អន្តរជាតិ
បារាំង​ក្ដៅស្លឹកត្រចៀក​ក្រោយ​អុីតាលី​ចោទថា ខ្លួន​ធ្វើ​ឲ្យ​អាហ្វ្រិក​រហាម​ដូច​សព្វថ្ងៃ​
22, Jan 2019 , 11:08 am        
រូបភាព
ឧបនាយករដ្ឋមន្រ្តីអុីតាលី Luigi Di Maio (រូបភាព AFP)
ឧបនាយករដ្ឋមន្រ្តីអុីតាលី Luigi Di Maio (រូបភាព AFP)
​ក្រសួងការបរទេស​បារាំង នៅ​ថ្ងៃទី​២១ ខែមករា បាន​កោះហៅ​ប្រេសិត​អុីតាលី​ប្រចាំ​ទីក្រុង​ប៉ារីស ដើម្បី​តវ៉ា​ក្រោយ​ឧបនាយករដ្ឋមន្ត្រី​អុីតាលី Luigi Di Maio ចោទ​បារាំង​ថា ជា​អ្នកបង្កើត​ភាពក្រីក្រ​នៅ​អាហ្វ្រិក ហើយ​នាំ​ឲ្យ​មាន​លំហូរ​ជនអន្តោប្រវេសន៍​ចូល​អឺរ៉ុប​មិនចេះ​ឈប់​។ សម្រាប់​លោក Di Maio បើ​បារាំង​មិន​ជិះជាន់​ប្រទេស​អាហ្វ្រិក​ទេ ម្ល៉េះ​ប្រទេស​ទាំងនោះ​មាន​សេដ្ឋកិច្ច​ខ្លាំងក្លា​ទៅហើយ ឯ​ប្រជាជន​ក៏​មិន​រត់ចោលស្រុក​ដែរ​។​

 
​ទំនាក់ទំនង​បារាំង និង​អុីតាលី​មិនសូវ​ល្អ​ឡើយ​ក្រោយ​ការឡើង​អំណាច​របស់​អ្នកនយោបាយ​ប្រឆាំង​ដែលមាន​និន្នាការ​ប្រឆាំង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​មុនៗ​។ រដ្ឋាភិបាល​អុីតាលី​សព្វថ្ងៃ​ដែល​ដឹកនាំ​ដោយ​ចលនា​ផ្កាយ​៥ និង​ជា​បក្ស​ស្ដាំនិយម​ជ្រុល តែង​អនុវត្ត​គោលនយោបាយ​ផ្ទុយ​ពី​បារាំង​លើ​រឿង​ការបរទេស​ដូចជា​សំណុំរឿង​លី​ប៊ី និង​បញ្ហា​អន្តោប្រវេសន៍​ជាដើម ក្នុងន័យ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពខុសគ្នា​រវាង​ខ្លួន​និង​រដ្ឋាភិបាល​ឆ្វេងនិយម​ដែល​ស្និទ្ធ​បារាំង​។​
 
​ជុំវិញ​លំហូរ​ជនអន្តោប្រវេសន៍​អាហ្វ្រិក​ដែល​ធ្វើដំណើរ​ឆ្លង​សមុទ្រ​មក​អឺរ៉ុប ឧបនាយករដ្ឋមន្ត្រី​អុីតាលី Luigi Di Maio ចោទថា បារាំង​ជាដើម​ហេតុ​។ ថ្លែង​ទៅកាន់​ជំនួប​នៅ​ចុង​សប្ដាហ៍​មុន លោក Di Maio និយាយថា ប្រសិន​មាន​មនុ​សស្ស​ម្នា​ចាក​ចេញពី​អឺរ៉ុប ក៏​ព្រោះ​តែមាន​ប្រទេស​អឺរ៉ុប​ខ្លះ និយាយ​ឲ្យ​ចំ​គឺ​បារាំង​មិន​ព្រម​ឈប់​ធ្វើ​អាណានិគម ហើយ​បើ​បារាំង​មិនបាន​ដាក់​អាណានិគម​លើ​អាហ្វ្រិក​ទេ អាហ្វ្រិក​ជា​មហាអំណាច​សេដ្ឋកិច្ច​ដ៏​ធំ​របស់​ពិភពលោក​ទៅហើយ​។​
 
​សម្ដី​វាយប្រហារ​របស់​ឧបនាយករដ្ឋមន្ត្រី​រូបនេះ ធ្វើ​ឲ្យ​បារាំង​មិន​ពេញចិត្ត​ឡើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ស្រង់​ប្រភព​ការទូត អគ្គរដ្ឋទូត​អុីតាលី​ប្រចាំ​ប៉ារីស Teresa Castaldo ត្រូវបាន​នាយក​ខុទ្ទកាល័យ​រដ្ឋមន្ត្រី​កិច្ចការ​អឺរ៉ុប​របស់​បារាំង​ហៅ​ទៅ​សួរនាំ​នៅ​ថ្ងៃទី​២១ ខែមករា​។​
 
​យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អុីតាលី​ដដែល​នេះ មិន​ព្រម​បន្ថយ​ពាក្យសម្ដី​របស់ខ្លួន​ឡើយ​។ លោក Di Maio ដែលជា​ប្រមុខ​ចលនា​ផ្កាយ​៥ ផង​នោះ​បន្ត​វាយប្រហារ​គោលនយោបាយ​ការបរទេស​បារាំង​ទៀត ដោយ​ចោទ​បារាំង​ថា បាន​បំប៉ោង​សេដ្ឋកិច្ច​ប្រទេស​ចំនួន​១៤ តាមរយៈ​ការដាក់​ឲ្យ​ប្រើប្រាស់​រូបិយ​បណ្ណ CFA franc ។ លោក​ពន្យល់ថា ការបោះពុម្ព​លុយ​ឲ្យ​ប្រទេស​ទាំង​១៤ បាន​រារាំង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​រួមចំណែក​ដល់​ការចាកចេញ​ពី​ប្រទេស​ដោយ​ប្រថុយប្រថាន ដែល​ខ្លះ​មានសំណាង​ទៅដល់​អុីតាលី ឯ​ខ្លះ​លិចលង់​ក្នុង​សមុទ្រ​។​
 
​តាមពិតទៅ រដ្ឋាភិបាល​ក្រុង​រ៉ូម​បច្ចុប្បន្ននេះ មិនត្រូវ​គ្នា​ជាមួយ​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប​លើ​បញ្ហា​អន្តោប្រវេសន៍ ដ្បិត​អុីតាលី​ត្រូវ​រ៉ាប់រង​ជនភៀសខ្លួន​រាប់លាន​នាក់​ដែល​រត់គេច​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​ផង និង​បញ្ហា​នៅ​អាហ្វ្រិក​ផង​។ លោក Di Maio អះអាងថា ពេលនេះ​គួរតែ​និយាយ​ពី​មូលហេតុ​នាំ​ឲ្យ​មានរឿង មិនមែន​និយាយ​ពី​ផលប៉ះពាល់​ឡើយ ហើយ​ប្រទេស​ដូច​បារាំង​នេះ​គួរតែ​រង​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប​ដែល​ធ្វើ​ឲ្យ​អាហ្វ្រិក​ក្រីក្រ​៕ 
 

Tag:
 បារាំង​
  អុីតាលី​
  អាហ្វ្រិក​
  Luigi Di Maio
© រក្សាសិទ្ធិដោយ thmeythmey.com