ជាតិ
សហព័ន្ធ​ស្រូវ អង្ករ នឹង​តវ៉ា​ទៅ​អន្តរជាតិ គួបផ្សំ​និង​ការព្យាយាម​ប្រកួតប្រជែង​នាំចេញ​អង្ករ​
24, Jan 2019 , 9:39 pm        
រូបភាព
រូបភាពបានពីផេកហ្វេសប៊ុក សហព័ន្ធ ស្រូវ អង្ករ កម្ពុជា
រូបភាពបានពីផេកហ្វេសប៊ុក សហព័ន្ធ ស្រូវ អង្ករ កម្ពុជា
​ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ អង្ករ កម្ពុជា នឹង​តវ៉ា​ទៅ​សហគមន៍​អន្តរជាតិ ហើយ​ព្យាយាម​ប្រកួតប្រជែង ក្នុងការ​នាំចេញ​អង្ករ តាមរយៈ​ការកាត់បន្ថយ​ថ្លៃដើម និង​ពង្រីក​ទីផ្សារ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍ របស់​សហព័ន្ធ​ស្រូវ អង្ករ កាលពី​ថ្ងៃទី​២២ មករា​។​


 
​សហព័ន្ធ​ស្រូវ អង្ករ និង​ធ្វើការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ក្រុមការងារ​នៃ​វេទិកា​រាជរដ្ឋាភិបាល និង​ឯកជន​ផ្នែក​ស្រូវ អង្ករ ដើម្បី​ជំរុញ​ការប្រកួតប្រជែង និង​ព្យាយាម​ជំរុញ​ម៉ាក​សញ្ញា​អង្ករ​ប្រណិត​កម្ពុជា​«​ម្លិះ​អង្ករ​» ទៅកាន់​ទីផ្សារ​អន្តរជាតិ​នានា​។ 
 
«​ម្លិះ​អង្ករ​» ជា​ម៉ាក​សញ្ញា​សម្រាប់​សម្គាល់​អ​ង្ករ ដែល​ទទួលបាន​ពានរង្វាន់​អង្ករ​ល្អ​ជាងគេ​លើ​ពិភពលោក​។​ជាមួយគ្នានេះ  សហព័ន្ធ​ស្រូវ អង្ករ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា​ទាំងអស់ ឲ្យ​ជួយ​គាំទ្រ​តាមរយៈ​ការទិញ​អង្ករ​កម្ពុជា ដើម្បី​ពង្រីក​ទីផ្សារ​ក្នុងស្រុក ក៏​ដូច​ជួយ​គាំទ្រ​ដល់​ប្រជាកសិករ ក្នុង​វិស័យ​ស្រូវ​-​អង្ករ​ទាំងមូល​។ 
 
«​ការសម្រេច​ដាក់​ពន្ធ​នេះ ជា​ជំហាន​ថយក្រោយ​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា ដែល​បាន​កសាង​កន្លងមក ដោយ​សង្ឃឹមថា យើង​នឹង​អាច​ដើរ​ទៅមុខ​បាន​ច្រើន​ជំហាន​ទៀត ក្នុងការ​សហការ​នេះ​»​។ នេះ​ជា​លើកឡើង​របស់​សហព័ន្ធ​ស្រូវ អង្ករ ក្នុង​សេចក្តីថ្លែងការណ៍​។​
 
​សេចក្តីថ្លែងការណ៍​សហ​ព័ន្ធ​ស្រូវ អង្ករ​នេះ ធ្វើឡើង​ក្រោយ​គណៈកម្មការ​សហភាព​អឺរ៉ុប បានសម្រេច​យកពន្ធ​គយ​លើ​ផលិតផល​អង្ករ​នាំចូល​ពី​កម្ពុជា ក្នុង​រយៈពេល​បី​ជាប់​គ្នា កាលពី​ថ្ងៃទី​១៧ ខែមករា​។   ការ​នាំចូល​អង្ករ​ពី​កម្ពុជា ត្រូវបាន​សហភាព​អឺរ៉ុប សម្រេចយក​ពន្ធគយ​ដោយ​អត្រា​ជិត​២០០​ដុល្លារ ក្នុង​១​តោន នៅ​ឆ្នាំ​២០១៩ និង​ធ្លាក់​ចុះមក​នៅត្រឹម​ជាង​១៧០​ដុល្លារ នៅ​ឆ្នាំ​២០២០ ហើយ​បន្ត​ធា្ល​ក់​ចុះ​នៅ​ជាង​១៤១​ដុល្លារ នៅ​ឆ្នាំ​២០២១​។ ការយកពន្ធ​លើ​អង្ករ​កម្ពុជា​នេះ សហភាព​អឺរ៉ុប ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៩​ទៅ​៕  
 

Tag:
 ស្រូវ-អង្ករ
  ថ្លៃដើម
  ទីផ្សារ
© រក្សាសិទ្ធិដោយ thmeythmey.com