ជកម្ម និង​ទេសចរណ៍​នៅ​កម្ពុជា​។ នេះ​ជាការ​បន្ថែម​របស់ លោក លាង ឃុន ប្រធាន​ក្រុម​អគ្គនាយក ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្វៀ​ល ឌី​វេឡុ​ប​ម៉ិ​ន​។ 


 
​ក្រុមហ៊ុន​ជីប ម៉ុង ជា​ក្រុមហ៊ុន​ឈាន​មុនគេ​មួយ​នៅ​កម្ពុជា ដែល​វិនិយោគ​លើ​ពហុ​អាជីវកម្ម​រួមមាន​ដូចជា សម្ភារ​សំណង់​,​ការអភិវឌ្ឍ​លំនៅដ្ឋាន​,​ស្រា​បៀរ និង​ភេសជ្ជៈ​,​ចំណី​សត្វ​, ឧស្សាហកម្ម​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​,​ផ្សារ​ទំនើប ព្រមទាំង​ធនាគារ​ដែល​គ្រោង​សម្ពោធ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com