អន្តរជាតិ
ការបំពុលបរិយាកាសកាន់តែអាក្រក់ អាជ្ញាធរថៃពិចារណាប្រកាស «អាសន្ន» នៅបាងកក រូបភាព៖ កាសែត The Nation
× សាលាក្រុង និងនាយកដ្ឋានគ្រប់គ្រងការបំពុលថៃ កំពុងពិចារណាប្រកាសទីក្រុង បាងកក ទៅជា «តំបន់គ្រប់គ្រងការបំពុល» ក្រោយពីខ្យល់កខ្វក់មានសភាពកាន់តែអាក្រក់ខ្លាំងឡើងៗ នៅថ្ងៃចន្ទ ទី២១ ខែមករា។
លោក Chatri Watthanakhechon ប្រធានការិយាល័យបរិស្ថាននៃរដ្ឋបាលទីក្រុងបាងកក បាននិយាយថា ដោយសារតែកម្រិតនៃខ្យល់កខ្វក់បានកើនឡើងលើសពីកម្រិតសុវត្ថិភាព នៅគ្រប់សង្កាត់ទាំងអស់ក្នុងរាជធានី បាងកក សាលាក្រុងកំពុងស្វះស្វែងរកមធ្យោបាយដើម្បីសម្អាតផ្លូវសំខាន់ៗ រហូតដល់គុណភាពខ្យល់មានសភាពល្អប្រសើរឡើងវិញ។
យោងតាមការចុះផ្សាយរបស់កាសែត Bangkok Post លោក Chatri បានបញ្ជាក់ថា ការិយាល័យបរិស្ថានថៃ បានរៀបចំជំនួបមួយជាមួយនាយកដ្ឋានគ្រប់គ្រងការបំពុលថៃ កាលពីរសៀលថ្ងៃចន្ទ ក្នុងគោលបំណងបង្កើតវិធានការចាំបាច់ ដើម្បីទប់ទល់នឹងការបំពុលបរិយាកាស ដែលកំពុងគំរាមកំហែងដល់សុខភាពប្រជាជន។ ទាក់ទិននឹងលទ្ធផលនៃជំនួបនេះដែរ លោកបានបង្ហើបទៀតថា ភាគីទាំងពីរកំពុងសម្លឹងមើលលទ្ធភាពក្នុងការប្រកាសដាក់ ទីក្រុងបាងកកទៅជា តំបន់គ្រប់គ្រងការបំពុល។
ប្រសិនបើទីក្រុងបាងកកត្រូវប្រកាសឲ្យក្លាយជា «តំបន់គ្រប់គ្រងការបំពុល» មែននោះ បណ្តាភ្នាក់ងាររដ្ឋបាលថ្នាក់តំបន់ទាំងអស់នៅក្នុងទីក្រុងបាងកក នឹងតម្រូវឲ្យរកវិធីដោះស្រាយការបំពុលនៅក្នុងតំបន់រៀងៗខ្លួនរបស់ពួកគេ។ ហើយវិធីទាំងនោះគឺរាប់ចាប់ពីការចាត់ចែងការសិក្សា ទៅដល់ការអនុវត្តវិធានការច្បាស់លាស់ណាមួយ ដើម្បីទប់ទល់នឹងបញ្ហាខ្យល់កខ្វក់នេះ។
ទន្ទឹមនឹងគ្នានេះដែរ នាយកដ្ឋានការពារនិងកាត់បន្ថយគ្រោះធម្មជាតិថៃ (DDPM) បាននិយាយថា ទីក្រុងបាងកក និងខេត្តនៅក្បែរៗនោះ កំពុងរងការវាយប្រហារយ៉ាងខ្លាំងដោយសារផង់ធូលីនៅកម្រិត ដែលអាចប៉ះពាល់សុខភាពមនុស្ស។ យោងតាមការចុះផ្សាយរបស់កាសែត Bangkok Post លោក Chayapol Thitisak អគ្គនាយក DDPM បានគូសបញ្ជាក់ថា ភ្នាក់ងារកំពុងធ្វើការជាមួយអាជ្ញាធរខេត្ត ដើម្បីដោះស្រាយបញ្ហាខ្យល់ពុល ដោយការបាញ់ទឹក លាងសម្អាតផង់ធូលីនៅក្នុងខ្យល់ ក៏ដូចជាដាក់បញ្ជាឲ្យមន្ត្រីឃ្លាំមើលគុណភាពខ្យល់ឲ្យបានល្អិតល្អន់ផងដែរ។
លោកអគ្គនាយក Chayapol បានកត់សម្គាល់ថា អាជ្ញាធរក៏បានណែនាំប្រជាជនឲ្យប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈ និងហាមឃាត់ការដុតសម្រាមជាដើម។ ជាមួយគ្នានេះ ប្រជាជនទាំងនោះក៏ត្រូវបានណែនាំឲ្យជៀសវាងការដើរហើរនៅខាងក្រៅប្រសិនពុំចាំបាច់ និងត្រូវពាក់ម្ស៉ាស់ជានិច្ចផងដែរនៅពេលចេញទៅក្រៅ។ អាជ្ញាធរក៏បានព្រមានឲ្យអ្នកបើកបរយានជំនិះឲ្យធ្វើដំណើរដោយប្រុងប្រយ័ត្នផងដែរដ្បិតថាផ្លូវត្រូវបានរុំព័ទ្ធដោយផ្សែងអ័ព្ទ៕
Tag:
ថៃ
រាជធានីបាងកក
ខ្យល់កខ្វក់
© រក្សាសិទ្ធិដោយ thmeythmey.com