អន្តរជាតិ
ធ្វើ​ប្រធានាធិបតី​បាន​ពីរ​ឆ្នាំ លោក ត្រាំ ថា គ្មាន​នរណា​សម្រេចបាន​សមិទ្ធផល​ដូច​លោក​ឡើយ​
21, Jan 2019 , 2:38 pm        
រូបភាព
​ថ្ងៃទី​២០ ខែមករា​ម្សិលមិញ ជា​ឆ្នាំ​ទី​ពីរ​នៃ​ការចូល​កាន់តំណែង​ប្រធានាធិបតី​អាមេរិក​របស់លោក ដូ​ណា​ល់ ត្រាំ ។ ពីរ​ឆ្នាំ​មកនេះ លោក ត្រាំ និយាយថា រូបលោក​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​វាយប្រហារ​មិន​ដក​ដៃ​ឡើយ ដែល​នេះ​ជា​លើកដំបូង​តាំងពី​សម័យ​ប្រធានាធិបតី អា​ប្រា​ហាម លីង​ខូ​ល មកនេះ​។ ប៉ុន្តែ​លោក​ក៏​អួត​ខ្លួនឯង​ដែរ​ថា គ្មាន​ប្រធានាធិបតី​អាមេរិក​មាន​សមិទ្ធផល​ច្រើនជាង​លោក​ឡើយ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ដូចគ្នានេះ​។​

 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ដើរ​ដល់​ពាក់កណ្ដាល​ផ្លូវ​នៃ​អាណត្តិ​បួន​ឆ្នាំ​របស់ខ្លួន​នៅ​ថ្ងៃទី​២០ មករា ២០១៩ ។ ពីរ​ឆ្នាំ​ហើយ​ដែល​លោក ត្រាំ បាន​ផ្លាស់ប្ដូរ​មុខមាត់​អាមេរិក​ស្ទើរ​ទាំងស្រុង​ទាំង​ឆាក​ក្នុងស្រុក និង​អន្តរជាតិ​ផង​។ លោក​បាន​ដាក់ចេញ​គោលនយោបាយ​ចម្រូងចម្រាស់​ជាច្រើន ហើយ​យក​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ធ្វើជា​សត្រូវ​ផង​។ ជារឿយៗ លោក​បាន​ប្រទាំង​ប្រទើស​ពាក្យសម្ដី​ជាមួយ​អ្នកកាសែត​ទៀតផង​។ 
 
​តាមរយៈ​បណ្ដាញ​សង្គម Twitter នៅ​ចុង​សប្ដាហ៍​មុន លោក ត្រាំ បាន​ស្រង់​យកសម្ដី​អតីត​ប្រធានរដ្ឋសភា​អាមេរិក Newt Gingrich ថា​៖ «​គ្មាន​ប្រធានាធិបតី​អាមេរិក​ណា​គិតពី​លោក អា​ប្រា​ហាម លីង​ខូ​ល មក ត្រូវបាន​រិះគន់​កប់​មាត់​ដោយសារ​ព័ត៌មាន​ដូច​ប្រធានាធិបតី​ដែល​គេឯង​ស្រឡាញ់​ឡើយ​»​។ ឯ​ប្រធានាធិបតី​ដែល​គេ​ចូលចិត្ត​នោះ ត្រូវបាន​លោក ត្រាំ បកស្រាយ​ថា ជា​រូបលោក​ផ្ទាល់​។ លើសពីនោះ លោក​ក៏​អួត​ពី​ផ្លែផ្កា​ដែល​លោក​បង្កើត​ឲ្យ​អាមេរិក​ក្នុងពេល​ពីរ​ឆ្នាំ​ក្នុង​តំណែង​ទៀតផង​។​
 
​ប្រ​ធានា​ធិ​ប​អាមេរិក​រូបនេះ​រៀបរាប់ថា សេដ្ឋកិច្ច​អាមេរិក​កំពុងស្ថិត​ក្នុងពេល​វេលា​ល្អ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ ដោយសារ​នយោបាយ​រប​ស់លោក​។ គោលនយោបាយ​នោះ គឺ​ការបង្កើត​ការងារ​ឲ្យ​ប្រជាជន​អាមេរិក​តាមរយៈ​ការទម្លាក់​ពន្ធចំពោះ​ក្រុមហ៊ុន​អាមេរិក​ណា​ដែល​បង្កើត​រោងចក្រ​ក្នុងស្រុក​វិញ​។ លោក​ក៏​ព្រមាន​ថា បើ​មានដំណើរ​ការទម្លាក់​លោក​ពី​តំណែង បញ្ហា​ធំ​នឹង​ផ្ទុះឡើង​នៅ​ទីផ្សារ​ហ៊ុន​អាមេរិក​មិន​ខាន​។​
 
​ទោះជា​យ៉ាងណាក្ដី ពីរ​ឆ្នាំ​ដើម​អាណត្តិ​នេះ លោក ត្រាំ ក៏​រង​ពាក្យរិះគន់​មិនតិច​ដែរ​ព្រោះតែ​នយោបាយ​របស់លោក​។ នៅក្នុង​ស្រុក លោក​ចាប់ផ្ដើម​រឹតត្បិត​ការធ្វើដំណើរ​របស់​ប្រទេស​សម្បូរ​ជន​មូស្លីម​ជិត​១០​ប្រទេស​ចូល​អាមេរិក ពង្រឹង​ចំណាត់ការ​ត្រួតពិនិត្យ​អន្តោប្រវេសន៍ ដែល​ត្រូវបាន​គេ​ចាត់ទុកជា​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​។ លោក ត្រាំ ក៏​ចាត់វិធានការ​ប្រឆាំង​លំហូរ​ជនអន្តោប្រវេសន៍​ពី​តំបន់​អាមេរិក​ឡាទីន ជាពិសេស​ការសាងសង់​ជញ្ជាំង​ព្រំដែន​ទប់ស្កាត់​ផង​។​
 
​រឿង​ជញ្ជាំង​ព្រំដែន​នេះហើយ ដែល​កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​មួយផ្នែក​មិន​ដំណើរការ ដ្បិត​លោក ត្រាំ បិទ​រដ្ឋាភិបាល​ដើម្បី​ទារលុយ​ថ្លៃ​សាងសង់​ជញ្ជាំង​ឲ្យ​បាន​។ បក្ស​ប្រជាធិបតេយ្យ​បាន​ជំទាស់​ការទាមទារ​រប​ស់លោក ត្រាំ ដែល​ចង់បាន​លុយ​៥,៧​ពាន់​លាន​ដុល្លារ​យកទៅ​ពង្រឹង​ព្រំដែន​ខាងត្បូង ដោយ​ចាត់ទុក​វា​ជាការ​ខ្ជះខ្ជាយ​លុយកាក់ ហើយក៏​មិនសូវមាន​ប្រសិទ្ធភាព​ដែរ​។ ការខ្វែងគំនិត​គ្នា​នេះ ធ្វើ​ឲ្យ​ការបិទ​រដ្ឋាភិបាល​ដោយ​ផ្នែក​នៅតែ​បន្ត​រហូតមក​៕
 

Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com