ជាតិ
សង្គមជាតិ
អតីតចៅសង្កាត់រងបក្សប្រឆាំងនិងមន្ត្រីសហជីព ត្រូវចាប់ខ្លួន រឿងតវ៉ាដីធ្លីនៅក្បាលឆាយ រូបពីទំព័រហ្វេសប៊ុក CLC Cambodia
× លោក ឆាយ រ័ត្ន តំណាងសហគមន៍ដីធ្លី ហើយក៏ជាអតីតចៅសង្កាត់រងគណបក្សប្រឆាំង និងលោក ទេព សុផា បុគ្គលិកនៃសហភាពការងារកម្ពុជា (CLC Cambodia) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅម្តុំរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ខេត្តព្រះសីហនុ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ។
មន្ត្រីអ្នកផ្តល់ព័ត៌មានបន្ទាន់ (Hotline) នៃស្នងការនគរបាលយុត្តិធម៌ខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ការឃាត់ខ្លួនអ្នកទាំងពីរនេះ គឺដោយសារតែពួកគេ នាំប្រជាពលរដ្ឋទៅជំទាស់នឹងអាជ្ញាធរ ដែលជីកប្រឡាយការពារទឹកស្អាតនៅរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ។
មន្ត្រី ដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖«អាជ្ញាធរ ឈូសឆាយប្រឡាយ នៅទីនោះ ហើយទីនោះ ជាដីរដ្ឋ ជាតំបន់ការពារ មិនមែនជាកម្មសិទ្ធិរបស់អ្នកណាទេ តែពួកគាត់ ចេះតែប្រមែលប្រមូលប្រជាពលរដ្ឋទៅរារាំង។ អ៊ីចឹង មិនពាក់ព័ន្ធនឹងពួកគាត់ ជាសកម្មជននៃអតីតគណបក្សប្រឆាំងអីទេ គឺពាក់ព័ន្ធនឹងពួកគាត់ ទៅរារាំងអាជ្ញាធរ»។
យ៉ាងណាក៏ដោយ ទំព័រហ្វេសប៊ុករបស់សហភាពការងារកម្ពុជា បានសរសេរថា៖«អ្នកទាំងពីរ ត្រូវបានក្រុមអាជ្ញាធរខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួន និងមានការបាញ់គំរាមប្រជាពលរដ្ឋ ខណៈដែលក្រុមអាជ្ញាធរ ប្រើប្រាស់គ្រឿងចក្រកាយដីរបស់ប្រជាពលរដ្ឋជាង២០០គ្រួសារ ស្ថិតក្នុងក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ»៕
© រក្សាសិទ្ធិដោយ thmeythmey.com