អន្តរជាតិ
ប្រមុខការទូតវៀតណាម៖ នីតិវិធីធ្វើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង ដំណើរការយឺតជាងការរំពឹងទុក
× រដ្ឋាភិបាលក្រុងហាណូយ បានហៅស្ថានភាពនៃបញ្ហាសមុទ្រចិនខាងត្បូងក្នុងឆ្នាំ២០១៨ ថាមានលក្ខណៈអាក្រក់ និងគួរឲ្យព្រួយបារម្ភខ្លាំង ដ្បិតសកម្មភាពវាតទីនៅតែបន្តធ្វើឡើងទាំងបំពានច្បាប់អន្តរជាតិ។ ក្រុងហាណូយ ក៏បានប្រកាសយកបញ្ហាសមុទ្រខាងត្បូង គឺជាបញ្ហាអាទិភាពសម្រាប់ការអនុវត្តគោលនយោបាយការបរទេស។
នាសន្និសីទសារព័ត៌មានស្តីពីការទូតឆ្នាំ២០១៨ និងបេសសកម្មឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម Phạm Bình Minh បានកត់សម្គាល់ថា បញ្ហាសមុទ្រចិនខាងត្បូង គឺជាបញ្ហារួមមួយ និងអាចធ្វើឲ្យមានជម្លោះកើតឡើងមានបាន ក៏ប៉ុន្តែសម្រាប់លោក បើជម្លោះកើតមានឡើង នោះ វា នឹងប៉ះពាល់ខ្លាំងទាំងលើពាណិជ្ជកម្ម សន្តិសុខ ក៏ដូចជាសណ្តាប់ធ្នាប់ក្នុងតំបន់។
តាមការចុះផ្សាយរបស់ភ្នាក់ងារព័ត៌មាន Vietnam News លោកឧបនាយករដ្ឋមន្ត្រី បានអះអាងថា ២០១៨ គឺជាឆ្នាំនៃការអភិវឌ្ឍដ៏ស្មុគស្មាញមួយនៃសមុទ្រចិនខាងត្បូង ឬវៀតណាម ហៅថាសមុទ្រខាងកើត ដ្បិត សកម្មភាពសាងសង់ និងយោធូបនីយកម្មនៅក្នុងតំបន់ថ្មប៉ប្រះទឹកមួយចំនួនដែលមិនមានអ្នកតាំងលំនៅក្នុងតំបន់មានវិវាទ នៅតែបន្ត ដែលលោកឧបនាយករដ្ឋមន្ត្រី មើលឃើញថា ជាការបំពានមួយ អាចប៉ះពាល់ដល់សន្តិភាព មិនត្រឹមតែក្នុងតំបន់ ក៏ប៉ុន្តែអាស៊ីប៉ាស៊ីហ្វិកទាំងមូល។
តាមរយៈវេទិកា ដែលស្ទើរតែគ្របដណ្តប់ដោយបញ្ហាសមុទ្រចិនខាងត្បូងនោះ ប្រមុខការទូតវៀតណាមរូបនេះ ក៏បានបង្ហើបពីការវិវត្តន៍ចុងក្រោយនៃការធ្វើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងរបស់អាស៊ាន និងចិនផងដែរ។ តាមលោក Minh ដំណើរនៃការធ្វើក្រមប្រតិបត្តិ មានភាពយឺតយ៉ាងជាងការរំពឹងទុកទៅទៀត ហើយមកទល់ពេលនេះ ក្រុមបច្ចេកទេសនៅមិនទាន់សម្រេចបានជាអត្ថបទអ្វីដុំកំភួននោះទេ។
« ឆ្នាំ២០១២ ជាឆ្នាំនៃខួបលើកទី១០ នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីភាគីប្រតិបត្តិសមុទ្រចិនខាងត្បូង (DOC) ។ ពេលនោះប្រទេសពាក់ព័ន្ធទាំងអស់ បានបង្ហាញក្តីសង្ឃឹមថា ក្រមប្រតិបត្តិ ( COC) នឹងអាចបញ្ចប់ដោយឆាប់ៗ ក៏ប៉ុន្តែ ឆ្នាំ២០១៧-២០១៨ ការចរចា ក៏បានចាប់ផ្តើមលើធាតុចូលដើម្បីធ្វើ COC ហើយមកទល់ពេលនេះ មិនមានអត្ថបទពាក់ព័ន្ធក្រមប្រតិបត្តិត្រូវបានបង្កើតឡើងឡើយ»។ នេះ គឺជាលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី។
គួរជម្រាបផងដែរថា សមុទ្រចិនខាងត្បូង ជាដែនទឹកដ៏មានសក្តានុពលមួយទាំងផ្នែកសកម្មភាពពាណិជ្ជកម្ម និងធនធានធម្មជាតិ។ ដែនសមុទ្រនេះ បានក្លាយជាតំបន់វិវាទលើភាពជាម្ចាស់សិទ្ធិអស់រយៈពេលច្រើនទសវត្ស៍មកហើយ ដោយសារ មានភាគីពាក់ព័ន្ធដូចជារដ្ឋអាស៊ានរួមមាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម និងចិន បានទាមទារលើតំបន់ត្រួតស៊ីគ្នា ជាមួយនឹងមូលដ្ឋានភស្តុតាងផ្សេងៗ៕
Tag:
វៀតណាម
សមុទ្រចិនខាងត្បូង
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com