អតីតកីឡាករអាជីពរបស់អូស្ត្រាលី Frank Zgoznik បានបញ្ជាក់ថា ដើម្បីក្លាយជាកីឡាករជិះកង់ដ៏ពូកែមួយរូប កីឡាករមិនគួរហ្វឹកហាត់តែជាមួយកង់នោះទេ។ ក្នុងន័យនេះ លោក ជំរុញឲ្យកីឡាករត្រូវហ្វឹកហាត់លើផ្នែកកាយសម្បទា និងផ្នែកផ្សេងៗទៀត ដែលជួយជំរុញដល់ការអភិវឌ្ឍសមត្ថភាព។ ការលើកឡើងរបស់ Frank ពេលលោកធ្វើជាគ្រូឧទ្ទេសវគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាល និងអត្តពលិកវ័យក្មេងរបស់សហព័ន្ធកីឡាទោចក្រយាន។
លោក Frank Zgoznik អតីតកីឡាករប្រណាំងកង់អាជីពរបស់អូស្ត្រាលីបានអះអាងថា ការហ្វឹកហាត់ជាមួយកង់តែមួយមុខ វាមិនគ្រប់គ្រាន់នោះទេក្នុងការក្លាយជាអត្តពលិកមានសមត្ថភាពខ្លាំង ដើម្បីដណ្តើមបានមេដាយលើឆាកអន្តរជាតិ។ ដូច្នេះទាមទារឲ្យកីឡាករហ្វឹកហាត់ជាមួយឧបករណ៍ និងផ្នែកផ្សេងៗ ពិសេសលេងកីឡាឲ្យបានច្រើនប្រភេទ។
«ខ្ញុំចង់ឲ្យពួកគាត់ផ្លាស់ប្តូរគំនិត បើចង់ក្លាយជាកីឡាករខ្លាំងមួយរូប កុំជិះតែកង់ គឺត្រូវលេងកីឡាផ្សេងៗទៀត ដើម្បីពង្រឹងសាច់ដុំនិងផ្នែកផ្សេងៗឲ្យកាន់តែរឹងមាំ។ ពួកគេគួរទៅហ្វឹកហាត់សាច់ដុំ និងពត់ពង្រឹងខ្លួននៅក្លិបហាត់ប្រាណ ពិសេសលេងកីឡាមួយចំនួនដែលជួយបង្កើនសមត្ថភាពដូចជារត់ប្រណាំង បាល់ទះ និងបាល់ទាត់ជាដើម»។ នេះជាការបញ្ជាក់របស់លោក Frank Zgoznik។
គ្រូបង្វឹកកីឡាករជម្រើសជាតិស្ម័គ្រចិត្តរបស់សហព័ន្ធខ្មែរកីឡាទោចក្រយានរូបនេះបន្ថែមថា ពេលវេលាសម្រាក និងរបបអាហារមុននិងក្រោយការហ្វឹកហាត់ ក៏កត្តារួមចំណែកជួយអភិវឌ្ឍន៍សមត្ថភាពកីឡាករឲ្យមានការរីកចម្រើនផងដែរ។ លោកជឿជាក់ថា បើសិនកីឡាករខ្វះការយល់ដឹងពីបញ្ហានេះ សមត្ថភាពរបស់ពួកគេនឹងថេរត្រឹមកម្រិតណាមួយ មិនអាចរីកចម្រើនបន្តទៀតឡើយ។
«ការហាត់កង់ត្រូវប្រើថាមពលខ្លាំង ហើយវាបានដាក់សម្ពាធធ្វើឲ្យរាងកាយហត់ខ្លាំង។ ដូច្នេះពួកគាត់ត្រូវរៀនធ្វើយ៉ាងម៉េចហូបចុកឲ្យបានគ្រប់គ្រាន់ ឲ្យត្រឹមត្រូវ មានជីវជាតិល្អ ដើម្បីឲ្យរាងកាយជាសះស្បើយ ក៏ដូចជារឹងមាំបន្ទាប់ពីហាត់ហើយ សម្រាប់បន្តហាត់នៅថ្ងៃស្អែកទៀត។ ហើយពួកគេត្រូវសម្រាកឲ្យគ្រប់គ្រាន់ ព្រោះអំឡុងពេលសម្រាកវាជាពេលរាងកាយត្រូវលូតលាស់»។ នេះជាការបន្ថែមរបស់លោក Frank។
គ្រូបង្វឹកអូស្ត្រាលីរូបនេះសង្កត់ធ្ងន់ថា កីឡាករកីឡាការិនីត្រូវបង្កើនការហ្វឹកហាត់ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែប្រសើរក្នុងករណីដឹងថា សមត្ថភាពខ្លួនហាក់នៅទ្រឹង។ បើតាមលោក Frank កីឡាករអាជីព ឬក្រុមជម្រើសជាតិត្រូវដាក់គោលដៅជិះឲ្យបានពី២ទៅ៣ម៉ឺនគីឡូម៉ែត្រក្នុងមួយឆ្នាំ ខណៈយុវជនថ្នាលពី១ទៅ១៥,០០០គីឡូម៉ែត្រក្នុងឆ្នាំ។ ហើយកីឡាករគួរហ្វឹកហាត់រៀងរាល់ថ្ងៃ ឬ៦ថ្ងៃក្នុងមួយសប្តាហ៍។
