Mourinho៖ «​គ្មាន​អ្នកណា​ដឹង​រឿង​នៅក្រោយ​ឆាក​របស់ Man Utd ឡើយ​»
កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho៖ «​គ្មាន​អ្នកណា​ដឹង​រឿង​នៅក្រោយ​ឆាក​របស់ Man Utd ឡើយ​»
18, Jan 2019 , 2:19 pm        
រូបភាព
​លោក Jose Mourinho នៅតែ​និយាយ​ការពារ​កំណត់ត្រា​ល្អៗ​របស់លោក​នៅ Manchester United ដោយការប្រលយ​ពាក្យ​​ជុំវិញ​រឿងរ៉ាវ​អំឡុង​ការដឹក​នាំ​របស់ខ្លួន​ថា «​គ្មាន​នរណា​ដឹងថា​មាន​អ្វីដែល​កំពុង​កើតឡើង​នៅ​ពីក្រោយ​ឆាក​»​ក្នុង​ទឹកដី Old Trafford ឡើយ​។​


 
​អ្នកចាត់ការ​រហស្សនាម Special One ត្រូវបាន Man Utd បញ្ចប់​តំណែង​ជា​អ្ន​កចាត់​ការ​ទូទៅ​កាលពី​ខែធ្នូ បន្ទាប់ពី​ដឹកនាំ​ក្រុម​ចាញ់ Liverpool ៣-១ និង​តាម​ពីក្រោយ​ក្រុម​នេះ​រហូត ១៩ ពិន្ទុ​ នៃការប្រកួតក្នុង​ក្របខណ្ឌ Premier League សម្រាប់​រដូវ​កាល​ទី​៣​របស់លោក​។​
 
 Mourinho ធ្លាប់ជួយ​បិសាច​ក្រហម​ឈ្នះ​ពានរង្វាន់ EFL Cup និង​ពានរង្វាន់ Europa League នៅក្នុង​ការដឹកនាំ​ឆ្នាំ​ដំបូង​របស់លោក និង​នាំ​ឲ្យ Man United បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២ សម្រាប់​រដូវ​កាល​បន្ទាប់​។ ប៉ុន្តែ​ដោយសារ​ការចាប់ផ្តើមរ​ដូ​វ​កាល ២០១៨-២០១៩ មិនបាន​ល្អ បើទោះបី​ក្រុម​សម្បូរ​ទៅដោយ​កីឡាករ​ល្អៗ​នោះ ទើប​ក្លិប​សម្រេច​បញ្ចប់​តំណែង​លោក​តែម្តង​។​


 
​ទោះបីជា​យ៉ាងណាក៏ដោយ​អ្នកចាត់ការ វ័យ​៥៥​ឆ្នាំ ដែល​ធ្លាប់​នាំ Porto, Chelsea, Real Madrid និង Inter Miland ឈ្នះ​ពាន​ក្របខណ្ឌ​លី​គ​កំពូល រួមទាំង Champions League ពីរដង​ផង​នោះ នៅតែ​និយាយ​ដដែលៗ​ថា មិនមែន​សុទ្ធ​តែមាន​អ្នក​ល្អ​នៅ Man Utd នោះទេ​។​
 
«​ខ្ញុំ​គិតថា​ពេលខ្លះ​យើង​ធ្វើ​អត្ថាធិប្បាយ​លើ​អ្វីដែល​យើង​បានឃើញ ប៉ុន្តែ​មិនដឹងថា​អ្វីដែល​នៅក្រោយ​ឆាក ហើយ​យើង​មើលមិនឃើញ​នោះ​វា​មាន​ឥទ្ធិពល​ប៉ុណ្ណា​នោះទេ​»​។ Mourinho ប្រាប់ beIN SPORTS ដូច្នេះ​។​
 
​លោក​បន្ថែមថា​៖«​ខ្ញុំ​គិតថា​វា​គឺជា​រឿង​សំខាន់​ប្រសិនបើ​ខ្ញុំ​ប្រាប់​អ្នក ឧទាហរណ៍​ថា​ខ្ញុំ​គិតថា​ការដឹកនាំ​ដ៏​ល្អ​បំផុត​នៃ​អាជីព​របស់ខ្ញុំ​ដើម្បី​ឲ្យ Manchester United បាន​ចំណាត់ថ្នាក​ទី​២​ក្នុង​ក្របខណ្ឌ Premier League នោះ អ្នក​ប្រាកដជា​និយាយថា បុរស​ម្នាក់នេះ​ឆ្កួត​មិន​ខាន​។ ២៥ ពាន និង​តំណែង​ទី​ពីរ គឺជា​សមិទ្ធផល​ដ៏​ល្អ​បំផុត​របស់គាត់​នៅក្នុង​វិស័យ​កីឡាបាល់ទាត់​»​។​
 
Mourinho នៅតែ​អះអាង​ដូច្នេះ​ថា លោក​នៅតែ​បន្ត​និយាយ​រឿងនេះ​ព្រោះ​មិនមាន​នរណា​ដឹងថា​មាន​អ្វី​កើតឡើង​នៅ​ពីក្រោយ​ឆាក​នោះទេ​។​
 
​បើតាម​កាសែត​កីឡា​ល្បីៗ​ជុំវិញ​ពិភពលោក​ផ្សាយ​ថា Mourinho ដែល​នឹង​ឈានដល់​វ័យ​៥៦​ឆ្នាំ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ត្រូវបាន​ក្លិប​ចាស់ Real Madrid និង InterMilan ចង់បាន​លោក​ត្រឡប់​ទៅ​ដឹកនាំ​វិញ​ផងដែរ​៕
 

Tag:
 បាល់ទាត់​
  Jose Mourinho
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com