អន្តរជាតិ
ឧបនាយករដ្ឋមន្ត្រី​ចិន ទៅ​អាមេរិក​នៅ​ចុងខែ​មករា​ដើម្បី​រក​ផ្លូវ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម
17, Jan 2019 , 5:41 pm        
រូបភាព
ដោយ:
​ឧបនាយករដ្ឋមន្ត្រី​ចិន លោក Liu He នឹងធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​នៅ​ដំណាច់​ខែមករា​នេះ ដើម្បី​រៀបចំ​ជំនួប​ពាណិជ្ជកម្ម​ជាមួយ​ភាគី​អាមេរិក​។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​ក្រសួងពាណិជ្ជកម្ម​ចិន​នៅ​ថ្ងៃទី ១៧ ខែមករា​។

 
 
​លោក Liu នឹង​រៀបចំ​ជំនួប​រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០ និង ៣១ ខែមករា ជាមួយ​រដ្ឋមន្ត្រី​រតនា​គារ​អាមេរិក លោក Steven Mnuchin និង​តំណាង​ចរចា​ពាណិជ្ជកម្ម​អាមេរិក លោក Robert Lighthizer​។ នេះ​បើ​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ចិន Gao Feng ។ 
 
​ក្រោយពី​ទស្សនកិច្ច​ចុងក្រោយ​របស់លោក​ឧបនាយករដ្ឋមន្ត្រី​ចិន Liu He ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ខែឧសភា​ឆ្នាំ​២០១៨​កន្លងទៅ លោក​ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ​ចិន​ថា ភាគី​ទាំង​ពីរបាន​ឈានដល់​កិច្ចព្រមព្រៀង​មួយ ដែលមាន​គោលដៅ​បញ្ឈប់​ការវាយប្រហារ​គ្នា​នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ប៉ុន្តែ​បន្ទាប់មក​កិច្ច​ព្រៀម​ព្រៀង​នេះ​បាន​ប្រែជា​ក្លាយជា​អត់​បានការ​ទៅវិញ​យ៉ាង​ឆាប់រហ័ស​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត  South China Morning Post ។​
 
​គួរ​រម្លឹក​ផងដែរ​ថា កាលពី​សប្តាហ៍​មុន មន្ត្រី​ចិន​និង​អាមេរិក​បានរៀបចំ​ជំនួប​ទល់មុខ កម្រិត​អនុរដ្ឋមន្ត្រី​រយៈពេល​៣​ថ្ងៃមួយ​ក្នុង​ទីក្រុង​ប៉េកាំង ដែល​បានបញ្ចប់​ទៅដោយ​បន្សល់ទុក​ភាព​វិជ្ជមាន​។ ការិយាល័យ​របស់​ប្រតិភូ​ពាណិជ្ជកម្ម​អាមេរិក បាន​ឲ្យ​ដឹងថា ក្រុម​ប្រតិភូ​ទាំង​នោះបាន​ពិភាក្សា​លើ​សំណុំរឿង​សំខាន់ៗ​ជាច្រើន រួមមាន ការបង្ខំ​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា ការពារ​កម្មសិទ្ធិបញ្ញា  រនាំង​ពាណិជ្ជកម្ម​មិនមែន​ពន្ធគយ ចោរកម្ម​បច្ចេកវិទ្យា សេវាកម្ម និង​កសិកម្ម​ជាដើម​៕
 

Tag:
 ចិន​
  ជម្លោះ​ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com