ជាតិ
២៥ខេត្ត/រាជធានី
ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើរតួ​សំខាន់ ក្នុងការ​ជំរុញ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​
27, Jan 2019 , 1:59 pm        
រូបភាព
​ភ្នំពេញ​៖  ស្ថាប័ន​សារព័ត៌មាន មាន​តួនាទី​សំខាន់​ក្នុង​ការផលិត​អត្ថបទ ដែល​ជួយ​ពង្រឹង​ចំណេះដឹង​ដល់​ប្រជាកសិករ ទៅលើ​បញ្ហា​កសិកម្ម​,​បច្ចេកវិទ្យា​ថ្មី​,​បរិស្ថាន​,​សន្តិសុខ​ស្បៀង​,​ការផ្លាស់ប្តូរ​អាកាសធាតុ និង​ជួយ​ជំរុញ​ការផ្សព្វផ្សាយ ផលិតផល​កសិកម្ម​ក្នុងស្រុក ទៅកាន់​ទីផ្សារ​ផងដែរ​។ កង្វះ​ព័ត៌មាន ផ្នែក​ចំណេះដឹង​បច្ចេកទេស និង​ទីផ្សារ ជា​បញ្ហា​ដែល​កសិករ​កម្ពុជា កំពុង​ជួបប្រទះ​។ ប៉ុន្តែ​គួរ​ឲ្យ​កត់សម្គាល់ នៅក្នុង​ប្រទេស​កម្ពុជា ភាគច្រើន​អ្នកកាសែត​រាយការណ៍​ព័ត៌មាន​ទាក់ទង​ទៅនឹង​វិស័យ​កសិករ​ម្ម នៅពេលដែល​ប្រជាកសិករ​រ​ជួបប្រទះ​បញ្ហា​ប៉ុណ្ណោះ​។​

 
​អ្នកសារព័ត៌មាន គួរ​មានចំណេះដឹង​ផ្នែក​កសិកម្ម​ឲ្យ​ទូលាយ ជាពិសេស​ត្រូវមាន​ទំ​ទាក់​ទំនង​ល្អ​ជាមួយ​កសិករ និង​អ្នកជំនាញ ក្នុង​ការផលិត​ព័ត៌មាន​ដែល​កសិករ​ចង់បាន និង​បញ្ហា​ដែល​ពួកគេ​កំពុង​ជួបប្រទះ ដើម្បី​ជំរុញ​ការផលិត និង​ទីផ្សារ​ផលិតផល​កាន់តែ​ល្អប្រសើរ​។ នេះ​ជាកា​លើកឡើង​របស់ លោក Harry Surjadi អ្នកសារព័ត៌មាន​ជំនាញ​វិទ្យាសាស្ត្រ ប្រទេស​ឥណ្ឌូណេស៊ី​។​


 
​លោក Harry Surjadi បាន​និយាយថា​៖«​ទី​១ សម្រាប់​អ្នកកាសែត​ដែល​ចង់​រាយការណ៍​លើ​វិស័យ​កសិកម្ម ត្រូវ​ពង្រឹង​ចំណេះដឹង​ផ្នែក​វិស័យ​កសិករ​ម្ម​ឲ្យ​បាន​ច្រើន​។ ទី​២ កសិករ​តែងតែមាន​ភា​ព​ភ័យខ្លាច​ជាមួយ​អ្នកកាសែត ពេលដែល​អ្នក​សួរ​គេ​ពី​បញ្ហា​អ្វីមួយ​គេ​ឆ្លើយ​មិនបាន​ក្បោះក្បាយ​។ ទាំងនេះ​ជា​បញ្ហា​របស់​អ្នកកាសែត​ដែល​ធ្វើការ​លើ​វិស័យ​កសិកម្ម​។ មធ្យោបាយ​ល្អ អ្នកកាសែត​ត្រូវ​ចំណាយពេល នៅ​ជាមួយ​កសិករ​មួយថ្ងៃ ឬ​ពីរ​ថ្ងៃ ដើម្បី​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​កសិករ និង​ចុងក្រោយ អ្នកកាសែត​ក៏ត្រូវ​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកជំនាញ​កសិកម្ម ដើម្បី​យល់ច្បាស់​ពី​ពាក្យ​បច្ចេកទេស​នានា ដែល​ទាក់ទង​នឹង​វិស័យ​កសិកម្ម​»​។ 
 
​លោក ម៉ី វា​តា លេខាធិការ​ថ្នាក់ជាតិ​នៃ​គម្រោង​អា​លី​ហ្សែ​បាន​កត់សម្គាល់ថា ស្ថាប័ន​ព័ត៌មាន មិនទាន់បាន​ផលិត​ព័ត៌មាន​ដែល​ទាក់ទង​នឹង​វិស័យ​កសិកម្ម​ថ្មីៗ ដែល​ត្រូវ​នឹង​បរិបទ​ដែល​កសិករ​ចង់បាន​ទៅ​ឡើយ ហើយ​អ្នកសារព័ត៌មាន និង​កសិករ ក៏​មិនទាន់មាន​ភាពជិតស្និទ្ធ​នឹង​គ្នា​ដែរ​។​


 
​ដ្បិតតែ​ទទួលស្គាល់ថា អ្នកសារព័ត៌មាន​ដើរតួ​សំខាន់​ក្នុង​ជំរុញ​វិស័យ​កសិកម្ម ប៉ុន្តែ លោក ម៉ី វា​តា ក៏បាន​ក្រើន​រំឭកថា កសិករ​ខ្លួនឯង ក៏​មិនអាច​រង់ចាំតែ​ព័ត៌មាន​ពី​អ្នកកាសែត​ដែរ គឺ​ត្រូវ​ស្វែងរក​ព័ត៌មាន និង​ចំណេះដឹង​ផ្នែក​កសិកម្ម ដើម្បី​ធ្វើ​ពិពិធ​កម្ម​កសិកម្ម​របស់ខ្លួន​។ លោក លោក ម៉ី វា​តា បញ្ជាក់​ដូច្នេះ​៖«​ពីមុន​កសិករ​រ​ធ្វើស្រែ ផ្អែក​តាម​របប​ទឹកភ្លៀង តែ​ឥឡូវ​អាកាសធាតុ​មានការ​ប្រែប្រួល ភ្លៀង​លែង​ទៀងទាត់ កសិករ​ត្រូវមាន​ចំណេះដឹង​ក្នុងការ​សម្រប​ខ្លួន​ទៅតាម​ការប្រែប្រួល​ហ្នឹង​»​។ 
 
​សម្រាប់​លោក ប៉ែន សូ​នី ដែល​នាយក​ប្រតិបត្តិ​សហព័ន្ធ​ជំរុញ​សហគ្រាស​កសិកម្ម​លក្ខណៈ​គ្រួសារ​នៅ​កម្ពុជា​(​ស​.​ស​.​ប​) នៅ​ទទួលស្គាល់​ពី​តម្លៃ​របស់​អ្នកកាសែត​នៅក្នុង​ការលើកកម្ពស់​ផលិតផល​ក្នុងស្រុក​ដែរ​។ លោក​មើលឃើញថា កង្វះ​ព័ត៌មាន​ទីផ្សារ​សម្រាប់​ក​សិ​ករ ជាដើម​ចម​ដែល​ធ្វើ​ឲ្យ​កសិករ​ខាតបង់ ព្រោះតែ​ការ​ផលិតផល​កសិកម្ម​លើស​តម្រូវការ និង​មិនត្រូវ​តាម​ទីផ្សារ​។ ដូច្នេះ អ្នកសារព័ត៌មាន​មាន​តួនាទី​សំខាន់​ណាស់ ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ តាម     រយៈ​ការផលិត​ព័ត៌មាន​ផ្សេងៗ ដែល​ទាក់ទង​ទៅនឹង​វិស័យ​កសិកម្ម​។ 


 
​លោក Florent Signifredi ប្រធាន​គម្រោង​នៃ​បណ្ដាញសារព័ត៌មាន CFI លើកឡើងថា អ្នកសារព័ត៌មាន មិន​ត្រឹមតែ​ជា​តួអង្គ​សំខាន់ ក្នុងការ​ផ្តល់ព័ត៌មាន​ដែលជា​បញ្ហា​ទីផ្សារ​ក្នុង​វិស័យ​កសិកម្ម​ទៅដល់​កសិករ​នោះទេ ប៉ុន្តែ​ការរាយការណ៍​ព័ត៌មាន​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ​ក៏​ជា​រឿង​សំខាន់​ដែរ​។  ដូច្នេះហើយ​បានជា គម្រោង​នៃ​បណ្ដាញសារព័ត៌មាន CFI បាន និង​កំពុង​អនុវត្ត​គម្រោង​ជាមួយ​អ្នកសារព័ត៌មាន អង្គការ​សង្គម​ស៊ីវិល និង​កសិករ ដើម្បី​ធ្វើការ​រួមគ្នា ក្នុងការ​ផ្តល់ព័ត៌មាន​គ្រប់​ទម្រង់ និង​មាន​ប្រយោជន៍​ដល់​កសិករ​។ លោក Florent Signifredi សង្ឃឹមថា​ក្រោយ​ចប់​គម្រោង​នេះ ប្រជាពលរដ្ឋ​នឹង​ទទួលបាន​ចំណេះដឹង​ទូលំទូលាយ​ពី​កសិករ​ម្ម​,​ការប្រែប្រួល​អាកាសធាតុ និង​ទីផ្សារ សម្រាប់​ផលិតផល​កសិកម្ម​រប​ស់​ខ្លួន​៕


Tag:
 កសិកម្ម​
  កសិករ​
  សារព័ត៌មាន​
  កាសែត​
  ប្រព័ន្ធ​ផ្សព្វផ្សាយ​
  CFI
© រក្សាសិទ្ធិដោយ thmeythmey.com