អន្តរជាតិ
ឥ​ណ្ឌូណេ​ស៊ី​គ្រោង​យកពន្ធ​១០​ដុល្លារ​ពី​ភ្ញៀវទេសចរ​បរទេស ដែល​ទៅលេង​កោះ​បាលី
22, Jan 2019 , 8:39 am        
រូបភាព
ដោយ:
ឥ​ណ្ឌូណេ​ស៊ី កំពុង​រៀបចំ​យកពន្ធ​ពី​ភ្ញៀវទេសចរ​បរទេស ដែល​ធ្វើដំណើរ​ទៅកាន់​កោះ​បាលី ក្នុង​ម្នាក់​១០​ដុល្លារ​។ គម្រោង​យកពន្ធ​ថ្មី​នេះ គឺធ្វើឡើង​ដើម្បី​ផ្តល់ប្រាក់​ដល់​កម្មវិធី​មួយចំនួន ដែលមាន​គោលដៅ​អភិរក្ស​វិស័យ​វប្បធម៌ និង​បរិស្ថាន​នៅ​កោះ​បាលី​។

 
​អាជ្ញាធរ​កោះ​បាលី បាន​បង្កើត​សេចក្តីព្រាងច្បាប់​មួយ ស្តីពី​វិធានការ​យកពន្ធ​ពី​ភ្ញៀវទេសចរ​បរទេស​នេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត Jakarta Post នៅ​ថ្ងៃ​សុក្រ​ទី ១៨ មករា ដោយ​ដកស្រង់​សម្តី​របស់​អភិបាលខេត្ត បាលី Wayan Koster ។ ទាក់ទិន​នឹង​រឿង​យកពន្ធ​នេះ លោក Wayan Koster បាន​បញ្ជាក់ថា​៖ «​ការណ៍​នេះ​នឹង​ផ្តល់​ប្រាក់ចំណូល​បន្ថែម ដើម្បី​អនុញ្ញាត​ឲ្យ​យើង​អាច​គាំទ្រ​លើ​ការអភិវឌ្ឍ​កោះ​បាលី​បាន​កាន់តែ​ល្អប្រសើរ​»​។ 
 
​យោងតាម​ការចុះផ្សាយរ​បស់​កាសែត​ដដែល​នេះ ក្រុម​អ្នកបង្កើត​ច្បាប់​ឥ​ណ្ឌូណេ​ស៊ី ក៏​កំពុង​ពិចារណា​យ៉ាង​ល្អិតល្អន់​បំផុត​ពី​របៀប​ប្រមូល​ពន្ធ​លើ​ភ្ញៀវទេសចរ​បរទេស​ថ្មី​នេះ​។ ជម្រើស​គឺ​រួមមាន​ដូចជា ការបន្ថែម​ពន្ធ​លើ​តម្លៃ​សំបុត្រ​យន្តហោះ ឬ​ប្រមូល​វា​នៅ​អាកាសយានដ្ឋាន​តែម្តង​។ ត្រង់ចំណុច​នេះ លោក​អភិបាលខេត្ត Wayan Koster បាន​គូសបញ្ជាក់ថា​៖«​ភ្ញៀវទេសចរ​នឹង​យល់ដឹង​ពី​ចំណាត់ការ​ថ្មី​នេះ​។ ពួកគេ​នឹង​សប្បាយចិត្ត​ក្នុងការ​បង់ប្រាក់ ដ្បិត​វា​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ពង្រឹង​វិស័យ​វប្បធម៌ និង​បរិស្ថាន​របស់​យើង​»​។ យ៉ាងណាមិញ សម្រាប់​ការយកពន្ធ​នេះ ភ្ញៀវទេសចរ​ក្នុងស្រុក​នឹង​ត្រូវបាន​លើកលែង​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា កោះ​បាលី ឥណ្ឌូណេស៊ី​បាន​ស្វាគមន៍​ភ្ញៀវទេសចរ​បរទេស​ប្រមាណ ៥,៧ លាន​នាក់​ក្នុង​ឆ្នាំ ២០១៧ ដែល​ភាគច្រើន​នៃ​ពួកគេ​គឺ​មកពី ចិន និង​អូស្ត្រាលី​។ តួលេខ​ឆ្នាំ​២០១៨​ត្រូវ​រំពឹងថា ចំនួន​ភ្ញៀវទេសចរ​អាច​លើសពី ៦ លាន​នាក់​ទៅទៀត ដោយសារតែ​កាលពី​ឆ្នាំមុន កោះ​បាលី​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ពិភពលោក​មួយចំនួន រួមមាន ជំនួប​ប្រចាំឆ្នាំ​របស់​មូល​និធិ​ហិរញ្ញវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក​ជាដើម​៕
 

Tag:
 ឥណ្ឌូណេស៊ី​
  កោះ​បាលី​
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com