ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រមុខ​រដ្ឋាភិបាល ចេញពី​កម្ពុជា ឆ្ពោះទៅ​ចិន នា​ព្រឹក​នេះ​
20, Jan 2019 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ


​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ បាន​ចាក​ចេញពី​កម្ពុជា ឆ្ពោះទៅកាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៩​នេះ​។

អត្ថបទទាក់ទង
 
​ក្នុងអំឡុង​នៃ​ទស្សនកិច្ច​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នឹង​ជួប​មេដឹកនាំ​កំពូលៗ​របស់​ចិន ដែល​រួមមាន លោក​ប្រធានាធិបតី ស៊ី ជីន​ភីង លោកនាយក​រដ្ឋមន្ត្រី លី ខឺ​ឈាង ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន លោក លី​ចាន់​ស៊ូ ប្រធានសភា​ប្រឹក្សា​នយោបាយ​ចិន លោក វ៉ាង យ៉ាង​។ ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់​បែបនេះ​ថា​៖«​ការជួបពិភាក្សា​ទាំងនេះ នឹង​ផ្តោតទៅលើ​ការពង្រឹង​និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​និង​ចិន ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជាតិ​ទាំងពីរ​»​។​
 
​ក្រៅពី​ជំនួប​ខាងលើ មេដឹកនាំ​កម្ពុជា នឹងមាន​ជំនួប​ដាច់ដោយឡែក​ជាមួយ​លោក សុង តាវ ប្រធាន​មន្ទីរ​ទំនាក់ទំនង​អន្តរជាតិ​របស់​គណៈកម្មាធិកា​រម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ត​ចិន និង​អ្នកស្រី  គូ សៀវ​លៀន ប្រធាន​សមាគម​មិត្តភាព​ចិន​-​កម្ពុជា រួមទាំង​ថ្នាក់ដឹកនាំ​ធុរៈកិច្ច​៤​រូប​ទៀត​ពី ធនាគារ​ចិន សាជីវកម្ម​ស្ពាន​ថ្នល់​ចិន ក្រុមហ៊ុន​វិស្វកម្ម និង​ដែកថែប​ចិន និង​ក្រុមហ៊ុន​ហួ​ណេង​គ្រុប​។​
 
​លើសពីនេះ គណៈប្រតិភូ​កម្ពុជា នឹង​ទៅ​ទស្សនាការ​តាំងពិព័រណ៍​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ «​កំណែទម្រង់ និង​ការបើក​ទូលាយ​ប្រទេស​ចិន​» និង​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន ឆ្នាំ​២០១៩ ហើយ​ចុងក្រោយ គឺ​ជួប​សំណេះសំណាល ជាមួយ​និស្សិត​កម្ពុជា ដែល​កំពុង​សិក្សា​នៅ​ប្រទេស​ចិន​។ ដំណើរ​ទស្សនកិច្ច​នេះ នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​២៣ ខែមករា​៕ 

Tag:
 ហ៊ុន សែន​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com