អន្តរជាតិ
សេតវិមាន៖ លោក ត្រាំ នឹងជួបលោក គីម នៅចុងខែកុម្ភៈ ឯទីតាំងប្រកាសតាមក្រោយ
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងជួបតទល់ជាលើកទីពីរជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នៅចុងខែកុម្ភៈខាងមុខ។ នេះបើតាមសេចក្ដីប្រកាសរបស់សេតវិមាននៅថ្ងៃទី១៨ ខែមករាក្រោយជំនួបរវាងលោក ត្រាំ និងលោក គីម យ៉ុងឈុល មនុស្សជំនិតរបស់លោក គីម ជុងអ៊ុន ។ ឯទីតាំងវិញ នឹងប្រកាសតាមក្រោយ។ ទោះមានគម្រោងជួបគ្នានៃមេដឹកនាំកាន់តែជាក់លាក់ក្ដី អាមេរិកនឹងនៅតែរក្សាទណ្ឌកម្មលើកូរ៉េខាងជើងដដែល។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានជួបជាមួយលោក គីម យ៉ុងឈុល អនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េនៅសេតវិមាននៅថ្ងៃទី១៨ ខែមករា ដើម្បីជជែកពីព័ត៌មានជុំវិញជំនួបលើកទីពីរ ជាមួយលោក គីម ជុងអ៊ុន ។ ជំនួបជាងមួយម៉ោងកន្លះនៅសេតវិមាន ធ្វើឡើងបន្ទាប់ពីលោក គីម យ៉ុងឈុល ដែលទទួលបន្ទុកការចរចានុយក្លេអ៊ែរ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃដដែលនោះ។
ក្រោយជំនួបនេះ អ្នកនាំពាក្យសេតវិមាន Sarah Sanders បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានថា ជំនួបលើកទីពីរ រវាងលោក ត្រាំ និងលោក គីម នឹងធ្វើឡើងនៅដំណាច់ខែកុម្ភៈខាងមុខ។ លោកស្រី Sanders បន្តថា លោក ត្រាំ ទន្ទឹងរង់ចាំជំនួបនេះនៅទីតាំងដែលនឹងប្រកាសពេលក្រោយ។
ខណៈទីកន្លែងមិនទាន់ប្រកាសនោះ សេចក្ដីរាយការណ៍ជាច្រើនផ្សាយថា ជំនួបលើកទីពីរនេះ នឹងរៀបចំនៅឯវៀតណាម។ ទោះមិនទាន់ការសម្រេចចិត្តផ្លូវការ ឬសំណើណាមួយក្ដី ក្រុងហាណូយក៏ត្រៀមទទួលធ្វើម្ចាស់ផ្ទះដែរ។ នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ួនហ្វុក និយាយថា ខាងវៀតណាមិនទាន់ដឹងរឿងនេះទេ ប៉ុន្តែបើវាកើតឡើងនៅទីនេះមែន វៀតណាមនឹងប្រឹងអស់ពីសមត្ថភាពដើម្បីជួយសម្របសម្រួលដល់កិច្ចប្រជុំនេះ។
នៅឯទឹកដីស៊ុយអែតឯណោះវិញ មន្ត្រីក្រុមការងារអាមេរិក និងកូរ៉េខាងជើងក៏ជួបគ្នាដើម្បីរៀបចំជំនួបមេដឹកនាំដែរ។ កាសែតស៊ុយអែតផ្សាយថា អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង Choe Son-hui បានជជែកជាមួយតំណាងពិសេសអាមេរិកសម្រាប់កិច្ចការកូរ៉េខាងជើង Stephen Biegun ខណៈអ្នកទាំងពីរចូលរួមកិច្ចប្រជុំអន្តរជាតិមួយនៅទីនោះ។
គេរំពឹងថា ជំនួបត្រាំ-គីមលើកទីពីរនេះ នឹងមានលទ្ធផលវិជ្ជមានច្រើនជាងជំនួបលើកទីមួយដែលធ្វើនៅសិង្ហបុរី។ ទោះបានព្រមព្រៀងរំសាយនុយក្លេអ៊ែរទាំងស្រុងមែន ដំណើរការរំសាយនុយក្លេអ៊ែរនេះមិនមានផ្លែផ្កាធំដុំអ្វីទេ ដោយភាគីទាំងពីរនៅតែខ្វែងគំនិតគ្នាដដែល។ កូរ៉េខាងជើងដែលបានធ្វើសកម្មភាពតិចតួចនោះ ចង់ឲ្យអាមេរិកផ្ដល់ការលើកទឹកចិត្តខ្លួនសិន មុននឹងធ្វើសកម្មភាពថែមទៀត ឯអាមេរិកនៅតែរក្សាទណ្ឌកម្មរហូតដល់កូរ៉េខាងជើងមានចំណាត់ការកាន់តែជាក់លាក់ជាងមុន។
សម្រាប់ការជួបតទល់លើកទីពីរនេះ លោក ត្រាំ និងលោក គីម ទំនងជាចរចាដើម្បីសម្រេចឲ្យបានលទ្ធផលលើសពីជំនួបលើកទីមួយ សំដៅជំរុញដំណើរការលុបបំបាត់នុយក្លេអ៊ែរ ដ្បិតកូរ៉េខាងជើងក៏និយាយជាច្រើនដែរហើយថា ខ្លួនមានឆន្ទៈបោះបង់នុយក្លេអ៊ែររបស់ខ្លួន។ អាមេរិកវិញចាំមើលតែសកម្មភាពកូរ៉េខាងជើងប៉ុណ្ណោះ បើកូរ៉េខាងជើងមានសកម្មភាពសមរម្យហើយនោះ ក៏គ្មានហេតុផលមិនធ្វើតាមសន្យាលើកលែងទណ្ឌកម្មដែរ៕
Tag:
អាមេរិក
កូរ៉េខាងជើង
ដូណាល់ ត្រាំ
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com