អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​នឹង​ពង្រឹង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ស្របពេល​រុស្ស៊ី​និង​ចិន​កំពុង​អភិវឌ្ឍ​មី​ស៊ី​ល​ល្បឿន​លឿន​
18, Jan 2019 , 2:20 pm        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៧ ខែមករា បានប្រកាស​បង្កើន​សម​ត្ថ​ភាព​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក ស្រប​ពេលដែល​គូប្រជែង​អាមេរិក​មាន​រុស្ស៊ី និង​ចិន​កំពុង​អភិវឌ្ឍ​មី​ស៊ី​ល​ល្បឿន​លឿន​នោះ​។ លោក ត្រាំ ប្រកាស​ដូចនេះ​ក្នុងពេល​បញ្ចេញ​ផែនការ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ថ្មី​នៅឯ​មន្ទីរ​បញ្ច​កោណ​។ សម្រាប់​លោក ត្រាំ គោលដៅ​របស់​យោធា​អាមេរិក​មិន​សាំ​ញាំ​ឡើយ គឺ​ត្រូវ​ស្ទាក់​រាល់​មី​ស៊ី​ល​ទាំងអស់​ដែល​បាញ់​តម្រង់​អាមេរិក​។

 
​ប្រឈមមុខ​ស្ថានការណ៍​ដែល​គូប្រជែង​របស់ខ្លួន​ប្រឺ​ង​ប្រែង​អភិវឌ្ឍ​មី​ស៊ី​ល​ទំនើបៗ អាមេរិក​បានដាក់​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ទប់ទល់​វិញ​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានប្រកាស​ជា​ផ្លូវការ​នូវ​ការត្រួតពិនិត្យ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល ដែលជា​បណ្ដាញ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​តាមរ​យៈ​ការបាញ់​ស្ទាក់​រាល់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ទាំងអស់​។ យុទ្ធសាស្ត្រ​នេះ ត្រូវបាន​គេ​រង់ចាំ​យូរ​មកហើយ ហើយ​ផ្ដោតលើ​សមត្ថភាព​នៃ​មី​ស៊ី​ល​របស់​រុស្ស៊ី ចិន អ៊ីរ៉ង់ និង​កូរ៉េខាងជើង​ជាដើម​។​
 
​ក្នុង​យុទ្ធសាស្ត្រ​ថ្មី​នេះ អាមេរិក​បាន​មើលឃើញ​ពី​ការកើនឡើង​សមត្ថភាព​របស់​រុស្ស៊ី និង​ចិន​ដែល​កំពុងតែ​បង្កើនល្បឿន​អភិវឌ្ឍ​មី​ស៊ី​ល​ស៊េរី​ថ្មី Hypesonic ។ មី​ស៊ី​ល​ប្រភេទ​នេះ មាន​ល្បឿន​លឿន​ជាង​សំឡេង អាច​ហោះ​ក្នុង​រយៈកម្ពស់​ទាប អាច​ប្ដូរ​ផ្លូវ​ហោះ ហើយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ធម្មតា​មិនអាច​ស្ទាក់​បានឡើយ​។ មកទល់ពេលនេះ ចិន​បាន​ដើរ​មួយ​ជំហាន​មុន​ទៅ ឯ​រុស្ស៊ី​កំពុង​តែមាន​ក្នុង​ឃ្លាំង​ទៅហើយ​តាម​ការប្រកាស​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នាពេល​កន្លងមក​។​
 
​ចំពោះមុខ​មន្ត្រី​យោធា​នៅឯ​មន្ទីរ​ប​ញ្ចុ​កោណ​នៅ​ថ្ងៃទី​១៧ ខែមករា លោក ត្រាំ និយាយថា អាមេរិក​នឹង​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ការពារ​របស់ខ្លួន​ដើម្បី​ទប់ទល់​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​គ្រប់​ស៊េរី​ទាំងអស់​។ លោក​បន្តថា អាមេរិក​នឹង​កម្ទេច​មី​ស៊ី​លបាញ់​ចេញពី​មហាអំណាច​ដែល​បង្ករឿង ឬក៏​ពី​ប្រទេស​អំណាច​ណា​ដែល​អាច​បង្កកំហុស​ដែរ ហើយក៏​គ្មាន​ថ្ងៃ​មី​ស៊ី​ល​ធ្លាក់​លើដី​អាមេរិក​ដែរ មិន​ថា​មី​ស៊ី​ល​ប្រភេទ​អ្វី បាញ់​មកពីណា​ឡើយ​។   
 
​យ៉ាងណាមិញ ប្រឈមមុខ​ការវិវត្ត​នៃ​មី​ស៊ី​ល​ល្បឿន​លឿន​ជាង​សំឡេង​ដែល​រុស្ស៊ី និង​ចិន​នាំគ្នា​អភិវឌ្ឍ​បែបនេះ អាមេរិក​ត្រូវតែមាន​ផែនការ​ពង្រឹង​ខែល​ការពារ​របស់ខ្លួន​។ ក្នុងន័យនេះ មន្ទីរ​បញ្ច​កោណ​កំពុង​សម្លឹង​រក​ផ្លូវ​ថ្មី​ដែល​អាច​ចាប់​ដាន​មី​ស៊ី​ល​ប្រភេទ​នេះ ដោយ​នឹង​ប្រើប្រាស់​ប្រព័ន្ធ​ចាប់​សញ្ញា​ពង្រាយ​លើ​អាកាស​តែម្ដង​។ រដ្ឋមន្ត្រី​ស្តីទី​ក្រសួងការពារជាតិ​អាមេរិក ផា​ទ្រី​ក សា​ណា​ហាន់ ទទួលស្គាល់ថា បច្ចេកវិទ្យា​ថ្មី​ពិតជា​ខ្លាំង​មែន តែ​អាមេរិក​ក៏​មិន​ស្ងៀម​ដែរ ហើយ​ចាំ​តាមដាន​គូប្រជែង​របស់ខ្លួន​រហូត​។​
 
​សូមបញ្ជាក់ថា លោក ត្រាំ បញ្ជា​ឲ្យ​ត្រួតពិនិត្យ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ឡើងវិញ​កាលពី​ឆ្នាំ​២០១៧ ចំពេល​ដែល​ភាព​តានតឹង​រវាង​អាមេរិក និង​កូរ៉េ​ខាង​កើនឡើង​ខ្លាំង​។ វា​ក៏​ជា​លើកដំបូង​តាំងពី​ឆ្នាំ​២០១០ ដែល​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ត្រូវ​សើរើ​ឡើងវិញ​។ ចំណុច​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​ផែ​ការ​ថ្មី គឺ​អាមេរិក​កំពុង​សិក្សា​លទ្ធផល​ពង្រាយ​មី​ស៊ី​ល​លើ​អាកាស​តែម្ដង ដើម្បី​កម្ទេច​មី​ស៊ី​ល​របស់​សត្រូវ​ដែល​បាញ់​តម្រង់​អាមេរិក​ទៀតផង ខណៈ​សព្វថ្ងៃ​ការចាប់​មី​ស៊ី​ល​ពឹង​ផ្អែកលើ​ប្រព័ន្ធ​លើដី​៕ 
 
 

Tag:
 អាមេរិក​
  រុស្ស៊ី​
  ចិន​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com