ជាតិ
ទូត​ខ្មែរ​ប្រចាំ​អាមេរិក ប្រាប់ Amazon ថា​ការលក់​សម្ភារ​បន្ទប់ទឹក​ដែលមាន​រូប​អង្គរវត្ត ជា​រឿង​គួរ​ឲ្យ​ស្អប់ខ្ពើម ហើយ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​
18, Jan 2019 , 11:42 am        
រូបភាព
​ភ្នំពេញ​៖ ការ​ដាក់លក់​ផលិតផល​រូប​ប្រាសាទបុរាណ​ខ្មែរលើ​គេហទំព័រ​ក្រុមហ៊ុន Amazon នោះ គឺ​ជារឿង​គួរ​ឲ្យ​ស្អប់ខ្ពើម ដែល​ក្រុមហ៊ុន​ត្រូវ​បញ្ឈប់ និង​ដក​រូបនេះ​ចេញ​វិញ​ជាបន្ទាន់​។ នេះ​ជា​សំណេរ​របស់​ទូត​ខ្មែរ​ប្រចាំ​អាមេរិក បាន​ផ្ញើ​ទៅ​ក្រុមហ៊ុន Amazon​។​


 
​ឯកអគ្គរាជទូត​ខ្មែរ លោក ជុំ សុន្ទរី បាន​ថ្កោលទោស​ក្រុមហ៊ុន Amazon លើ​ករណី​ចរាចរ​សម្ភារ​តុបតែង និង​ប្រើប្រាស់​ក្នុង​បន្ទប់ទឹក ដោយ​យក​រូប​ប្រាសាទបុរាណ​ខ្មែរ ទៅ​រចនា​ម៉ូត​លើ​ផលិតផល​ខ្លួន​នេះ​។ លោក ជុំ សុន្ទរី ចាត់​ទង្វើរ​របស់​ក្រុមហ៊ុន Amazon បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស​ជាតិ និង​កិត្យានុភាព នៃ​ប្រទេស​កម្ពុជា​។​
 
​លោក ជុំ សុន្ទរី ដែល​បាន​ផ្ញើ​លិខិត​ប្រធាន និង​អគ្គនាយក​ក្រុមហ៊ុន Amazon ដើម្បី​តវ៉ា និង​ទាមទារ​ឲ្យ​បញ្ឈប់​សកម្មភាព​លក់ និង​ដក​រូប​ផលិតផល​ចេញពី​គេហទំព័រ​ក្រុមហ៊ុន​ជាបន្ទាន់​នោះ បាន​សរសេរ​ដូច្នេះ​ថា​៖«​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក បានទទួល​ដំណឹង​ដោយ​តក់ស្លុត និង​ស្រងាកចិត្ត​ថា រូបភាព​នៃ​ប្រាសាទអង្គរវត្ត​ដោយ​រួមមាន អង្គរវត្ត តា​ព្រហ្ម បាយ័ន ឬ​បឹងមាលា ដែល​បាន​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក តាំងពី​ឆ្នាំ​១៩៩២ និង​ទទួលបាន​អត្ថប្រយោជន៍​ពី​អង្គការ​អភិរក្ស​អន្តរជាតិ (UNESCO) ចាប់តាំងពី​ឆ្នាំ​២០០៧ ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​ផលិត​ទំនិញ​មួយចំនួន ធ្វើ​ឲ្យ​រូបភាព​នៃ​ផលិតផល​ដែល​បង្កភាពអាម៉ាស់ ក្នុងនោះ​រួមមាន គម្រប​បង្គន់ កម្រាល​បន្ទប់ទឹក កម្រាល​ជើង​មុខ​បង្គន់ វាំងនន​ងូតទឹក និង​កម្រាល​ផ្ទះបាយ​។ លើសពីនេះ​ទៀត ​ក្រុមហ៊ុន​ផលិត​បាន​ប្រើប្រាស់​វិធី​គួរ​ឲ្យ​ស្អប់ខ្ពើម ​ដោយ​ប្រើប្រាស់​ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ជាការ​រចនា​នៃ​កម្រាល​បន្ទប់ទឹក (​កម្រាលព្រំ និង​បង្គន់​)»​។​
 
​ស្ថានទូត​ខ្មែរ​តវ៉ា​បែបនេះ ដោយសារតែ​ផលិតផល​ដែល​រៀបរាប់​ខាងលើ បាន​បង្ហោះ​នៅលើ​គេហទំព័រ​ក្រុមហ៊ុន Amazon ។ ក្រៅ​ពីទូត​ខ្មែរ​តវ៉ា​នេះ ក៏មាន​ខាង​អគ្គនាយក​នៃ​អាជ្ញាធរ​អប្សរា បាន​ផ្ញើលិខិត​ទៅ​ក្រុមហ៊ុន​Amazon បញ្ឈប់​សកម្មភាព​លក់​ទំនិញ​ទាំង​នេះដែរ​។ ក្នុង​លិខិត​អាជ្ញាធរ​អប្សរា បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​វា​មិនមែនជា​ការចាំបាច់​ទេ ក្នុង​ការទទូច​លក្ខណៈ​ថោកទាប ​នៃ​ការប្រើប្រាស់​នេះ ហើយ​ការផ្សព្វផ្សាយ​ផលិតផល​ដែល​បង្ក​ភាពអាម៉ាស់​ទាំងនេះ ​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​»​។ នេះ​បើតាម​សំណេរ​លោក ជុំ សុន្ទរី ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​អាមេរិក​៕
 

Tag:
 ​ជុំ សុន្ទរី​
  Amazon
  អង្គរវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com