ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បង្កើត​ក្រុមការងារ​ទាក់ទង​នឹង​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​
27, Jan 2019 , 4:35 pm        
រូបភាព
រូប​លោក​  អូន ព័ន្ធ​មុនី​រ័ត្ន ប្រធាន​​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​ជាតិ
រូប​លោក​ អូន ព័ន្ធ​មុនី​រ័ត្ន ប្រធាន​​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋ​កិច្ច​ជាតិ
ដោយ:
​ភ្នំពេញ​៖ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បានផ្តល់​តួនាទី​ឲ្យ​លោក វ​ង្សី វិស្សុត ជា​ប្រធាន​ក្រុមការងារ​រៀបចំ​សេចក្តីព្រាង​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា និង​លោក រស់ សីល​វ៉ា លោក គង់ ម៉ា​រី និង​លោក អ៊ុង លុយ​ណា ជា​អនុប្រធាន និង​មាន​សមាជិក​ចំនួន​២០​រូប​ទៀត​ផងដែរ​។

 
​តាម​សេចក្តីសម្រេច​របស់លោក អូន ព័ន្ធមុនីរ័ត្ន ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ សមាសភាព​ទាំង​២៣​រូបនេះ នឹងមាន​ភារកិច្ច តាមដាន សិក្សា​អំពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា និង​ពិភពលោក និង​ការ​គម្រាមកំហែង​នៃ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​។ 


 
 លោក អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់ថា ក្រុមការងារ​រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា ត្រូវមាន​ភារកិច្ច​ដូចជា រៀបចំសេចក្តី​ព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា ដើម្បី​ដាក់ជូន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​ពិនិត្យ​សម្រេច មុនពេល​ដាក់ជូន​សុំ​ការអនុម័ត​ពី​រាជរដ្ឋាភិបាល​, តាមដាន សិក្សា និង​វាយតម្លៃ​និន្នាការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល​នៅក្នុង​តំបន់ និង​ពិភពលោក​, វាយតម្លៃ​ចំណុចខ្លាំង និង​ចំណុចខ្សោយ ឱកាស និង​ការ​គម្រាមកំហែង​នៃ​សេដ្ឋកិច្ច​ឌីជីថល​,​ធ្វើការ​វិភាគ​ពី​តម្រូវការ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និង​គាំទ្រ​ផ្នែក​គោលនយោបាយ​, រៀបចំ​កិច្ចប្រជុំ សិក្ខាសាលា និង​ទស្សនកិច្ច​សិក្សា​ដើម្បី​ប្រមូល​ធាតុ​ចូល និង​ពិគ្រោះ​យោបល់​តាម​ការចាំបាច់​។ 
 
​សមាសភាព​ទាំង​២៣​រូបនេះ  ត្រូវ​ចូលរួម​អនុវត្ត​ការងារ និង​ចូល​រូ​ម​កិច្ចប្រជុំ​នានា ដែល​ពាក់ព័ន្ធ​នឹង​កិច្ចការ​នេះ តាម​ការណែនាំ​របស់​ប្រធាន​ក្រុម​។ ក្នុង​សេចក្តី​របស់លោក​ក៏បាន​បញ្ជាក់ដែរថា ក្រុមការងារ​ទាំង​២៣​រូបនេះ អាចមាន​សិទ្ធិ​អញ្ជើញ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​មកពី​ក្រសួង ស្ថាប័ន និង​ដៃគូ​អភិវឌ្ឍ​នានា​ធ្វើការ​ពិគ្រោះ​យោបល់​ផងដែរ​៕ 


 

© រក្សាសិទ្ធិដោយ thmeythmey.com