ជាតិ
សេដ្ឋកិច្ច
​អ្នក​កំពត​អាច​ផលិត​អំបិល​បាន​ច្រើនជាង​ឆ្នាំមុន ដោយសារ​ភ្លៀង​ធ្លាក់​តិច​
27, Jan 2019 , 4:59 pm        
រូបភាព

 
​ភ្នំពេញ​៖ ការផលិត​អំបិល​របស់​ខេត្តកំពត នឹង​ផ្គត់ផ្គង់​គ្រប់គ្រាន់​តាម​តម្រូវការ​ប្រជាពលរដ្ឋ ទូទាំងប្រទេស បាន​ឡើងវិញ ក្នុង​ឆ្នាំ​២០១៩​។ នេះ​ជា​ក្តីសង្ឃឹម​របស់ សម្តេច ហ៊ុន សែន ថ្លែង​ចំពោះមុខ​កម្មករ​រោងចក្រ ជាង​១១​ពាន់​នាក់ ក្នុង​ខេត្តកំពត​។ ក្តីសង្ឃឹម​នេះ បាន​ដោយសារ ការ​ព្យាករ​អាកាសធាតុ​បាន​បង្ហាញថា ក្នុង​ឆ្នាំ​២០១៩ កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​តិចជាង​ឆ្នាំ​២០១៨​។

 
​សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍​ដូច្នេះ​៖« ឆ្នាំ​២០១៨ ការ​ផលិតផល​អំបិល មានការ​លំបាក ដោយសារ​ការប្រែប្រួល​អាកាសធាតុ ធ្វើ​ឲ្យ​មាន​ភ្លៀង​ធា្ល​ក់​ច្រើន​។ ដោយឡែក​ឆ្នាំ​២០១៩​នេះ ប្រហែលជា​អំបិល​របស់​យើង អាច​នឹង​មិនមាន​បញ្ហា​ទេ ដោយសារ​ការធ្លាក់​ភ្លៀង​យឹត​។ បើ​ត្រូវ​ភ្លៀង​យឹត តាម​ការ​ព្យាករ​អាកាសធាតុ​មែន នោះ​ការផលិត​អំបិល​របស់​យើង ដើម្បី​ផ្គត់ផ្គង់​ទូទាំងប្រទេស​នេះ គឺ​មិនមាន​បញ្ហា​ទេ​»​។​
 
​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ខាងលើ កាលពី​ថ្ងៃទី​២៥ មករា សម្ដេច​បាន​បញ្ជាក់ថា កំពត គឺជា​ខេត្ត​តែមួយគត់ នៅ​កម្ពុជា​ដែល​ផលិត​អំបិល​។​
 
​សូម​រម្លឹក​ផងដែរ កាល​ឆ្នាំ​២០១៨ កម្ពុជា​ខ្វះ​អំបិល​ចំនួន​៣​ម៉ឺន​តោន ដើម្បី​ផ្គត់ផ្គង់ ខណៈដែល​តម្រូវការ​អំបិល ក្នុងស្រុក​មាន​ចំនួន​១០​ម៉ឺន​តោន ក្នុង​មួយឆ្នាំៗ​។ 
 
​ដោយឡែក កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨​ដដែល សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-​កែប បាន​នាំចូល​អំបិល​ប្រមាណ​១​ម៉ឺន​តោន​ពី​ចិន ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក និង​គ្រោង​នាំចូល​បន្តបន្ទាប់​ទៀត ដើម្បី​ឲ្យ​គ្រប់​ចំនួន​នៃ​ការខ្វះខាត​។ 
 
​បច្ចុប្បន្ន​ស្រែ​ផលិត​អំបិល​នៅ​កំពត​-​កែប មាន​ផ្ទៃដី​ជាង​៤៦០០​ហិកតា​៕
 
 
 
 
 

Tag:
 ជាតិ​
  សេដ្ឋកិច្ច​
  អំបិល​
  កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com