ដោយ៖ Matias Andres
នៅ ស្រីពៅ ជាកីឡាការិនីកម្ពុជាមួយរូបទៀត ដែលត្រូវបានស្ថាប័នក្បាច់គុនដ៏ធំជាងគេ ONE Championship ជ្រើសរើសឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ីមួយនេះ។ ម្ចាស់ពានរង្វាន់កីឡាការិនីឆ្នើមប្រចាំឆ្នាំ២០១៨នៅមីយ៉ាន់ម៉ារូបនេះ ត្រូវតទល់ជាមួយកីឡាការិនីម្ចាស់ផ្ទះ Rika Ishige ក្នុងព្រឹត្តិការណ៍ ONE: Clash of Legends នៅទីក្រុងបាងកកប្រទេសថៃ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ។
កីឡាការិនី នៅ ស្រីពៅ នឹងផ្តោតសំខាន់លើកេរ្តិ៍ឈ្មោះ ជាជាងថវិកា ក្រោយត្រូវបានស្ថាប័នប្រដាល់លំដាប់ពិភពលោក ONE Championship អនុញ្ញាតឲ្យចូលរួមការប្រកួតដ៏ធំមួយនាអំឡុងខែកុម្ភៈខាងមុខ។ ប្រាប់អ្នកសារព័ត៌មានរបស់ ONE ក្រោយហ្វឹកហាត់កីឡាការិនីរូបនេះបានរៀបរាប់ថា៖«លោកគ្រូ (អតីតអ្នកប្រដាល់ ONE Championship លោក Nicholas "JJ" Lee) សួរខ្ញុំថា ខ្ញុំចង់វាយដើម្បីកេរ្តិ៍ឈ្មោះ ឬក៏ដើម្បីលុយ? ខ្ញុំឆ្លើយថា ខ្ញុំវាយដើម្បីកេរ្តិ៍ឈ្មោះ អត់ទាន់គិតរឿងលុយទេ»។
ថ្វីដ្បិតពុំធ្លាប់មានបទពិសោធពាក់ព័ន្ធកីឡាគុនចម្រុះ តែកីឡាការិនីវ័យ២៣ឆ្នាំរូបនេះ ទទួលបានការសរសើរពីគ្រូបង្វឹក លោក ហ៊ុន ចាន់រាជ សម្រាប់ការចូលហ្វឹកហាត់ថ្ងៃដំបូងថា នាងជាកីឡាការិនីដែលឆាប់ចាប់បាន។ «លោកគ្រូសរសើខ្ញុំថា ខ្ញុំចាប់ឆាប់បានណាស់។ ខ្ញុំពូកែដៃស្រាប់ ដូច្នេះខ្ញុំត្រូវប្រឹងហាត់ចាប់ឲ្យខ្លាំង ជាពិសេសគូប្រកួតខ្ញុំគេពូកែខ្លាំងខាងចាប់ក្រោមផង»។ នេះជាការលើកឡើងរបស់កីឡាការិនី នៅ ស្រីពៅ។
ម្ចាស់ពាន់រង្វាន់កីឡាការិនីឆ្នើមប្រចាំព្រឹត្តិការណ៍ Lethwei World Championship នៅមីយ៉ាន់ម៉ារូបនេះ មានអារម្មណ៍ភ័យផង រំភើបផង ពេលទទួលបានដំណឹងថា នាងត្រូវបានគេដាក់ឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ONE Championship ជាលើកដំបូង។ ម្ចាស់ជើងឯកខ្សែក្រវាត់ Kun Khmer World Champion រៀបរាប់ដូច្នេះថា៖«ខ្ញុំអរផង រំភើបផង តែក៏ភ័យណាស់ដែរ។ ខ្ញុំអត់ធ្លាប់វាយ MMA ពីមុនទេ ប៉ុន្តែខ្ញុំប្រាប់ខ្លួនឯងថា ហាត់ឲ្យខ្លាំងឲ្យអស់ពីសមត្ថភាព។ ភាគច្រើនគេថា ខ្ញុំទៅមិនរួចទេ ប៉ុន្តែសម្រាប់ខ្ញុំប្រឹងទាល់តែរួច»។
