អន្តរជាតិ
វ៉េ​ណេ​ស៊ុយ​អេ​ឡា​ប្រកាស​ធ្វើ​សមយុទ្ធ​យោធា ស្របពេល​ស្ថានការណ៍​នយោបាយ​តានតឹង​
26, Jan 2019 , 10:31 am        
រូបភាព
ប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌុយរូ និងក្រុមឧត្តមសេនីយ៍ (រូបភាព The New York Times)
ប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌុយរូ និងក្រុមឧត្តមសេនីយ៍ (រូបភាព The New York Times)
​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ នៅ​ថ្ងៃទី​២៥ ខែមករា បានប្រកាស​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់​ទ្រា​ធំ​មួយ​នៅ​ខែកុម្ភៈ ខណៈដែល​ស្ថានការណ៍​នយោបាយ​កំពុងតែ​ឡើងក​ម្ដៅ​ខ្លាំង​។ នៅពេលនេះ លោក ម៉ា​ឌុយ​រ៉ូ កំពុង​ប្រឈមមុខ​នឹង​ការ​ប្រជែង​អំណាច​ពី​មេដឹកនាំ​ប្រឆាំង ហ័ន ក្វៃ​ដូ ដែល​តាំងខ្លួន​ជា​ប្រធានាធិបតី​ដែរ ហើយ​មាន​អាមេរិក​ទទួលស្គាល់​។ ទំនង​បារម្ភ​ពី​ការឈ្លានពាន​នៃ​កម្លាំង​បរទេស លោក ម៉ា​ឌុយ​រ៉ូ អះអាងថា សមយុទ្ធ​ខាងមុខនេះ ជាការ​សម្ញែង​សាច់ដុំ​ដាក់​សត្រូវ​។​

 
​កងទ័ព​ជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា នឹងធ្វើ​សមយុទ្ធ​ចាប់ពី​ថ្ងៃទី​១០ ដល់ទី​១៥ ខែកុម្ភៈ​ខាងមុខ​។ នេះ​បើតាម​ការប្រកាស​របស់​លោក​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​២៥ ខែមករា​។ បើតាម​លោក ម៉ា​ឌុយ​រ៉ូ ក្នុង​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នេះ យោធា​វ៉េ​ណេ​ស៊ុយ​អេ​ឡា នឹង​ហ្វឹកហាត់​កម្ទេច​ការឈ្លានពាន​របស់​សត្រូវ និង​បង្កើត​ជំនាញ​របស់​ពួកគេ​ក្នុងការ​ការពារ​ទឹកដី ឆ្នេរ និង​ផ្លូវទឹក​របស់​ប្រទេស​។​
 
​បើតាម​សារព័ត៌មាន RT លោក ម៉ា​ឌុយ​រ៉ូ ដែល​កំពុង​ប្រឈមមុខ​ការតវ៉ា​របស់​ប្រជាជន​នោះ លើកឡើងថា កងទ័ព​នឹងធ្វើ​ឲ្យ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ក្លាយជា​ប្រទេស​ដែល​មិនអាច​វាយប្រហារ​បាន ព្រោះ​យោធា​មាន​សមត្ថភាព​តទល់​នឹង​សត្រូវ​ឈា្ល​ន​ពាន​ទាំងឡាយ​ដែល​ហ៊ាន​បោះ​ជើង​ជាន់​ទឹកដី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ ប្រធានាធិបតី​រូបនេះ​បន្ត​អួតអាង​ទៀតថា កងទ័ព​ជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​មាន​សមត្ថភាព​ដល់​កម្រិត​ជំនាញ​ខ្ពស់បំផុត​ហើយ​។​
 
​រដ្ឋ​តំបន់​អាមេរិក​ខាងត្បូង​ដែល​ធ្លាប់តែ​មានបាន​ដោយសារ​ប្រេង​មួយ​នេះ មាន​យោធា​ច្រើន​គួរសម ដែលមាន​ខ្ទង់​កន្លះ​លាន​នាក់​ឯណោះ ហើយ​បែង​ចែកជា​ទ័ពជើងគោក ជើង​ទឹក ជើង​អាកាស កង​ឆ្មាំ​ជាតិ និង​កងជីវពល​ជាតិ​។ ការធ្វើ​ទំនើបកម្ម​កងទ័ព​ក៏ត្រូវ​បានធ្វើ​ឡើងជា​បន្ត​បន្ទាប់ ពិសេស​តាំងពី​សម័យ​លោក ហ៊ូ​ហ្គោ ឆា​វេស កាន់តំណែង​ប្រធានាធិបតី​មក​។ 
 
​ក្នុង​ឆ្នាំ​២០០៦ អាមេរិក​ក៏​ដាក់​បម្រាម​អាវុធ​ជាមួយ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​នេះ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស់​ងាក​ទៅរក​រុស្ស៊ី និង​ចិន​ដើម្បី​ទិញ​អាវុធ និង​គ្រឿង​បរិក្ខារ​យោធា​វិញ​។ ក្នុង​ជួរ​ទ័ពអាកាស​របស់ខ្លួន វ៉េ​ណេ​ស៊ុយ​អេ​ឡា​មាន​យន្តហោះ​ចម្បាំង Su-30MK ដែល​ផលិត​នៅ​រុស្ស៊ី និង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​ជាច្រើន​គ្រឿង​ផង​។ លើសពីនោះ វ៉េ​ណេ​ស៊ុយ​អេ​ឡា​ក៏មាន​មី​ស៊ី​ល​ស៊េរី​ទំនើប​ដែល​អាច​បាញ់​ពីលើ​មេឃ​ទៅ​គោលដៅ​ផ្ទៃដី និង​បាញ់​ពី​អាកាស​សំដៅ​កប៉ាល់​ដែ​។​
 
​ស្របពេល​វិបត្តិ​នយោបាយ​ក្នុងស្រុក​កាន់តែ​វឹកវរ​រហូតដល់​មាន​សភា​ពីរ និង​ប្រធានាធិបតី​ពីរបែប​នេះ កងទ័ព​វ៉េ​ណេ​ស៊ុយ​អេ​ឡា ក្លាយជា​កម្លាំង​ស្នូល​សម្រាប់​ភាគី​នយោបាយ​ដែល​ចង់​កាន់អំណាច​។ យ៉ាងណាក្ដី កងទ័ព​កំពុង​ឈរ​ខាង​លោក ម៉ា​ឌុយ​រ៉ូ ដដែល ហើយ​បាន​បដិសេធ​ទទួលស្គាល់​លោក ក្វៃ​ដូ ជា​មេដឹកនាំ​ស្របច្បាប់​របស់​ពួកគេ​។ តាមពិតទៅ​ដោយសារ​មាន​កងទ័ព​ក្នុង​ដៃ​បែបនេះ ទើប​លោក ម៉ា​ឌុយ​រ៉ូ អាច​កាន់អំណាច​បាន​ដូច​រាល់ថ្ងៃនេះ ទោះ​ជាមាន​សម្ពាធ​អន្តរជាតិ​ក្ដី​។​
 
 

Tag:
 វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  នី​កូ​ឡាស់​
  ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com