កីឡាជាតិ
ជាតិ
Leung Tsang ស្ថាបនិក​ក្លិប​«​អាណាចក្រ​ប្រយុទ្ធ​» ថា​អនាគត​ក្បាច់គុន​ខ្មែរ​នឹង​រីកចម្រើន​ខ្លាំង​
26, Jan 2019 , 8:29 am        
រូបភាព
រាប់ពីឆ្វេង-លោក Kwok Leung Tsang និងខាងស្តាំលោក Mark Van Dongen
រាប់ពីឆ្វេង-លោក Kwok Leung Tsang និងខាងស្តាំលោក Mark Van Dongen
​មិន​ដល់ពេល​មួយឆ្នាំ​ផង ក្លិប​អាណាចក្រ​ប្រយុទ្ធ (KFG) ដែលមាន​ទីតាំងនៅ​ខេត្តសៀមរាប បាន​កសាង​មុខមាត់​គួរ​ឲ្យ​កត់សម្គាល់​ក្នុងប្រទេស​កម្ពុជា​។ បច្ចុប្បន្ន​ក្លិប​ដ៏​តូច​មួយ​នេះ​កំពុង​បោះជំហាន​ក្នុង​សង្វៀន​ប្រដាល់​ធំជាងគេ​លើកដំបូង ដោយ​កីឡាករ​ពន្លក​ថ្មី គង់ សំបូរ នឹងត្រូវ​បង្ហាញមុខ​នៅ ONE Championship នា​ថ្ងៃទី​២២ ខែកុម្ភៈ នៃ​ព្រឹត្តិការណ៍ ONE: CALL FOR GREATNESS​។

 
​ពីក្រោយ​ការលូតលាស់​ខ្លាំង​របស់​ក្លិប​គឺ​ដោយសារ​មាន​ស្ថាបនិក​ពីររូប​គឺ​លោក Kwok Leung Tsang ជាមួយ​លោក Mark Van Dongen ដែល​អ្នក​ទាំងពីរ​ព្យាយាម​គ្រប់បែបយ៉ាង​ដើម្បី​ផ្សព្វផ្សាយ​ឈ្មោះ​ក្បាច់គុន​ខ្មែរ​ឲ្យ​អន្តរជាតិ​បាន​ស្គាល់​។ 
 
​តាំងពី​ក្លិប​ត្រូវបាន​បង្កើត​មក KFG បាន​ពង្រីក​ខ្លួន​ធ្វេ​រដង ដែល​សព្វថ្ងៃ​ក្លិប​នេះ​មាន​កីឡាករ​តំណាង​ឡើង​ប្រកួត​ក្នុងប្រទេស​ជា​ញឹកញាប់​។ 


 
​តែ​អ្វីដែល​ក្លិប​កំពុង​ប្រឈមមុខ​ធំជាងគេ​គឺ​នៅ​ថ្ងៃទី ២២ ខែកុម្ភៈ គឺ​ត្រូវបញ្ជូន​កីឡាករ​តំណាង​កម្ពុជា​ចំនួន​ពីររូប​គឺ គង់ សំបូរ និង ខុន ស៊ី​ចាន់ ឲ្យ​ធ្វើដំណើរ​ទៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ប្រកួត​តំណាង​ប្រទេស​កម្ពុជា​នៅក្នុង​ជុំរំ​ក្បាច់គុន​ពិភពលោក​។ 
 
​អ្នកលេង​គុន​ខ្មែរ សំបូរ មាន​វ័យ ២៤​ឆ្នាំ នឹង​ត្រៀម​បញ្ចេញស្នាដៃ​ក្នុង​កម្មវិធី ONE Super Series (OSS) ដោយ​ត្រូវ​ប៉ះ​គូប្រយុទ្ធ​ដំបូង​ជាមួយ​ជើង​ខ្លាំង​ចិន Zhang Chenglong​។ 
 
