Asian Cup៖ លី​បង់ កូរ៉េខាងជើង អូ​ម៉​ង់ និង​តួ​កមេ​នី​ស្ថាន រំពឹង​ឱកាស​តិចតួច​របស់ខ្លួន​នៅ​យប់​នេះ​
កីឡាអន្តរជាតិ
អន្តរជាតិ
Asian Cup៖ លី​បង់ កូរ៉េខាងជើង អូ​ម៉​ង់ និង​តួ​កមេ​នី​ស្ថាន រំពឹង​ឱកាស​តិចតួច​របស់ខ្លួន​នៅ​យប់​នេះ​
17, Jan 2019 , 5:18 pm        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​លី​បង់ កូរ៉េខាងជើង អូ​ម៉​ង់ និង​តួ​កមេ​នី​ស្ថាន ត្រូវ​ដណ្តើម​គ្នា​យក​ចំណាត់ថ្នាក់​ទី​៣​ល្អ​បំផុង​ក្នុងជំនួប​លើក​ទី​៣​តាម​ពូ​ល​រៀងខ្លួន​ដើម្បី​ឈានទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ AFC Asian Cup 2019​។​


 
​លី​បង់​នឹងត្រូវ​តទល់​ជាមួយ​កូរ៉េខាងជើង​ក្នុង​ពូ​ល E នៅ​ថ្ងៃទី​១៧ ខែមករា វេលា​ម៉ោង ៨:៣០​នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​] ដើម្បី​ដណ្តើមយក​៣​ពិន្ទុ សម្រាប់​តំណែង​លេខ​៣​ក្នុង​ពូ​ល ខណៈ​ក្រុម​ទាំងពីរ​មិនទាន់​ស្គាល់​ឈ្នះ​ដូចគ្នា​។
​អា​រ៉ា​ប៊ិ​សា​អូឌីត និង​កាតា​ដែល​កក់​កៅអី​ទៅកាន់​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​រួចហើយនោះ​ក៏ត្រូវ​ប្រជែង​គ្នា​យក​ចំណាត់ថ្នាក់​ទី​១​ពូ​ល E នេះដែរ​នៅ​ម៉ោង​ដំណាល់គ្នា​។​
 
​ដោយឡែក​ក្នុង​ពូ​ល F ឯណោះ​វិញ អូ​ម៉​ង់​និង​តួ​កមេ​នី​ស្ថាន​ក៏​ត្រៀមខ្លួន​តទល់​គ្នា​នៅវេលា​ម៉ោង ១១:០០​នាទី​យប់​នេះដែរ ដើម្បី​ប្រជែង​គ្នា​យក​៣​ពិន្ទុ​សម្រាប់​ចំណាត់ថ្នាក់​ទី​៣​ល្អ​បំផុត​ប្រចាំ​ពូ​ល​នេះ​។ ក្នុង​ពូ​ល F ជប៉ុន​ត្រូវ​ប៉ះ​អ៊ូ​ស​បេ​គី​ស្ថាន​ដើម្បី​យក​តំណែង​កំពូល​តារាង ដ្បិត​ក្រុម​ទាំងពី​ឡើង​ដោយ​ស្វ័យប្រវត្តិ​រៀង​ទៅហើយ​។​
 
​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ី​លើក​ទី​១៧​នេះ ចំណាត់ថ្នាក់​ទី​៣​ក្នុង​ពូ​ល​ទាំង​៦ នឹងត្រូវ​ជ្រើស​យក​៤​ក្រុម​ដែលមាន​ពិន្ទុ​ល្អ​បំផុត ដើម្បី​យកទៅ​បំពេញ​បង្គ្រប់​១២​ក្រុម​ដែល​យកបាន​ចំណាត់ថ្នាក់​ទី​១ និង​ទី​២​តាម​ពូ​ល សម្រាប់​ប្រជែង​គ្នា​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​
 
​បើ​គិត​មកដល់ពេលនេះ​កៅអី​លេខ​៣​ល្អ​បំផុត​នៅសល់តែ​ពីរ​ទៀត​ប៉ុណ្ណោះ ដោយ​ពីរ​កៅអី​ទៀត​ត្រូវ​បា​រ៉ែ​ន និង​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​យក​រួចទៅហើយ​។ បា​រ៉ែ​ន​យកបាន​១​កៅអី ដ្បិត​ពួកគេ​ឈរ​លេខ​៣​ពូ​ល A ទទួលបាន​រហូតដល់​៤​ពិន្ទុ ខណៈ​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​មាន​៣​ពិន្ទុ ប៉ុន្តែ​ស៊ីសង​គ្រាប់​បាល់​ល្អ​ជាង​វៀតណាម​ដែល​ជំពាក់​គ្រាប់​ស៊ុត​ចូល​១​គ្រាប់​។​
 
​លី​បង់ កូរ៉េខាងជើង អូ​ម៉​ង់ និង​តួ​កមេ​នី​ស្ថាន ពួកគេ​ត្រូវធ្វើ​យ៉ាងណា​យក​ឲ្យ​បាន​៣​ពិន្ទុ ហើយ​ត្រូវមាន​គ្រាប់​ល្អ​ជាង​វៀតណាម​ដែល​ស្ថិតនៅ​លេខ​៣​ពូ​ល D  ឬ​ល្អ​ជាង​ប៉ា​ឡេ​ស្ទី​ន​ដែលមាន​២​ពិន្ទុ ឈរ​លេខ​៣​ពូ​ល B និង​ជំពាក់​គ្រាប់​ស៊ុត​៣​គ្រាប់ ដើម្បី​យក​២​កៅអី​ដែល​នៅសល់​ទៅកាន់​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ ព្រឹត្តិការណ៍ Asian Cup លើក​ទី​១៧​នេះ​៕
 

Tag:
 បាល់ទាត់​
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម