អន្តរជាតិ
លោក Erdogan ធ្វើ​ទស្សនកិច្ច​ក្នុង​ទីក្រុង​ម៉ូស្គូ​ខណៈ​ទាហាន​តួ​ក​គី​ត្រៀម​ធ្វើ​ប្រតិបត្តិការ​នៅ​ស៊ី​រី​
23, Jan 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ប្រធានាធិបតី​តួ​ក​គី​លោក Recep Tayyip Erdogan នឹង​ជួប​ជាមួយ​សម​ភាគី​រុស្ស៊ី​លោក Vladimir Putin នៅក្នុង​ទីក្រុង​ម៉ូស្គូ​នៅ​ថ្ងៃ​ពុធ​នេះ​។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​បន្ទាប់ពី​កងកម្លាំង​តួ​ក​គី​កំពុង​ត្រៀមខ្លួន​បើក​ប្រតិបត្តិការ​យោធា​ធំ​មួយ​ប្រឆាំងនឹង​កងជីវពល YPG ស៊ី​រី​ឃឺ​ត​។​

 
​លោក Erdogan បាន​សរសេរ​នៅក្នុង​សារព័ត៌មាន​ប្រចាំថ្ងៃ Kommersan t​របស់​រុស្ស៊ី​កាលពី​សប្តាហ៍​មុន​ថា​«​យើង​នឹងមិន​ស្នើសុំ​ការពិគ្រោះ​យោបល់​អំពី​វិធានការ​ដោះស្រាយ​ជាមួយនឹង​ក្រុម​ភេរវកម្ម​ពី​អ្នក​ដែល​ធ្លាប់ធ្វើ​សកម្មភាព​ប្រឆាំងនឹង​ពលរដ្ឋ​របស់​យើង​ដោយផ្ទាល់​អស់​រយៈពេល​ជាង​៣០​ឆ្នាំ ឬ​ត្រូវ​ស្នើសុំ​ការអនុញ្ញាត​ដើម្បី​បង្ក្រាប​ពួក​ភេរវកម្ម​នោះទេ​»​។ រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​បានចាត់ទុក​ក្រុម YPG​និង​ដៃគូ​នយោបាយ​របស់​ក្រុម​នេះ​គឺ​អង្គការ​ភេរវកម្ម PYD ថា មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ក្រុម​បះបោរ​នៅក្នុង​ប្រទេស​តួ​ក​គី​។​
 
​ទាំង​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា និង​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​បាន​គាំទ្រ​ភាគី​ជម្លោះ​នៅក្នុង​សង្គ្រាមស៊ីវិល​របស់​ស៊ី​រី ដែលជា​លទ្ធផល​បានធ្វើ​ឲ្យ​យន្តហោះ​ចម្បាំង​របស់​តួ​ក​គី​បាន​បាញ់​ទម្លាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​កាលពី​ឆ្នាំ​២០១៥​។ ចាប់តាំងពី​ពេលនោះ​មក​ប្រធានាធិបតី​ប្រទេស​ទាំងពីរ​បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​បញ្ចប់​ជម្លោះ​នេះ​។​
 
​លោក Erdogan និង​លោក Putin​ធ្លាប់បាន​ជួបប្រជុំ​ទល់មុខ​គ្នា​ចំនួន​៧​លើក​កាលពី​ឆ្នាំ​២០១៨ និង​តាម​ទូរស័ព្ទ​ចំនួន​១៧​ដង​ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេរ​ភាគី ជាពិសេស​អំពី​បញ្ហា​ស៊ី​រី​។ លោក Putin បានផ្តល់​ភ្លើង​បៃតង​ដល់​ប្រតិបត្តិការ​របស់​ទាហាន​តួ​ក​គី​ចំនួន​ពីរ​កាលពី​ពេលមុន​ដើម្បី​ប្រឆាំងនឹង​ក្រុម YPG​ដែលជា​លទ្ធផល​បានធ្វើ​ឲ្យ​តំបន់​ដ៏​ធំ​មួយ​របស់ ស៊ី​រី​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com