​មួយគូ​នេះ​នឹង​ជួបគ្នា​ក្នុងការ​ប្រកួត​ទម្ងន់ ៦៥​គីឡូក្រាម ដូច្នេះ​លោក Leung Tsang និង​ក្រុម​ទាំងមូល​កំពុង​ព្យាយាម​រក​ក្បាច់​ដើម្បី​បំបាក់​គូប្រកួត​ដ៏​ល្បី​នេះ​ឲ្យ​កក្រើក​ឆាក​តែម្តង​។​
 
​ស្ថាបនិក​ក្លិប KFG រៀបរាប់ថា​៖ «​យើង​មាន​ស្នៀត​ពិសេសៗ​ត្រៀម​ឲ្យ​គាត់​ហាត់​។ និយាយ​ទៅ​យើង​ដឹងថា​ត្រូវ​ប្រើ​ស្នៀត​ណា​ហើយ តែ​យើង​ក៏​នៅចាំ​សង្កេតមើល​ស្នៀត​ខាងគេ​ដែរ ដូចដែល​គេ​ខំ​មើល​យើង​អ៊ីចឹង​»​។ 
 
«​អ្វីដែល​យើង​ខ្លាំងជាងគេ​គឺថា​យើង​មាន​វីដេអូ​ដែល សំបូរ ប្រកួត​គុន​ខ្មែរ​គ្រប់កន្លែង តែ​ខាង​ក្រុម​គេ​មិនដឹងថា សំបូរ អាច​វាយ​លឿន​ប៉ុណ្ណា​ទេ ព្រោះ​គ្មាន​អ្នកណា​អាច​មើល​ដឹង​តាម​ទូរទស្សន៍​ឡើយ​»​។​
 
Leung Tsang មាន​ប្រវត្តិ​ធ្លាប់​ហ្វឹកហាត់​ជាមួយ​គ្រូបង្វឹក​ទាំង​ក្នុងស្រុក និង​បរទេស ដូច្នេះ​គាត់​មានចំណេះដឹង​ច្រើន​ក្នុងការ​ធ្វើ​ឲ្យ​ក្លិប​ក្បាច់គុន KFG របស់ខ្លួន​ពោ​ពេញ​ទៅដោយ​ភាពសប្បាយ​រីករាយ​ទាំង​កីឡាករ​អាជីព ក៏ដូចជា​អ្នក​មក​ហាត់​ដើម្បី​សុខភាព​ផងដែរ​។ 
 
Leung Tsang និង​ក្រុម KFG ទាំងមូល ស្រមើស្រមៃ​ឃើញ​ពី​ក្បាច់គុន​សម័យថ្មី​មួយ​នៅ​កម្ពុជា ប៉ុន្តែ​មិន​មានន័យថា​ត្រូវ​បំបាត់​ក្បាច់បុរាណ​នោះទេ​។ ពួកគាត់​នៅតែមាន​ឆន្ទៈ​ប្រើប្រាស់​ក្បាច់គុន​បុរាណ​ខ្មែរ​តែ​លាយ​ចូល​ក្បាច់​ថ្មី​បន្តិចបន្តួច​។ 
 
«​យើង​ព្យាយាម​លាយ​ក្បាច់​ខុសៗ​គ្នា ហើយ​ចាំមើល​មួយណា​ប្រើការ​បាន​សម្រាប់​អ្នក​ប្រដាល់​យើង​។ កីឡាករ​ម្នាក់ៗ​ប្រាកដ​ជាមាន​ស្នៀត​រៀងៗ​ខ្លួន​ហើយ ប៉ុន្តែ​យ៉ាងណា​យើង​ចង់​ឲ្យ​គាត់​រហ័ស​ជាង​មុន​ដោយ​ប្រើ​គុន​ខ្មែរ​ដែរ​»​។ 
 
