អន្តរជាតិ
ចិន​ធ្វើកំណែទម្រង់​យោធា​ថ្មី ក្នុង​គោលដៅ​ការពារ​ផលប្រយោជន៍​ខ្លួន​នៅ​បរទេស​
23, Jan 2019 , 8:39 am        
រូបភាព
ដោយ:
​យោធា​ចិន បាន​ពង្រឹង​កងកម្លាំង​យោធា​របស់ខ្លួន​ជា​លំដាប់​នៅក្នុង​ជួរ​ទ័ពជើងទឹក​, ជើង​អាកាស​, ផ្នែក​មី​ស៊ី​ល  និង​យុទ្ធសាស្ត្រ តែ​សម្រេច​កាត់បន្ថយ​ចំនួន​កងទ័ពជើងគោក​របស់ខ្លួន​។ ទាក់ទិន​ង​នឹង​កំណែទម្រង់​ថ្មី​នេះ អ្នកជំនាញ​យល់ឃើញថា ចិន​មានបំណង​ប្រែក្លាយ​សមត្ថភាព​កងក​ម្លាំ​ង​របស់ខ្លួន​ពី​កងទ័ព​ចាំផ្ទះ ទៅជា​កងទ័ព​មួយ​ដែលមាន​សមត្ថភាព​ឲ្យ​ក្រុង​ប៉េកាំង អាច​បង្ហាញ​សាច់ដុំ​របស់ខ្លួន​ឆ្ងាយ​ពី​ព្រំដែន​ចិន ព្រមទាំង​ការពារ​ផលប្រយោជន៍​របស់​ជាតិ​នៅ​បរទេស​ថែម​ទៀតផង​។​

 
​ប​ទយ​ការណ៍​មួយ​ដែល​បាន​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន  Xinhua  បាន​បង្ហាញថា កងទ័ពជើងទឹក​, ជើង​អាកាស​, កងកម្លាំង​ទទួលបន្ទុក​ផ្នែក​មី​ស៊ី​ល និង​កងកម្លាំង​គាំទ្រ​យុទ្ធសាស្ត្រ បច្ចុប្បន្ននេះ បូក​បញ្ចូល​គ្នា មាន​ចំនួន​ច្រើនជាង​ពាក់កណ្តាល​នៃ​យោធា​ចិន​។ ចំនួន​យោធា​ក្នុង​អង្គភាព​ធំ​ទាំង​បួន​នៃ​កងទ័ព​រំដោះប្រជាជន​ចិន (PLA) នេះ​មាន​ចំនួន​លើសពី​កងទ័ពជើងគោក​ដែលជា​ប្រពៃណី​មាន​ចំនួន​លប់​លើសគេ​នៅក្នុង​យោធា​ទ័ព​។​
 
​របាយការណ៍​ខាងលើ បានបញ្ជាក់​បែបនេះ​៖«​ទិន្នន័យ​ថ្មី​នេះ​គឺ​ពុំ​ធ្លាប់​កើតមាន​នោះឡើយ នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​កងកម្លាំង​រំដោះប្រជាជន​ជាតិ​។ កងទ័ពជើងគោក​ចិន សព្វ​នេះ​នេះ​មាន​ចំនួន​តិចជាង ៥០ ភាគរយ​នៃ​ចំនួន​សរុប​របស់ PLA ។ ហើយ​ស្ទើ​តែ​ពាក់កណ្តាល​នៃ​កងកម្លាំង​មិន​ប្រយុទ្ធ​របស់​យើង ត្រូវបាន​កាត់បន្ថយ ហើយ​ចំនួន​មន្ត្រី​នៅក្នុង PLA ក៏ត្រូវ​កាត់បន្ថយ​ប្រមាណ ៣០ ភាគរយ​ផងដែរ​»​។ 
 
