ជាតិ
សង្គមជាតិ
៥​ខែ​ទៀត ពលរដ្ឋ​នៅ​ភ្នំពេញ លែង​អាច​សង់រោង​បុណ្យ​និង​រោងការ​តាម​ចិញ្ចើមផ្លូវ​ហើយ​
23, Jan 2019 , 6:13 pm        
រូបភាព
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីណែនាំ​មួយ ស្តីពី​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ និង​ការប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ​។ តាមរយៈ​សេចក្តីណែនាំ រដ្ឋបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​វិធា​នការ​មួយចំនួន កុំ​ឲ្យ​មានការ​សង់រោង​ការ រោងបុណ្យ និង​រោង​កម្មវិធី​ផ្សេងៗ នៅតាម​ដងផ្លូវ​និង​ចិញ្ចើមផ្លូវ​។


​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ទុក​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ អាច​សង់រោង​បុណ្យ​និង​រោង​កម្មវិធី​ផ្សេងៗ ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩​។ រដ្ឋបាល​រាជធានី​ភ្នំពេញ ណែនាំ​ប្រជាពលរដ្ឋ​ថា ការសង់​រោង​ឬ​ការរៀបចំ​កម្មវិធី​អ្វីមួយ មិនត្រូវ​ឲ្យ​លើសពី ១​ភាគ​២ នៃ​ទ្រូងផ្លូវ​ឡើយ​។
 
​ការអនុញ្ញាតនេះ នឹងត្រូវបញ្ឈប់ ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៩ តទៅ​។ សេចក្តីណែនាំ ដែល​ចុះហត្ថលេខា​ដោយ​លោក ឃួ​ង ស្រេង តាំងពី​ខែធ្នូ ឆ្នាំ​២០១៨​មក បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​រក​ទីតាំង​ឯកជន វត្ត​អារាម ព្រះវិហារ ឬ ទីតាំង​សមស្រប​ណាមួយ​ជំនួស​ការប្រើប្រាស់​ចិញ្ចើមផ្លូវ ឬ​ទ្រូងផ្លូវ ហើយ​ការធ្វើ​រោងបុណ្យ រោង​អាពាហ៍ពិពាហ៍ និង​រោង​កម្មវិធី​ផ្សេងៗ​ជា​លក្ខណៈ​ឯកជន នៅលើ​ចិញ្ចើមផ្លូវ ឬ​ទ្រូងផ្លូវ គឺ​មិន​អនុញ្ញាត​ជូន​ឡើយ​»​។​
 
​រដ្ឋបាល​រាជធានី​ភ្នំពេញ ថែមទាំង​ប្រាប់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១២ ឲ្យ​បង្កើត «​ក្រុមការងារ​រៀបចំ​សណ្ដាប់ធ្នាប់​តាម​ដងផ្លូវ និង​ប្រើប្រាស់​ចិញ្ចើមផ្លូវ​សាធារណៈ​ទាំងអស់​» ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​និង​ធានា​ការប្រើប្រាស់​ចិញ្ចើមផ្លូវ ឲ្យ​បាន​ត្រឹមត្រូវ​។  
 
​លើសពីនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ ម្ចាស់​លំនៅដ្ឋាន ម្ចាស់​អាជីវកម្ម ម្ចាស់​ការដ្ឋាន អ្នកគ្រប់គ្រង​មន្ទីរពេទ្យ អ្ន​កគ្រប់គ្រង​គ្រឹះស្ថាន​អប់រំ អ្នកគ្រប់គ្រង​អគារ​សាធារណៈ វិស័យ​ឯកជន និង​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ឲ្យ​កែសម្រួល និង​រៀបចំ​ទីតាំង​របស់ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ ស្របតាម​ការណែនាំ​នេះ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ ទុកពេល​ឲ្យ​១​ខែ សម្រាប់​ការកែសម្រួល​និង​រៀបចំ​ទីតាំង​ទាំងនោះ ដោយ​គិត​ចាប់ពី​កាលបរិច្ឆេទ​នៃ​ការចេញ​សេចក្ដីណែនាំ​នេះ​ទៅ​។​
 
​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ព្រមាន​យ៉ាង​ដូច្នេះ​ថា​៖«​បើ​អ្នកណា មិន​ចូលរួម​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​នេះ​ទេ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១២ និង​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ចាត់វិធានការ​រដ្ឋបាល ដែល​រួមមាន បិទ​អា​ជីក​ម្ម ផ្អាក​ការដ្ឋាន ដកហូត​សម្ភារ និង រុះរើ​សំណង់ ជាដើម​។ ក្នុងករណី​ចាំបាច់ ត្រូវ​ចាត់វិធានការ​ច្បាប់​ជា​ធរមាន​»​។ 
 
 

Tag:
 ​រដ្ឋបាល​ភ្នំពេញ​
  ចិញ្ចើមផ្លូវ​
© រក្សាសិទ្ធិដោយ thmeythmey.com