ជាតិ
២៥ខេត្ត/រាជធានី
លទ្ធផល​ពិសោធន៍​៖ ដំឡូងបារាំង​អាច​ដាំ​បាន​នៅ​កម្ពុជា និង​ហុច​ផល​ប្រមាណ​២០​តោន​ក្នុង​១​ហិកតា​
28, Jan 2019 , 7:59 am        
រូបភាព
 រូបភាពពីហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
រូបភាពពីហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
​ភ្នំពេញ​៖«​ដំឡូងបារាំង ពិតជា​អាច​ដាំ​បាន​នៅ​ខេត្តមណ្ឌលគិរី​»​។ លោក ជាង ហុង ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​កសិកម្ម នៃ​សាកលវិទ្យាល័យ​កសិកម្ម​ចំការ​ដូង អះអាង​ដូច្នេះ ក្នុងពេល​ដឹកនាំ​និស្សិត​មហាវិទ្យាល័យ​កសិកម្ម​ចំការ​ដូង ទៅ​មើល​ការប្រមូល​ផល​ដំឡូងបារាំង​នេះ កាលពី​ថ្ងៃទី​២០ ខែមករា និង​ត្រូវបាន ចុះផ្សាយ​ក្នុង​ហ្វេ​ស​ប៊ុ​កម​ន្ទីរ​ព័ត៌មាន​ខេត្តមណ្ឌលគិរី​។


 
​តាម​លោក ជាង ហុង ឆ្នាំនេះ​ជាការ​ពិសោធន៍​លើក​ទី​៣ លើ​ការដាំដុះ​ដំឡូងបារាំង​នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។ ទោះជា​ទទួល​ទិន្នផល​គួរសម  តែ​វា​មិនអាច​ប្រៀប​នឹង​បណ្តា​ប្រទេស​មួយចំនួន ជាពិសេស ប្រទេស​អ៊ឺរ៉ុប​បានទេ​។ នេះ​បើតាម លោក ជាង ហុង ដែល​បន្ត​បញ្ជាក់ថា ដំឡូងបារាំង​ដែល​ដាំ​ដុះ​នៅ​កម្ពុជា អាច​ផ្តល់​ទិន្នផល​ពី ១៧​តោន ទៅ​២០​តោន ក្នុង​១​ហិកតា  ហើយ​អាច​លក់បាន​ថ្លៃ ៤​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម​។​


 
​នៅក្នុង​ដំណើរ​នោះដែរ លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់ថា លទ្ធផល​ការដាំដុះ​ដំឡូងបារាំង​លើក​ទី​៣​នេះ​មាន​ភាពល្អប្រសើរ ហើយ​អាច​កំណត់​បាន​ពូជ​ដែល​ត្រូវ​ដាំ និង​សមស្រប​តាម​អាកាសធាតុ​ទៀតផង​។ លោក សុង ឃាង សង្ឃឹមថា ឆ្នាំក្រោយ ការដាំ​ដំឡូងបារាំង នឹង​សាយភាយ​ដល់​កសិករ ខណៈដែល​តម្លៃ​របស់​វា​ក៏​ថ្លៃ​គួរសម​ដែរនោះ​។ ទន្ទឹមនឹងនេះ លោក សុង ឃាង នឹង​ផ្សព្វផ្សាយ​ពី​បច្ចេកទេស​ដុះ ការជ្រើសរើស​ពូជ ដល់​កសិករ​ផងដែរ​៕




 
 

Tag:
 មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com