​ឃើញ​ពី​ភាព​រីកចម្រើន​របស់​ក្បាច់គុន​ទូទាំង​ពិភពលោក​ជាពិសេស​ដូច​នៅ​ប្រទេស​ថៃ​ជាដើម អ្នកដឹកនាំ​ក្លិប KFG រូបនេះ​តាំងចិត្ត​ថា​នឹងមិន​ភ្លេចគុណ​បុព្វបុរស​ដែលជា​ម្ចាស់​គុន​បុរាណ​ខ្មែរ​ឡើយ​។ ប៉ុន្តែ​គាត់​ក៏​មើលឃើញ​ពី​ចំនុច​ខ្លះៗ​ត្រូវ​កែតម្រូវ​ដើម្បី​អភិវឌ្ឍន៍​ឲ្យ​ប្រសើរ​ផងដែរ​។ 
 
​គាត់​បន្តថា​៖ «​អ្នក​ប្រដាល់​ខ្មែរ​គាត់​មាន​ជំនាញ​សុះ​អស់ហើយ ព្រោះ​វា​នៅក្នុង​ឈាម​ខ្មែរ​ស្រាប់ ដូច្នេះ​អ្វីដែល​ត្រូវធ្វើ​គឺ​បញ្ចេញ​សមត្ថភាព​ដែល​គាត់​មាន​ឲ្យ​គេ​ឃើញ​។ មនុស្សម្នា​ដែល​ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ ដូចជា ចាន់ រតនា ចាន់​រាជ​មកពី​ក្លិប CTT កែវ រំ​ចង់ និង​ខាង​ក្លិប​ប្រដាល់​ជាដើម ពួកគាត់​សុទ្ធ​តែមាន​ចក្ខុវិស័យ​ដូចគ្នា​។ គាត់​មិន​ត្រឹម​តែមាន​ម​ហិ​ច្ច​តា​ទេ តែ​ក៏មាន​មោទកភាព​ដែល​បានជា​ចំណែក​មួយ​ក្នុង​វិស័យ​ក្បាច់គុន​បុរាណ​ខ្មែរ​ដែរ​»​។ 
 
«​ពេលនេះ មិនមែន​ដើម្បី​តែ​ប្រកួត​មួយ​មុខ​ទេ ដោយសារ​យើង​ត្រូវការ​គ្នា​ទៅវិញទៅមក​ដើម្បី​បាន​រីកចម្រើន​ដល់​កំរិត​មួយទៀត​ទាំងអស់គ្នា​»​។ 
 
​នៅ​ខែកុម្ភៈ​ឆាប់ៗ​នេះ KFG នឹងមាន​ឱកាស​ធំ​មួយ​ជា​ក្តីសង្ឃឹម​ដល់​ក្លិប​ដើម្បី​បាន​ដើរ​ទៅមុខទៀត​ស្របតាម​ចក្ខុវិស័យ​របស់ខ្លួន ហើយ​សង្ឃឹមថា​អាច​នាំយក​ជោគជ័យ​ដ៏​អស្ចារ្យ​មួយ​មក​ផ្ទះ​វិញ​។​
 
​ជោគជ័យ​នោះ​មិនមែន​សម្រាប់តែ​ក្លិប​ផ្ទាល់​ទេ ប៉ុន្តែ​ក៏​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​ផងដែរ​។ 
 
​គាត់​បញ្ជាក់ថា​៖ «​ម្នាក់ៗ​មើលងាយ​កម្ពុជា​! តាមពិត​កម្ពុជា​ជា​ប្រទេស​ស្រស់ស្អាត​ណាស់ ហើយ​មាន​អ្វីៗ​ផ្តល់​ឲ្យ​យើង​ច្រើន​មែនទែន​។ បើ​យើង​ក្រលេកមើល​ការប្រកួត​នី​មួ​ួ​យៗ​វិញ បើ​យើង​គ្រប់គ្នា​ចេះ​សហការ​ផ្លាស់ប្តូរ​ចំណេះដឹង​និង​បទពិសោធន៍​ទៅវិញទៅមក នោះបាន​រឹតតែ​ល្អប្រសើរ​ដល់​យើង​គ្រប់គ្នា ក៏ដូចជា​ប្រទេសជាតិ​ទាំងមូល​ដែរ​»៕ 

​អត្ថបទ​៖ Matias Andres

© រក្សាសិទ្ធិដោយ thmeythmey.com