ជាតិ
ក្រសួង​ការងារ​អំពាវនាវ​ឱ្យមាន​ការសម្រួល​ដល់​ការចុះបញ្ជី​របស់​សហជីព
16, Jan 2019 , 7:59 pm        
រូបភាព
រូបឯកសារ៖ លោក អ៊ិត សំហេង​ រដ្ឋមន្រ្តី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ​និយាយ​ជាមួយ​អ្នក​កាសែត​បន្ទាប់ពី​កិច្ច​ប្រជុំ គណៈកម្មការ​ប្រឹក្សា​ការងារ​អាណត្តិ​ទី​០៨​នៅរសៀលថ្ងៃ​ព្រហស្បតិ៍ទី​០៥ ខែតុលា ឆ្នាំ ២០១៧។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក អ៊ិត សំហេង​ រដ្ឋមន្រ្តី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ​និយាយ​ជាមួយ​អ្នក​កាសែត​បន្ទាប់ពី​កិច្ច​ប្រជុំ គណៈកម្មការ​ប្រឹក្សា​ការងារ​អាណត្តិ​ទី​០៨​នៅរសៀលថ្ងៃ​ព្រហស្បតិ៍ទី​០៥ ខែតុលា ឆ្នាំ ២០១៧។ (ហ៊ុល រស្មី/VOA)
ដោយ: VOA
​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជំរុញ​ឲ្យ​មន្ត្រី​របស់ខ្លួន និង​អ្នកពាក់ព័ន្ធ​ជួយ​សម្រួល​ដល់​នីតិវិធី​និង​បែបបទ​ក្នុងការ​ចុះបញ្ជី​សហជីព​ដើម្បី​ធានា​និង​លើកកម្ពស់​សេរីភាព​អង្គការ​វិជ្ជាជីវៈ​នៅ​កម្ពុជា​ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង​។​

 
​សេចក្តីណែនាំ​ស្តីពី​ការសម្រួល​នីតិវិធី និង​បែបបទ​ក្នុងការ​ចុះបញ្ជី​សហជីព ចេញ​កាលពី​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៨ និង​ទើប​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ បញ្ជាក់ថា ក្រសួង​ការងារ​ស្នើ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​សហជីព ជាពិសេស​ការអនុវត្ត​បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការការពារ​ជាពិសេស​សម្រាប់​សមាជិក​ស្ថាបនិក និង​ថ្នាក់ដឹកនាំ​សហជីព​ឲ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​ធានា និង​លើកកម្ពស់​សេរីភាព​អង្គការ​វិជ្ជាជីវៈ​នៅ​កម្ពុជា​ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង​។ មន្ត្រី​ពាក់ព័ន្ធ​ដែល​ក្រសួង​ស្នើ​ទៅ​ទាំងនោះ​រួមមាន​៖ ប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ ប្រធាន​នាយកដ្ឋាន​អធិការកិច្ច ប្រធាន​មន្ទីរ​ការងារ​រាជធានី​ខេត្ត មន្ត្រី​ទទួលបន្ទុក​ចុះបញ្ជី​សហជីព និង​មន្ត្រី​ទទួលបន្ទុក​អធិការកិច្ច​ការងារ​ជាដើម​។​
 
​សេចក្តីណែនាំ ដែល​ចុះហត្ថលេខា​ដោយ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ​នោះ បញ្ជាក់​ពី​ចំណុច​សំខាន់​ចំនួន​បី ដែល​មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ​ត្រូវអនុវត្ត​។ សេចក្តីណែនាំ​នេះ​សរសេរ​តាមន័យ​ដើម​ថា​៖
 
«​មិន​តម្រូវ​ឲ្យ​បំពេញ​ព័ត៌មាន​អំពី​សមាជិកគ្រួសារ​រប​ស់​ថ្នាក់ដឹកនាំ​សហជីព មិន​តម្រូវ​ឲ្យ​ផ្តល់​សៀវភៅ​ការងារ និង​បណ្ណ​សមាជិក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.)​ភ្លាមៗ​នៅពេល​ដាក់​សំណុំបែបបទ​សុំ​ចុះបញ្ជី​សហជីព​នោះទេ ដោយ​អនុញ្ញាត​ឲ្យ​សហជីព​ត្រូវ​ផ្តល់​ឯកសារ​ទាំងនេះ​ក្នុង​រយៈពេល​៤៥​ថ្ងៃ គិតពី​ថ្ងៃ​ទទួលបាន​ការចុះបញ្ជី​។ អនុញ្ញាត​ឲ្យ​បុគ្គលិក​ផ្នែក​រដ្ឋបាល​នៃ​សហព័ន្ធ​សហជីព ឬ​សហភាព​សហជីព​ជួយ​សម្របសម្រួល​ការចុះ​បញ្ជី​របស់​សហជីព​មូលដ្ឋាន​ដែលជា​សមាជិក​របស់ខ្លួន​»​។​
 
VOA បាន​ព្យាយាម​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​លម្អិត​ពី​លោក​ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តែ​រហូតមកដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ មិនទាន់មាន​ការឆ្លើយ​តប​នៅឡើយ​។​
 