គ្រូបង្វឹកកម្រិត UCI Level 1 មកពីអូស្ត្រាលីរូបនេះជឿជាក់ថា ប្រសិនបើកីឡាករកម្ពុជាអាចអនុវត្តតាមអ្វីដែលលោកបានលើកឡើង ពួកគេនឹងអាចដណ្តើមបានមេដាយពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
បទពិសោធ និងបច្ចេកទេសទាំងអស់ខាងលើ លោក Frank ដែលជាគ្រូឧទ្ទេសផងនោះនឹងយកទៅបង្ហាត់បង្រៀនគ្រូបង្វឹកនិងកីឡាករថ្នាលក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកថ្នាល និងអត្តពលិកវ័យក្មេងរបស់សហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលរៀបចំនៅទីស្នាក់ការ NOCC ចន្លោះពីថ្ងៃទី២៦-២៨ ខែមករា ឆ្នាំ២០១៩។
«យើងនឹងប្រាប់ពួកគាត់ពីរបៀបរបបហូកចុកទាំងមុន ក្រោយ និងពេលជិះកង់ ដើម្បីឲ្យរាងកាយគាត់ មានកម្លាំងវិលមករកភាពដើមវិញក្រោយប្រើវាអស់។ យើងក៏ប្រាប់ពួកគាត់ពីក្បួនហាត់ ក្បួនប្រណាំង ព្រមទាំងបច្ចេកទេសជាច្រើនទៀត ដើម្បីជួយឲ្យពួកគាត់ អាចអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាអត្តពលិកមានសមត្ថភាពល្អ និងជាអ្នកបណ្តុះបណ្តាលម្នាក់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ហាត់ដល់គេ»។ លោក Frank រៀបរាប់បែបនេះប្រាប់សារព័ត៌មាន Thmey Thmey ពេលសម្រាកពីការហ្វឹកហាត់។
លោកឧកញ៉ា វង្ស ខាន់ពៅ អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់គ្រូបង្វឹកនិងអត្តពលិកវ័យក្មេងក្នុងការទទួលបានបទពិសោធល្អៗ ដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែប្រសើរ។ លោកសង្កត់ធ្ងន់ថា គ្មានការហ្វឹកហាត់ណាអាចរីកចម្រើនដោយគ្មានការណែនាំពីអ្នកជំនាញនោះទេ។
លោកបានរៀបរាប់ដូច្នេះថា៖«វគ្គបណ្តុះបណ្តាលនេះមានសារៈប្រយោជន៍ណាស់ ក្នុងការបង្ហាត់ឲ្យអត្តពលិកវ័យក្មេងរបស់យើង ដឹងពីបច្ចេកទេសនិងតិចនិចអភិវឌ្ឍខ្លួនឲ្យក្លាយជាកីឡាករអាជីព សម្រាប់ត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ព្រោះការហាត់ជិះកង់ខ្លួនឯង ដោយគ្មានការណែនាំ និងបង្ហាត់បង្ហាញពីគ្រូជំនាញ គឺមិនអាចឲ្យពួកគេក្លាយទៅជាអត្តពលិកមានសមត្ថភាពខ្លាំងនោះទេ»។
វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមចំនួន៣៨នាក់(ស្រី៣នាក់)ដោយបណ្តុះបណ្តាលទាំងលើទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅលើទីលាន ក្នុងនោះកងគួកត្រូវធ្វើតេស្តលើកង់ប្រើម៉ាស៊ីននៅ NOCC ខណៈកង់ភ្នំធ្វើតេស្តនៅទីលានព្រែកលៀប។ វគ្គនេះរៀបចំឡើងជារៀងរាល់ឆ្នាំ ក្រោមកញ្ចប់ថវិការបស់ក្រសួងអប់រំយុវជននិងកីឡា។
ជាមួយគ្នានេះ លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា បានប្រាប់ឲ្យសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេស ពិសសេត្រូវគោរពវិន័យឲ្យបានល្អ ដើម្បីក្លាយជាអត្តពលិកមានទាំងសមត្ថភាព និងវិន័យ ក្រមសីលធម៌ ដើម្បីចូលរួមការប្រកួតស៊ីហ្គេមឆ្នាំ២០២៣៕