សម្រាប់ការបង្ហាញខ្លួនលើកដំបូងសិស្សគុនរបស់ក្លិប Cambodian Top Team រូបនេះ ត្រូវប៉ះជាមួយកីឡាការិនីថៃ Rika Ishige នាព្រឹត្តិការណ៍ ONE: Clash of Legends នៅទីក្រុងបាងកកប្រទេសថៃ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។
និយាយពីគូប្រកួតថៃ Rika វិញ ពិតជាកំពូលតារាប្រដាល់ស្រីម្នាក់ដែលជាប់ឈ្មោះថា The Land Of Smiles នាងចាប់ផ្តើមប្រកួតក្នុងស្ថាប័ន ONE Championship តាំងពីឆ្នាំ២០១៧ មកដល់សព្វថ្ងៃនាងមានប្រវត្តិឈ្នះ៤ដង ចាញ់២ដង ហើយឈ្នះ ៤ដងនោះសុទ្ធតែផ្តួលដៃគូមុនចប់ទឹកទាំងអស់។ ស្រីពៅ ដែលជាកីឡាការិនីចំណូលថ្មី អាចនឹងជួបការលំបាកពេលប៉ះកីឡាការិនីថៃវ័យ២៩ឆ្នាំរូបនេះ។
ទាក់ទងនឹងដំណឹងថាបានទៅប្រកួតនៅ ONE Championship តាមពិតត្រូវបានមនុស្សម្នាលេចលឺសឹងផ្ទៃប្រទេសទៅហើយ ប៉ុន្តែ នៅ ស្រីពៅ បែរជាដឹងតាមរយៈលោកគ្រូចាន់រាជ ទៅវិញ។ នាងរៀបរាប់ជាសំណើចថា៖«លោកគ្រូ(ចាន់រាជ) គាត់តេហៅខ្ញុំឲ្យទៅក្លិបថា មានការបន្តិច។ ពេលទៅដល់ គាត់ស៊ុបប្រាយខ្ញុំខ្លាំងតែម្តង ឲ្យខ្ញុំហាត់ខ្លាំងសឹងដាច់ខ្យល់។ ខ្ញុំអត់មានដឹងថាត្រូវហាត់ អីចឹងអត់បានត្រៀមអីបន្តិច! អ៉ូយ.. សឹងដាច់ខ្យល់!»។
បន្ទាប់មកទើប ស្រីពៅ ដឹងថាខាងស្ថាប័ន ONE Championship កំពុងទាក់ទងទៅ ដូច្នេះនាងត្រូវជ្រើសរើសការប្រកួតមួយក្នុងចំណោមការប្រកួតពីរ។ មួយគឺប្រកួតនៅទីក្រុងបាងកក ព្រឹត្តិការណ៍ ONE: CLASH OF LEGENDS និងមួយទៀតគឺនៅទីក្រុងយាំងហ្គោន ព្រឹត្តិការណ៍ ONE: REIGN OF VALOR។ នាងឆ្លើយថា៖ «ខ្ញុំយល់ព្រមទៅប្រកួតនៅថៃ។ ប៉ុន្តែលោកគ្រូប្រាប់ទុកថាដៃគូខ្ញុំម្នាក់ហ្នឹងខ្លាំងណាស់»។
អ្នកប្រដាល់ស្រីប្រចាំក្លឹបក្បាច់គុន CTT រូបនេះ កំពុងបោះជំហានធំទៅមុខ ហើយក៏កំពុងត្រៀមការហ្វឹកហាត់គ្រប់បែបយ៉ាងទាំងអស់ដើម្បីបង្ហាញភាពអស្ចារ្យរបស់ខ្លួនក្នុងជុំរុំពិភពគុនដ៏ធំរបស់ពិភពលោកខែក្រោយនេះ៕