​ការចេញ​សេចក្តីណែនាំ​ឲ្យ​សម្រួល​ដល់​នីតិវិធី និង​បែបបទ​ចុះបញ្ជី​សហជីព​នេះ​ធ្វើឡើង ខណៈដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កំពុង​ព្យាយាម​បន្ធូរ​បន្ថយកំដៅ​នយោបាយ ខណៈ​កម្ពុជា​កំពុង​ត្រូវបាន​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ឯក​បក្ស ក្រោយ​ការបោះឆ្នោត​ថ្នាក់ជាតិ​មួយ​ដែល​មិនមាន​ការចូលរួម​ពី​គណបក្សប្រឆាំង​។​
 
​លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ប្រាប់ VOA នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ចាប់តាំងពី​ច្បាប់​ស្តីពី​សហជីព​ត្រូវបាន​បង្កើត កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៦ ការអនុវត្ត​ការងារ​របស់​សហជីព ព្រមទាំង​ការចុះបញ្ជី​ផ្សេងៗ ចាប់ផ្តើម​មានការ​រឹតត្បិត និង​ប្រឈម​ផលវិបាក​ជាច្រើន​។ លោក​បន្ថែមថា សេចក្តីណែនាំ​របស់​ក្រសួង​ការងារ​ក្នុងការ​សម្រួល​នីតិវិធី​ចុះបញ្ជី​សម្រាប់​សហជីព​នេះ​គ្រាន់តែ​ជា​ចំណុច​តូច​មួយ​ដែល​អាចជួយ​ដល់​សហជីព បន្ទាប់ពី​ស្ថាប័ន​អន្តរជាតិ​ធំៗ​មួយចំនួន​បានស្នើ និង​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ប៉ុណ្ណោះ​។​
 
​លោក អាត់ ធន់ បន្ថែម​ដោយ​បញ្ជាក់​អំពី​ចំណុច​ដែល​អាច​ធានា​ឲ្យ​សហជីព​អាចធ្វើ​ការងារ​របស់ខ្លួន​ដោយ​ពេញលេញ​ថា​៖
 
«​កែប្រែ​ច្បាប់​សហជីព​ហ្នឹង​ឲ្យ​វា​សម្រួល​ទៅ ស្រួល​ដូច​ច្បាប់​ការងារ​ឡើងវិញ​។ ទី​២​គឺ​ត្រូវ​ធានា​សម្រួល​នីតិវិធី​ចុះបញ្ជី​ហ្នឹង កុំ​ឲ្យ​មាន​លក្ខណៈ​ស្មុគស្មាញ​ដែល​ធ្វើជា​ឧបសគ្គ​ខាង​សហជីព​។ ហើយ​មន្ត្រី​របស់​ក្រសួង ឬក៏​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនគួរ​មាន​ឥទ្ធិពល ឬ​ទីប្រឹក្សា​ក្រុមហ៊ុន ដែល​ធ្វើជា​ឧបសគ្គ​នៃ​ការរាំងស្ទះ​ដំណើរការ​ចុះបញ្ជី​ហ្នឹង​ទេ​»​។​
 
​នៅមុន​ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០១៨​គឺជា​ពេលវេលា​ដែល​រដ្ឋាភិបាល​រឹតបន្តឹង​សេរីភាព​នៃ​ការជួបជុំ​ផ្សេងៗ​។ ការ​រឹតបន្តឹង​សេរីភាព​នៃ​ការជួបជុំ ការ​រឹតបន្តឹង​ការធ្វើសកម្មភាព​ការងារ​របស់​សហជីព និង​សង្គម​ស៊ីវិល ព្រមទាំង​ការបង្ក្រាប​សំឡេង​ប្រឆាំង​ជា​បន្តបន្ទាប់​បានធ្វើ​ឲ្យ​សហភាព​អឺរ៉ុប និង​បណ្តា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ធំៗ​មួយចំនួន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​យ៉ាងខ្លាំង​។​
 
​សហភាព​អឺរ៉ុប នៅ​ដើមខែ​តុលា​ឆ្នាំ​២០១៨  បាន​ជូនដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​ការនាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហគមន៍​អឺរ៉ុប ដោយសារតែ​ការរំលោភ​សិទ្ធិមនុស្ស​។ សហភាព​អឺរ៉ុប​ក៏បាន​ទុកពេល​ឲ្យ​កម្ពុជា​ស្តារ​ស្ថានភាព​ប្រជាធិបតេយ្យ​ឡើងវិញ មុននឹង​សម្រេច​ដកព​ន្ធ​អនុគ្រោះ ដែល​ផ្ដល់​ផលចំណេញ​ឲ្យ​កម្ពុជា​ប្រមាណ​ជា​៧០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។​
 
​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ចុងខែ​វិច្ឆិកា​ឆ្នាំ​២០១៨ បាន​បញ្ជា​ឲ្យ​ក្រសួង​ការងារ​ជំរុញ​ទៅ​តុលាការ​កម្ពុជា បិទ​បញ្ចប់​រឿងក្តី​ប្រឆាំងនឹង​តំណាង​សហជីព​នានា​នៅត្រឹម​ចុងឆ្នាំ​២០១៨ ដើម្បី​ឲ្យ​លំហ​សេរីភាព​នៃ​ការបំពេញ​ការងារ​សម្រាប់​សហជីព​បាន​ពេញលេញ​។ រដ្ឋាភិបាល​ឯក​បក្ស​របស់លោក​ហ៊ុន សែន ក៏បាន​បើក​លំហ​សេរីភាព​ខ្លះៗ​ឡើងវិញ​ដល់​អង្គការ​សង្គម​ស៊ីវិល​និង​ក្រុម​បក្សប្រឆាំង​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com