​ទាក់ទិន​នឹង​កំណែទម្រង់​ថ្មី​នេះ អ្នកជំនាញ​ផ្នែក​យោធា​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀង​ហៃ លោក Ni Lexiong បាន​គូសបញ្ជាក់ថា ការរុះរើ​ក្នុង​ជួរ​កងទ័ព​ចិន​នេះ​គឺ​បង្ហាញ​ពី​ការផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ ដែល​ប្រែក្លាយ​ពី​កងកម្លាំង​ចាំផ្ទះ ទៅជា​កងកម្លាំង​មួយ​ដែលមាន​សមត្ថភាព​ឲ្យ​ក្រុង​ប៉េកាំង អាច​បង្ហាញ​សាច់ដុំ​របស់ខ្លួន ឆ្ងាយ​ពី​ព្រំដែន​ចិន ព្រមទាំង​ការពារ​ផលប្រយោជន៍​របស់​ជាតិ​នៅ​បរទេស​ថែម​ទៀតផង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត​ហុងកុង South China Morning Post ។​
 
​យោងតាម​ប្រភពព័ត៌មាន​ដដែល លោក Ni បាន​និយាយទៀតថា កំណែទម្រង់​នេះ​ក៏​មានន័យថា អង្គភាព​ក្នុង​កងទ័ព​រំដោះប្រជាជន​ចិន រួមមាន កម្លាំង​ជើង​ទឹក កម្លាំង​ជើង​អាកាស និង​កម្លាំង​ទទួលបន្ទុ្ក​ផ្នែក​មី​ស៊ី​ល អាច​ដើរតួ​សំខាន់​ជាង​មុន​នៅក្នុង​ព្រឹត្តិការណ៍​នៃ​ជម្លោះ តាមរយៈ​ការវាយប្រហារ​លើ​កម្លាំង​សត្រូវ ឆ្ងាយ​ពី​ព្រំដែន​របស់​ចិន​។ លោក​ពន្យល់ថា សង្គ្រាម​សម័យ​ទំនើប​គឺ​ផ្តោត​សំខាន់​លើ​ភាពប្រសើរ​ជាង​នៅក្នុង​ផ្នែក​មួយចំនួន រួមមាន ដែនអាកាស​, បច្ចេកវិទ្យា និង​អវកាស ដែល​នោះ​នឹង​កាន់តែ​កាត់បន្ថយ​សារសំខាន់​នៃ​កម្លាំង​ជើងគោក​។ 
 
​កំណែទម្រង់​ថ្មី​នេះ ត្រូវបាន​ប្រកាស​ជា​លើកដំបូង​បង្អស់​ដោយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ក្នុង​ឆ្នាំ​២០១៥ ដោយមាន​គោលបំណង​កាត់បន្ថយ​ចំនួន​កងទ័ព​ដល់​ទៅ ៣០ ម៉ឺន​នាក់​ឯណោះ​។ បច្ចុប្បន្ននេះ ចិន​មាន​កងទ័ព​សកម្ម​ទាំងប្រុស ទាំងស្រី​ប្រមាណ ២ លាន​នាក់ ដែល​ធ្វើ​ឲ្យ​កងទ័ព​រំដោះប្រជាជន​ចិន​ក្លាយជា កងកម្លាំងប្រដាប់អាវុធ​ធំជាងគេ​បំផុត​លើ​ពិភពលោក​។ 
 
​ម្យ៉ាងវិញទៀត យោធា​ចិន​ត្រូវ​បែង​ចែកជា​ប្រាំ​សាខា​ដូចជា កងទ័ពជើងគោក​, ជើង​ទឹក​, ជើង​អាកាស​, កងកម្លាំង​ទ​ទួ​ក​បន្ទុក​ផ្នែក​មី​ស៊ី​ល (​មី​ស៊ី​លប​ច្ចេកទេស និង​មី​ស៊ី​ល​យុទ្ធសាស្ត្រ​) និង​កងកម្លាំង​គាំទ្រ​យុទ្ធសាស្ត្រ ដែល​ទទួលខុសត្រូវ​ផ្នែក​បច្ចេកវិទ្យា អវកាស និង​សម្ភារៈ​សង្គ្រាម​។ ស្ថាប័ន​ពីរ​ចុងក្រោយ​ត្រូវបាន​បង្កើត​កាលពី​បី​ឆ្នាំមុន ស្របពេល​ដែល​លោក ស៊ី ខិតខំ​ប្រឹងប្រែង​ធ្វើ​ទំនើបកម្ម​ផ្នែក​យោធា​៕

Tag:
 ចិន​
  យោធា​
  កំណែទម្រង់
© រក្សាសិទ្ធិដោយ thmeythmey.com